កាណាដា និង​អាមេរិក​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ម៉ិ​ក​ស៊ិ​ក​

1289
ចែករម្លែក

​កាណាដា​និង​សហរដ្ឋអាមេរិក​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ប្រទេស​កាណាដា​ដើម្បី​បន្ត​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋអាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​។​

​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក រ៉ូបឺត ឡៃ​ធី​ស័​រ និង​រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី គ្រី​ស្ទា ហ្វ្រី​លែ​ន បានប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​កញ្ញា​។​

​ពួកគេ​បាន​និយាយថា កិច្ចព្រមព្រៀង​សហរដ្ឋអាមេរិក​-​ម៉ិ​ក​ស៊ិ​ក​-​កាណាដា (USMCA) ដែល​ទើបតែ​ដាក់ឈ្មោះ​ថ្មី​នេះ នឹង​នាំឱ្យមាន​ទីផ្សារសេរី​ជាង​មុន និង​ពាណិជ្ជកម្ម​កាន់តែ​យុត្តិធម៌​ស្មើភាព​គ្នា​។​

​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នា​ក់បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press នៅមុន​ការប្រកាស​ជា​ផ្លូវការ​ថា កិច្ចព្រមព្រៀង​នេះ​បាន​រក្សាទុក​នីតិវិធី​ដោះស្រាយ​ជម្លោះ​របស់​កិច្ចព្រមព្រៀង​មុន​ហៅថា NAFTA ដែល​សហរដ្ឋអាមេរិក​ចង់​បោះបង់ចោល​។

​កិច្ចព្រមព្រៀង​នេះ​ក៏​លើកលែង​ពន្ធ​លើ​រថយន្ត ២,៦ លាន​គ្រឿង​ផងដែរ​។ ទាក់ទង​នឹង​ផលិតផល​ទឹកដោះគោ មន្ត្រី​រូបនោះ​បាន​និយាយថា កាណាដា​បាន​ផ្តល់ឱ្យ​សហរដ្ឋអាមេរិក​នូវ​សិទ្ធិ​នាំចូល​ដូចគ្នា ដែល​ខ្លួន​បានផ្តល់​ឱ្យនៅ​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ច្រានចោល​។​

​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ បាន​និយាយ​នៅពេល​គាត់​ចាក​ចេញពី​ការិយាល័យ​របស់គាត់​ថា “​វា​ជា​ថ្ងៃ​ល្អ​សម្រាប់​កាណាដា​”​។ លោក​ទ្រូ​ដូ​បាន​និយាយថា​លោក​នឹងមាន​ពាក្យ​ច្រើន​ទៀត​ត្រូវ​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១​តុលា​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ិ​ក​ស៊ិ​កលោក ល្វី​ស វី​ដេ​ហ្គា​រ៉ា​យ បាន​បង្ហោះ​នៅលើ​បណ្តាញ Twitter ថា “​វា​គឺជា​រាត្រី​ដ៏​ល្អ​សម្រាប់​ម៉ិ​ក​ស៊ិ​ក​និង​សម្រាប់​ទ្វីបអាមេរិក​ខាងជើង​”​។​

​សេចក្តីថ្លែងការណ៍​រួម​បាន​និយាយថា “USMCA នឹង​ផ្តល់​ឱ្យដល់​កម្មករនិយោជិត កសិករ អ្នក​ចិញ្ចឹមសត្វ​និង​អាជីវកម្ម​របស់​យើង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ស្តង់ដារ​ខ្ពស់ ដែល​នឹង​នាំឱ្យមាន​ទីផ្សារសេរី​ជាង​មុន ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ត្រឹមត្រូវ​យុត្តិធម៌ និង​កំណើនសេដ្ឋកិច្ច​រឹងមាំ​នៅក្នុង​តំបន់​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ

ទីតាំងផ្សាយពាណិជ្ជកម្ម