ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ០១ តុលា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​សមាគម​មនុស្ស​ចាស់ ជា​យន្តការ​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​វប្បធម៌ គ្រួសារ និង​សង្គមជាតិ​»

1071
ចែករម្លែក

ដោយ : វ៉ៃកូ/​ខេត្តស្វាយរៀង ៖ ​លោក វង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ និង​លោកស្រី លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​រសៀលថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ០១ តុលា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​សមាគម​មនុស្ស​ចាស់ ជា​យន្តការ​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​វប្បធម៌ គ្រួសារ និង​សង្គមជាតិ​» និង​ពិធី​ចែក​ប័ណ្ណ និង​បើក​ផ្ដល់ប្រាក់​របប​គោលនយោបាយ​ជូន​ចំពោះ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​គណៈប្រតិភូ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទី​-​អង្គភាព​នានា​ក្នុង​ខេត្ត អភិបាលក្រុង ស្រុក តំណាង​កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ទាំង ២៥​រាជធានី​-​ខេត្ត បងប្អូន​ពិការ ព្រមទាំង​លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ ចំនួន ៤០០​នាក់ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បានបង្ហាញ​ពី​សុទិដ្ឋិនិយម​ថា តាមរយៈ​ការ​ប្រារព្ធ​ទិវា​ដ៏​មាន​សារៈសំខាន់​នៅថ្ងៃនេះ ប្រជាពលរដ្ឋ​ជាទូទៅ និង​យុវជន​នៅក្នុង​ខេត្ត នឹង​បាន​ជ្រួតជ្រាប និង​យល់​កាន់​តែច្បាស់​អំពី​អត្ថន័យ​នៃ​ទិវា​មនុស្ស​ចាស់ ព្រមទាំង​ចូលរួម​កាន់តែ​ផុលផុស និង​ទូលំទូលាយ​ជាង​មុន ក្នុងការ​រួមចំណែក​ប​ង្កើ​ន​សុខុមាលភាព​ការថែទាំ និង​ការគ្រប់គ្រង​មនុស្ស​វ័យចាស់​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត គឺ​នៅតែ​បន្ត​ជំរុញ​ការចាត់តាំង​អនុវត្ត​នូវ​រាល់​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការ​គាំពារ ថែរក្សា និង​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ចាស់ ការបន្ត​ចលនា​មនុស្ស​វ័យចាស់​ដែលមាន​ប្រមាណ​ជាង៥​ម៉ឺន​នាក់ នៅក្នុង​ខេត្ត ឲ្យ​ចូល​ជា​សមាជិកសមាគម​មនុស្ស​ចាស់​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់ កាន់តែ​ទទួលបាន​ផលប្រយោជន៍​ច្រើនជាង​មុន ប្រសើរ​ជាង​មុន និង​ទូលាយ​ជាង​មុន ។

សូមបញ្ជាក់ថា ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា គឺជា​ទិវា​មួយ​ដែល​ប្រារព្ធ​ឡើង​សម្រាប់​រំលឹក​គុណ​ដល់​មនុស្ស​វ័យចាស់​ក​ម្ពុ​ជា ក៏ដូចជា​មនុស្ស​វ័យចាស់​នៅ​ទូទាំង​សកលលោក និង​លើកកម្ពស់​មនសិការ​ទទួល​ខុសត្រូវ​របស់​យើង​ក្នុងការ​ចូលរួម​កសាង​សង្គមជាតិ​មួយ​ដែលមាន​ការយកចិត្ត​ដាក់​កាន់តែ​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​ប្រជាជន​គ្រប់​វ័យ ជាពិសេស​មនុស្ស​វ័យចាស់ ហើយ​នៅក្នុង​ឆ្នាំ​២០១៨​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​សមាគម​មនុស្ស​ចាស់​ជា​យន្តការ​ដ៏​សំខាន់ ក្នុងការ​ថែរក្សា​វប្បធម៌ គ្រួសារ និង​សង្គមជាតិ​” ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម