ខែ​ក​ញ្ញាៈ​ស្លាប់ ១៣១​នាក់ របួស ៣៣២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​

1168
ចែករម្លែក

​ដោយៈ ម៉េង​ឆៃ​,​សាវ​រក្ស​/​ភ្នំពេញៈ នៅ​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំង​ប្រទេស បានកើត​ឡើង ២៥០ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣១ នាក់ និង​របួស ៣៣២ នាក់​។ បើ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០១៨ គឺ​គ្រោះថ្នាក់​ចរាចរ​នៅ​ខែកញ្ញា កើនឡើង​ទាំង​ចំនួន​គ្រោះថ្នាក់ កើន​ទាំង​ចំនួន​អ្នកស្លាប់ និង​របួស​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​។​ដោយឡែក​រយៈពេល​៩​ខែ​សម្លាប់​មនុស្ស ១.៣១៣ នាក់ របួស ៣.៤២៧​នាក់​។​

ខែ​ក​ញ្ញាៈ​ស្លាប់ ១៣១​នាក់ របួស ៣៣២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​(រូបឯកសារ)

​របាយការណ៍​បង្ហាញថា ក្នុងចំណោម​អ្នកស្លាប់ ១៣១ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​នៅ​ខែកញ្ញា​នេះ មាន​អ្នកស្លាប់ ១១៥ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ ចំណែក​មូលហេតុ​គ្រោះថ្នាក់ នៅ​ខែកញ្ញា បង្កឡើង​ច្រើន​ជាងគេ ដោយ​ការ​សារ​ការបើកបរ​លឿន លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ប្រជែង ស្រវឹង កត្តា​យាន និង​ងងុយដេក​។​

​ចំណែក​រាជធានី​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន នៅ​ភ្នំពេញ​ច្រើនជាងគេ ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ កំពត តាកែវ និង​ខេត្តពោធិ៍សាត់​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ខែមករា ឆ្នាំ​២០១៨​កើតឡើង ៣០៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦៨ នាក់ និង​របួស​សរុប ៣៩៥ នាក់​។ ខែកុម្ភៈ កើតឡើង ២៥៣ លើក បណ្តាល​ឲ្យ​ស្លាប់ ១៥៧ នាក់ និង​របួស​សរុប ៤១២ នាក់​។ ខែមីនា​​កើតឡើង ២៦២ លើក ស្លាប់ ១៥៥ នាក់ និង​របួស​សរុប ៤២៧ នាក់​។ ខែមេសា កើតឡើង ៣១៦ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧៧ នាក់ និង​របួស ៤៧៤ នាក់​។ ខែឧសភា​កើតឡើង ២៥៥ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤១ នាក់ និង​របួស ៣១៨ នាក់​។ ខែមិថុនា កើតឡើង ២៤៣ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣២ នាក់ និង​របួស ៣៧៣ នាក់​។ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង ២៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣០ នាក់ និង​របួស ៣៦១​នាក់​។ ខែសីហា​កើតឡើង ២៥៧ លើក ស្លាប់ ១២២​នាក់ និង​របួស​សរុប ៣៣៥​នាក់​និង​ខែកញ្ញា ឆ្នាំ​២០១៨ បានកើត​ឡើង ២៥០ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣១ នាក់ និង​របួស ៣៣២ នាក់​។

ខែ​ក​ញ្ញាៈ​ស្លាប់ ១៣១​នាក់ របួស ៣៣២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​(រូបឯកសារ)

​ដោយឡែក មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល ៩ ខែ នៅ​ឆ្នាំ​២០១៨ ត្រូវបាន​ប៉ូលិស​ចរាចរណ៍ លើក​បង្ហាញថា បាន​កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន​ល្មើស​ល្បឿន​កំណត់ កក្តា​ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កត្តា​យាន និង​ងងុយដេក ជាដើម​។​
​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ ក៏បាន​បង្ហាញថា កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១.៧៨០ នាក់ និង​របួស ៥.៥៣៩ នាក់​។ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១.៧១៧ នាក់ និង​របួស ៦.៦០៧ នាក់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម