​អំពាវនាវ​ឱ្យ​កសិករ​រូតរះ​សាបព្រោះ​ជាថ្មី​លើ​ផ្ទៃដី​ណា​ដែល​ទឹកជំនន់​បាន​ស្រក​ផុត​

957
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​រូតរះ​សាបព្រោះ​សាជាថ្មី​ឡើងវិញ​លើ​ផ្ទៃដី​ណា​ដែល​ទឹកជំនន់​ទន្លេមេគង្គ​បាន​ស្រក​ផុត​ភ្លឺស្រែ​នោះ​។​ដោយ​ប្រើប្រាស់​ប្រភេទ​ពូជស្រូវ​ស្រាល​«​អ៊ី​អែរ​៦៦»​ដែល​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានផ្តល់​ជូន​គឺ​ដើម្បី​អាច​នឹង​ស្តារ​នូវ ទិន្នផល​បាន​នា​ចុងរដូវ​វស្សា​ឆ្នាំនេះ​ឡើងវិញ​។​

​ថ្លែង​ក្នុង​ការជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ជាង​៣០០​នាក់​ដែល​បានមក​ទទួលយក​អំណោយ​ជា​ស្រូវពូជ ក្នុង​សាលារៀន​មួយកន្លែង​នៅក្នុង​ស្រុក​ជើងព្រៃ​កាលពី​សប្តាហ៍​កន្លងទៅ​។​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​ព័ត៌មាន​ច្បាស់លាស់​ហើយ​គឺ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​៤​នឹងមិន​មាន​ហក់​ឡើង​សាជាថ្មី​ទៀត​ទេ សម្រាប់​ឆ្នាំ ២០១៨​នេះ​។​

​លោក​គួច​ចំរើន​បាន​មានប្រសាសន៍​អះអាងថា​ផ្អែក​តាម​ការព្យាករណ៍​នេះហើយ​ទើប​យើង​និង​អ្នកតំណាងរាស្ត្រ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​នាំយក ប្រភេទ​ពូជស្រូវ​ស្រាល​ឈ្មោះ « អ៊ី​អែរ ៦៦» មក​ចែកជូន​បងប្អូន​ដើម្បី​ធ្វើការ​ស្តារ​នូវ​ស្រូវ​រដូវវស្សា​ដែល​រងគ្រោះ​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមកនេះ​។​

​លោក​អភិបាលខេត្ត​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​ពេលវេលា​នេះ​ចុងរដូវ​វស្សា​ហើយ​គឺ​សូម​បងប្អូន​កសិករ​ដែ​ល​បញ្ហា​ប្រឈម​ការលិចលង់​ខូចខាត​ដំណាំ​ស្រូវ​ពី​ទឹកជំនន់​ទន្លេមេគង្គ​ទាំងអស់​មេត្តា​ប្រញាប់​រូតរះ​ដំណើរការ​សាបព្រោះ​សាជាថ្មី​ឡើងវិញ​លើ​ផ្ទៃដី​ណា​ដែល​ទឹកទន្លេ​មួយ​នេះ​បាន​ស្រក​គោក​ផុត​ភ្លឺស្រែ​នោះ​។

​លោក​បាន​មានប្រសាសន៍​បន្តថា ពិសេស​កសិករ​ដែល​ទ​ទួលបាន​ពូជស្រូវ​ដែល​ចែកជូន​រួចហើយនោះ គឺ​សូម​យក​ពូជ​នេះ​ទៅប្រើ​ប្រាស់​ឲ្យ​បាន​ទាន់​រដូវ​កាល​។ ព្រោះ​នៅសល់​ពេល​ខ្លី​ណាស់ បើ​នៅ​រារែក​នោះ នឹង​ប្រឈម​បញ្ហា​ខ្វះ​ទឹកជា​ពុំខាន​។​បើ​ទាន់​ពេលនោះ​គឺ​យើង​នឹង​ទទួល​នូវ​ទិន្នផល​បាន​គាប់ប្រសើរ​ឡើងវិញ ហើយ​រង់ចាំ​ឆ្នាំក្រោយ​យើង​បង្កបង្កើនផល តាម​រដូវ​កាល​វិញ​។​

​លោក​គឹម​សាវឿន​បាន​ឲ្យ​ដឹងថា​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម​ឆ្នាំ​២០១៨​បាន​ហក់​ឡើងដល់​កម្ពស់ ១៥,៥៧ ម៉ែត្រ បណ្តាល​ឲ្យ​ប៉ះ​ដំណាំ​ស្រូវ​លើ​ផ្ទៃ​សរុប​ចំនួន ៧.៩១៤ ហិកតា ,​ខូចខាត​អស់​ចំនួន ៦.៤០៧​ហិកតា​និង​អាច​ស្តារឡើងវិញ​ចំនួន​៦.៣៩២​ហិកតា​ហើយ​បាន​ប៉ះពាល់​ដល់​គ្រួសារ​ប្រជា​ពល​ដ្ឋ​ចំនួន ១.៥៧៤ គ្រួសារ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ក្នុងនោះ​ចំនួន​ផ្ទៃដី​អាច​ស្តារឡើងវិញ​មាន​: ស្រុក​ស្រី​សន្ធរ​ចំនួន​៤.៦០៦ ហិកតា និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៤.៧០៦ គ្រួសារ​។ ស្រុក​បាធាយ​ចំនួន ៨៣៥ ហិកតា និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​១.៥៧៤​គ្រួសារ​។​ស្រុក​ស្ទឹងត្រង់​ចំនួន​៥៣៨​ហិកតា​និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៦៥៥ គ្រួសារ ។​ស្រុក​ជើងព្រៃ​ចំនួន ២២៤​ហិកតា​និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៣៣៦​គ្រួសារ​។

​ស្រុក​កំពង់សៀម​ចំនួន ៥៥​ហិកតា និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៨៤ ហិកតា​។​ស្រុក​កោះសូទិន​ចំនួន បី ហិកតា និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ប្រាំ គ្រួសារ​។​ស្រុក​ព្រៃឈរ​ចំនួន ១១២ ហិកតា និង​ប៉ះ​ប្រជាពលរដ្ឋ​ចំនួន​៦៣៤​គ្រួសារ​និង​ស្រុក​ចម្ការលើ​ចំនួន​២១,៦០​ហិកតា​និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៥០ គ្រួសារ​៕S/

១.​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​អំពាវនាវ​ឲ្យ​កសិករ​រូតរះ​សាបព្រោះ​សាជាថ្មី ឡើងវិញ លើ​ផ្ទៃដី​ណា​ដែល​ទឹកជំនន់​បាន​ស្រក​ផុត​។ ២.​ប្រជាកសិករ​អបអរសាទរ ចំពោះ​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម