រយៈពេល​៩​ខែ ក្រសួងការពារជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​ព្រំដែន បាន​ជាង​៤​ពាន់​លើក​

807
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/​ភ្នំពេញ ៖ រយៈពេល​៩​ខែ ចាប់ពី​ខែមករា ដល់​ដើមខែ​តុលា ឆ្នាំ​២០១៨​នេះ កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ នៅតាម​បណ្តោយ​ព្រំដែន សរុប​ចំនួន ៤,២៣៣​លើក​។ ក្នុងនោះ មាននៅ​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន​២,០៥៤​លើក ព្រំដែន​កម្ពុជា​-​វៀតណាម ចំនួន​១,០០៨​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន​១,១៧១​លើក​។ នេះ​បើ​យោងតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រសួងការពារជាតិ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ រយៈពេល​៩​ខែ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួន​ផងដែរ​។​

​លោក​បន្តថា រយៈពេល​៣​ត្រីមាស​មកនេះ កងយោធពល​ខេមរភូមិន្ទ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រុករក​អដ្ឋិធាតុ​វៀតណាម ដោយ​រុក​រកឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន ៥៦៦​ធាតុ ក្នុងនោះ​រកឃើញ​ដោយ យោធភូមិភាគ​ពិសេស​ចំនួន​៥២​ធាតុ យុទ្ធភូមិ​ភាគ​ទី​១​ចំនួន​៣៦​ធាតុ យោធភូមិភាគ​ទី​២​ចំនួន​២០៧​ធាតុ យោធភូមិភាគ​ទី​៣ ចំនួន​១២២​ធាតុ យោធភូមិភាគ​ទី​៤​ចំនួន​៩០​ធាតុ និង​យោធភូមិភាគ​ទី​៥ ចំនួន ៥៩​ធាតុ​។​

​នៅក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៨ កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ប្រមូលផ្ដុំ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ទី​៤ របស់​រាជរដ្ឋាភិបាល កម្មវិធី​ការងារ ផែនការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទរ​យៈ​ពេល​៥​ឆ្នាំ ដោយ​សម្រេចបាន​នូវ​សមិទ្ធិផល​ការងារ​ធំៗ​ជា​បន្តបន្ទាប់​។​

​អ្នកនាំពាក្យ​បញ្ជាក់ថា ការអនុវត្ត​ភារកិច្ច​ការពារ​ប្រជាធិបតេយ្យ បូរណភាព​ទឹកដី កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​ពង្រឹង​ប្រៀប ការពារជាតិ​លើ​គ្រប់​វិស័យ​នៅតាម​តំបន់​ព្រំដែន ធ្វើ​ល្បាត​ជាប្រចាំ​ដើម្បី​ត្រួតពិនិត្យ គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ទៅ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេសជិតខាង ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើតមាន​ដោយ​សន្តិវិធី ប្រែក្លាយ​តំបន់​ព្រំដែន ជា​ព្រំដែន​ដែល​ប្រកបដោយ​សុខសន្តិភាព អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​៕​B

ក្រសួងការពារជាតិ រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ រយៈពេល​៩​ខែ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨​

ទីតាំងផ្សាយពាណិជ្ជកម្ម