មន្ត្រីជាន់ខ្ពស់ អ​. ស .​ប ប្រចាំ​កម្ពុជា​បង្ហាញ​ឆន្ទៈ​បង្កើន​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​

1089
ចែករម្លែក

ដោយ : យោធិន​/ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ ដែល​ទើប​ចូលកាន់​ដំណែង​ជា​អ្នកសម្រប​សម្រួលអង្គការសហប្រជាជាតិ (អ​.ស.​ប) ប្រចាំ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ​បាន​សម្ដែង​ពី​ឆន្ទៈ​ក្នុង​កិច្ច​ពង្រឹង​ពង្រីក​ទ្វេ​ឡើង ជា​មួយ​ស្ថាប័ន​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​សំដៅ​បង្កើន​សមត្ថភាព​និង​លទ្ធភាព​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ក្នុងការ​បំពេញបេសកកម្ម​ក្រោម​ឆ័ត្រ អ​. ស .​ប ។​

ការប្តេជ្ញាចិត្ត​របស់​ម​ន្ត្រី​ជាន់ខ្ពស់ អ​. ស .​ប ស្តីពី​កិច្ច​គាំទ្រ​ដល់​សកម្មភាព​របស់​ក​ង​យោធា​មួក​ខៀវ​កម្ពុជា ត្រូវបាន​លោកស្រី PAULINE TAMESIS តំណាង​អ្នកសម្របសម្រួល អ​. ស .​ប ប្រចាំ​កម្ពុជា មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង​ជួប​ធ្វើ​សវនាការ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កាលពី​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្រុងភ្នំពេញ​។​

លោកស្រី PAULINE TAMESIS បាន​ថ្លែង​បញ្ជាក់​ក្នុងជំនួប​សវនាការ​ខាងលើនេះ​ដោយ​សង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង អ​.ស.​ប ជាមួយ កម្ពុជា​លើ​វិស័យ​បេសកកម្ម​រក្សា​សន្តិភាព​របស់ អ​.ស.​ប គឺជា​ផ្លែផ្កា​ក្នុងជំនួប​ពិភាក្សា​ការងារ​មួយ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១៨ នា​បូរី​ញី​វ​យ៉​ក រវាង ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស​(Antonio Guterres)​ អគ្គលេខាធិការ អ​.ស.​ប ដោយបាន​ឯកភាព​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សម្រេចបាន​ថែមទៀត​លើ​បេសកកម្ម​នៃ​ការថែរក្សា​សន្តិភាព​របស់​អ​.ស.​ប ថា​តើ​ប្រទេស​ណា​ទៀត​ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុងការ​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ធ​ម៍​ក្រោម​ឆត្រ​របស់​អ​.ស.​ប​។​

ជាមួយនឹង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​វត្តមាន​របស់លោក​ស្រី PAULINE TAMESIS តំណាង​អ្នកសម្រប​សម្រួល​របស់ អ​.ស.​ប ប្រចាំ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​គាំទ្រ​របស់​មន្ត្រីជាន់ខ្ពស់​គ្រប់ផ្នែក​ថ្នាក់​របស់​អ​.ស.​ប ដល់​សកម្មភាព​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​បាន​បំពេញបេសកកម្ម​អស់​រយៈកាល​ជាង​១០​ឆ្នាំ​កន្លងទៅ ហើយ​ដែល​បច្ចុប្បន្ននេះ​បាននិងកំពុង​បន្តសកម្មភាព​មនុ​ស្សធ​ម៍ ក្រោម​ឆត្រ​អ​.ស.​ប ប្រកបដោយ​ឆន្ទៈ​តស៊ូ ប្តូរផ្តាច់ ប្រកបដោយ​មោទនភាព​រួមជាមួយ​បណ្តា​ប្រទេស​នានា​ដែល​បាន​បរិច្ចាគ​កម្លាំង​សម្រាប់​បេសកកម្ម មនុស្ស​ធ​ម៍​ខាងលើនេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក៏បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា ស្ថាន​ប័ន​មួក​ខៀវ​កម្ពុជា ​នឹង​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​ដើម្បី​ដំណើរ​ការងារ​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ ជាមួយ​ស្ថាប័ន អ​. ស.​ប ៕B

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ស្វាគមន៍​វត្តមាន​លោកស្រី PAULINE TAMESIS​តំណាង​អ្នកសម្របសម្រួល​របស់ អ​. ស .​ប ប្រចាំ​កម្ពុជា​ (រូបថត : សុផល)

ទីតាំងផ្សាយពាណិជ្ជកម្ម