អតីត​អគ្គលេខាបក្ស​វៀតណាម លោក​ដូ ម៉ឺ​យ ទទួលមរណភាព​នៅ​អាយុ​១០១​ឆ្នាំ​

1502
ចែករម្លែក
  • 77
    Shares

ដូ ម៉ឺយ មេដឹកនាំម្នាក់ដែលបានដើរតួនាទីសំខាន់នៅក្នុងការតស៊ូបដិវត្តន៍និងការបើកចំហរបស់វៀតណាម បានទទួលមរណភាពកាលពីយប់ថ្ងៃចន្ទទី០១តុលា។

អតីតអគ្គលេខាបក្សរូបនេះ បានលាចាកលោកនៅម៉ោង១១:១២នាទីយប់នៅមន្ទីរពេទ្យយោធា108ក្នុងក្រុងហាណូយ ក្រោយតស៊ូជាមួយនឹងជម្ងឺអស់ពេលដ៏យូរ ដោយទទួលបានការមើលថែពីវេជ្ជបណ្ឌិតទាំងក្នុងនិងក្រៅប្រទេសវៀតណាម នេះបើតាមការប្រកាសរបស់គណៈកម្មការជាតិសំរាប់សេវាសុខាភិបាលរបស់មន្រ្តីកាលពីថ្ងៃអង្គារ។

អតីតអគ្គលេខាបក្សកុំម្មុយនីស្តវៀតណាម លោកដូ ម៉ឺយ(Do Muoi )ក្នុងកិច្ចសម្ភាសន៍មួយនៅក្រុងហាណូយនាឆ្នាំ១៩៩៥

មានកំណើតឈ្មោះ ង្វៀន ឌូយ កុង លោកដូ ម៉ឺយ បានកើតនៅក្រុងហាណូយ និងជាសមាជិកគណបក្សកុំម្មុយនីស្តវៀតណាមអស់៧៨ឆ្នាំ។លោកបានសកម្មនៅក្នុងសកម្មភាពបដិវត្តន៍កាលពីនៅជំទង់និងបានចូលរួមក្នុងរណសិរ្សប្រជាជនបារាំងនៅអាយុ១៩ឆ្នាំ ។នៅឆ្នាំ១៩៣៩ លោកបានចូលរួមក្នុងបក្សកុំម្មុយនីស្តឥណ្ឌូចិន ដែលជាជំហានដំបូងនៅក្នុងការឈានចូលឆាកនយោបាយ។

លោកបានឆ្លងកាត់បដិវត្តន៍ជាតិច្រើនដំណាក់កាលនិងបានដើរតួនាទីសំខាន់មួយនៅក្នុងការអភិវឌ្ឍប្រទេស។នៅឆ្នាំ១៩៤១ នៅអាយុ២៤ឆ្នាំ លោកត្រូវបានចាប់ខ្លួនដោយពួកអាណានិគមនិយមបារាំងនិងត្រូវបានកាត់ទោសអោយចាប់គុក១០ឆ្នាំ។លោកបានហែកគុករត់នៅ៤ឆ្នាំក្រោយនិងបានបន្តសកម្មជាមួយយុទ្ធនាការបដិវត្តន៍។លោកបានចូលរួមក្នុងអង្គភាពបក្សហាដុង ដោយដឹកនាំរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលអាណានិគមនិងបានក្លាយជាមេដឹកនាំអង្គភាពបក្សនេះនៅឆ្នាំ១៩៥៤។

ដូម៉ឺយ និងអតីតនាយករដ្ឋមន្រ្តីវ៉ូ វ៉ាន់គៀត

ក្នុងអំឡុងសង្រ្គាមប្រឆាំងបារាំង លោកដូម៉ឺយបានកាន់តំណែងមួយចំនួននៅតំបន់ខាងជើង។លោកជាលេខាបក្សខេត្តហាណាម ,ណាម ឌីញនិងនីញប៊ិញនិងជាមេដឹកនាំក្រុមបដិវត្តន៍នៅតំបន់នោះ។

នៅឆ្នាំ១៩៥៥ លោកជាមេដឹកនាំបក្ស និងជាប្រធានទីក្រុងកំពង់ផែ ហាយហ្វុង។នៅខែមីនាឆ្នាំនោះ លោកត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សកុំម្មុយនីស្តវៀតណាម និងនៅមួយឆ្នាំក្រោយ លោកកាន់តំណែងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្មនិងបានក្លាយជារដ្ឋមន្រ្តីនៅឆ្នាំ១៩៥៨។

ចាប់ពីឆ្នាំ១៩៦៩ដល់១៩៧១ លោកជាឧបនាយករដ្ឋមន្រ្តីនិងជាប្រធានការិយាល័យសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តី។

ដូម៉ឺយ បានក្លាយជាអគ្គលេខាបក្សកុំម្មុយនីស្តវៀតណាមនៅឆ្នាំ១៩៩១ និងកាន់តំណែងនេះរហូតដល់ឆ្នាំ១៩៩៧៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម