នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ​និយាយ​លេងសើច​ថា អាយុ​ចូលនិវត្តន៍​ឥឡូវ​គឺ ៩៥ ឆ្នាំ​

1106
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​និយាយ​លេងសើច​ថា អាយុ​ចូលនិវត្តន៍​ថ្មី​គឺ ៩៥ ឆ្នាំ ដែលនាំឱ្យ​ផ្ទុះសំណើច​ចេញពី​ចំណោម​ភ្ញៀវ​នៅ​ពិធី​ជួបជុំគ្នា​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី​រស់នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ ទី​៣០ កញ្ញា​។​

​រដ្ឋបុរស​ដែល​បាន​វិលត្រឡប់​មកកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែឧសភា​នៅ​អាយុ ៩៣ ឆ្នាំ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថានឹង​រស់​រហូត​ដល់​ថ្ងៃ​ចូលនិវត្តន៍​” ។ លោក​បណ្ឌិត​មហា​ធៀ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ជា​លើកដំបូង​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣​។​

​លោក​មហា​ធៀ​បាន​និយាយថា លោក​សង្ឃឹមថា​អាច​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​ញាំញី​ម៉ាឡេស៊ី ប៉ុន្តែ​លោក​បាន​បន្ថែមថា​លោក “​នឹងមិន​នៅ​ទីនោះ​បានយូរ​ទេ​”​។​

​នៅពេល​សួរថា​តើ​ការពន្យារពេល​ចូលនិវត្តន៍​របស់គាត់​មានការ​យល់ព្រម​ពី​ប្រពន្ធ​របស់គាត់​ឈ្មោះ ស៊ី​ទី ហា​ស្មា ម៉ូដ អា​លី ហើយ​ឬ​នៅ លោក​មហា​ធៀ​និយាយថា ប្រពន្ធ​គាត់​គ្មាន​ជម្រើស​ទេ​។​

​លោក​មហា​ធៀ​បាន​និយាយ​ទៅកាន់​ភ្ញៀវ​ដែល​កំពុង​ទះដៃ​អបអរ​ថា “​គាត់ (​ប្រពន្ធ​) ពិត​គាំទ្រ​ខ្លាំងណាស់​។ គាត់​ទៅគ្រប់​កន្លែង​ដែល​ខ្ញុំ​ទៅ​” ។​

​លោកស្រី​បណ្ឌិត ស៊ី​ទី ក៏មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ ដែល​ត្រូវបាន​ចូលរួម​ដោយ​ជនជាតិ​ម៉ាឡេស៊ី​ប្រហែល ៥០០ នាក់​។​

​លោក​បណ្ឌិត​មហា​ធៀ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​មេដឹកនាំ​ចាស់​ជាងគេ​ក្នុង​ពិភពលោក​បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​គណបក្ស​ចម្រុះ​ប៉ា​កាតា​ន់​ហា​រ៉ា​ប៉ាន (Pakatan Harapan) ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​ទូទៅ​កាលពី​ខែឧសភា​។​

​ដោយ​ដកស្រង់​ពាក្យស្លោក “​មេដឹកនាំ​ជា​គំរូ​” លោក​បណ្ឌិត​មហា​ធៀ​បាន​និយាយថា លោក​ត្រូវតែ​ធ្វើជា​គំរូ​គេ​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​។​

​គាត់​បាន​និយាយថា “​ជំងឺ​នឹង​សម្លាប់​អ្នក ការងារ​នឹងមិន​សម្លាប់​អ្នក​ទេ​។ អ្នក​មិន​ត្រឹមតែ​ត្រូវ​ហាត់ប្រាណ​សាច់ដុំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ហាត់ប្រាណ​ខួរក្បាល​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់

ទីតាំងផ្សាយពាណិជ្ជកម្ម