​អាជ្ញាធរខេត្ត​កោះកុង​គ្រោង​ផ្អាក​ចរាចរណ៍​រថយន្ត​ធ្ងន់​ធំៗ​លើផ្លូវ​ជាតិ​លេខ​៤៨​ជា​បណ្តោះអាសន្ន​

2855
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​គ្រោង​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធំ​ធុន​ធ្ងន់​ដឹកទំនិញ​ទៅមក​លើផ្លូវ​ជាតិ​លេខ​៤៨ ដែល​កំពុង​រង​ផល​ខូចខាត​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រុមការងារ​ជំនាញ​ជួសជុល​កែលម្អ​ឱ្យបាន​រឹងមាំ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​២​ស្តីពី​ការរៀបចំ​បុណ្យ​សមុទ្រ​កាលពី​ថ្ងៃទី​៣០​កញ្ញា​លោកស្រី​មិថុនា​ភូ​ថង​អះអាងថា​លោកស្រី​នឹង​សរសេរ​លិខិត​ជា​ផ្លូវការ​មួយ​ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ​ទាំងអស់​ក្នុង​ខេត្តកោះកុង សុំ​ផ្អាក​សកម្មភាព​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤៨​ជា​បណ្តោះអាសន្ន​។​

​បើតាម​អភិបាលខេត្ត​កោះកុង​ហេតុដែល​អាជ្ញាធរ​ចាំបាច់​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​កំពុង​រង​ផល​ខូចខាត​។​ពិសេស​ទុកពេល​វេលា​ដល់​ក្រុមការងារ​ជំនាញ​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ជួសជុល​ផ្លូវ​ឱ្យបាន​រឹងមាំ​ស្អាត​ល្អ​សម្រួល​ដល់​ការធ្វើដំណើរ​ខណៈ​ពិធីបុណ្យ​សមុទ្រ​ខិតជិត​មកដល់​។​

​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅមក​អាកាសធាតុ​នៅក្នុង​ខេត្តកោះកុង​ហាក់​មាន​អំណោយផល​ច្រើន​ដល់​ក្រុមការងារ​អាច​ជួសជុល​តំបន់​មួយចំនួន​ដែល​រង​ការខូចខាត​ខ្លាំង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​។​ប៉ុន្តែ​រង​ការខូចខាត​ខ្លះៗ​ទៅ ដោយសារតែ​មិន​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ធំៗ​។

​ចំណែក​សាធារណជន​ក៏​ធ្លាប់​ស្នើ​ដល់​អាជ្ញាធរខេត្ត​ឱ្យ​សុំ​ផ្អាក​សកម្មភាព​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​ជា​បណ្តោះអាសន្ន​សិន​ផងដែរ​ខណៈ​លំបាក​ធ្វើដំណើរ​ឆ្លងកាត់​។​ព្រោះតែ​រថយន្ត​ធំៗ​ទាំងនេះហើយ​ដែលនាំឱ្យ​ផ្លូវ​ខូចខាត​ក្រៅពី​ផ្លូវ​ហួស​សុភាព​ប្រើប្រាស់​។​

លោក​អន​ដា​វុ​ធ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង​ថ្លែងថា​អំឡុង​ខែឧសភា​និង​ខែមិថុនា​លោក​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​និង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​តាម​ដងផ្លូវ​ជាតិ​លេខ​៤៨​ជា​បន្តបន្ទាប់​។​

​ជា​យន្ត​ការថែទាំ​ផ្លូវថ្នល់ និង​ទប់ស្កាត់​សកម្មភាព​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ លោក អន ដា​វុ​ធ បានដាក់​សំណើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ដើម្បី​មាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ធំៗ​ដែរ​។ តែ​ទោះយ៉ាងណា គិត​មកដល់ពេលនេះ ពុំទាន់​មានការ​ឆ្លើយតប​ណាមួយ​ឡើយ​។​

​បច្ចុប្បន្ន​មន្ទីរ​និង​ក្រសួង​សាធារណ​ការចាត់​ប​ញ្ចូ​ន​គ្រឿងចក្រ​បុគ្គលិក​កម្មករ​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​រង​ផល​ខូចខាត​ទំហំ​ធំ​ដោយ​កំពុង​ឈូសឆាយ​ជួសជុល​សម្រាប់​ធ្វើការ​ដំណើរ​ជាបឋម​សិន​។​

តាម​ការវាយតម្លៃ​រប​ស់​ក្រសួង​សា​ធាណ​ការគិត​មក​ត្រឹម​ថ្ងៃទី​២២​ខែសីហា​២០១៨​ទំហំ​នៃ​ការខូចខាត​ផ្លូវជាតិ​លេខ​៤៨​ចាប់ពី​ស្រុកស្រែ​អំបិល​ដល់​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​មាន​ប្រវែង​៣៥​គីឡូម៉ែត្រ​ស្មើនឹង​២២,២៦​ភាគរយ​រាប់បញ្ចូល​ទាំង​កំណាត់​ផ្លូវ​ដែល​បាន​កែលម្អ​កាលពី​ឆ្នាំ​២០១៧​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម