ទាស់សម្ដី​ក្នុង​វង់​ផឹកស៊ី​៖ អ្នកខ្លាំង​រត់ចោលស្រុក អ្នកខ្សោយ​របួស​ក្បែរ​ស្លាប់​

1274
ចែករម្លែក

​ដោយ​: ចាន់ថន / ព្រៃវែង​: យុវជន​ម្នាក់ ត្រូវ​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយគ្នា កាប់​១​កាំបិតប៉័ងតោ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​កំពុង​ជួយសង្គ្រោះ ព្រោះ​ទំនាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹកស៊ី​។ អំពើហិង្សា​នេះ បានកើត​ឡើង នៅ​ចំណុច​ភូមិ​ព្រែក​តាសរ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់ ថ្ងៃទី​២៨​កញ្ញា​ឆ្នាំ​២០១៨​។

​ជនរងគ្រោះ​ឈ្មោះ ទ្រី ប៊ី​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ចំណែក​ជនបង្ក​ឈ្មោះ ជ័រ សា​រ៉​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនបង្ក​រួមជាមួយ​មិត្តភក្តិ​២​ទៅ​៣​នាក់​ផ្សេងទៀត បាន​បបួលគ្នា​ផឹកស៊ី​ជុំគ្នា​នៅផ្ទះ​ជនបង្ក ដូច​សព្វដង​។ លុះដល់​ម៉ោង​កើតហេតុ ផឹក​យូរៗ​ស្រវឹង​គ្រប់គ្នា ម្នាក់ៗ ក៏​លែង​ក្លែម​ម្ហូប​។ ហើយ​នាំគ្នា​ក្លែមសំដី​ទៅវិញទៅមក ដោយ​អួត​ចុះ​អួត​ឡើង រហូត​ជនរងគ្រោះ​និង​ជនបង្ក​បាន​ទាស់សំដី ក៏​កើត​ទៅជា​ជម្លោះ​កញ្ជ្រោល​វាយតប់​គ្នា តែ​ត្រូវបាន​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយ​ឃាត់​បំបែកចេញ​ពីគ្នា​។ ភ្លាមៗ​នោះ ជនបង្ក​ជា​ម្ចាស់ផ្ទះ​ក៏​ស្ទុះ​ទៅ​ទាញ​បាន​កាំបិតប៉័ងតោ យកមក​កាប់​ជនរងគ្រោះ​ត្រូវចំ​ក្បាល ត្រង់ចំណុច​លើ​គុម្ពត្រចៀក​ខាងឆ្វេង​មុត​ជ្រៅ បណ្តាល​ឲ្យ​រយះ​ហូរឈាម​ជោក​ខ្លួន ទើប​មានការ​ផ្អើលឆោឡោរ​ឡើង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់ នៅសល់តែ​ជនរងគ្រោះ​។ ​ទើប​សមត្ថកិច្ច​ឲ្យ​ក្រុមគ្រួសារ​នាំយក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង និង​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ