ប្រជាពលរដ្ឋ​នៅ​ខណ្ឌចំការមន សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​គ្រឿងញៀន ,​លូ ផ្លូវ ទឹក ភ្លើង និង​សំរាម​ស្អុយ​

848
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌចំការមន ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ប្រើប្រាស់​គ្រឿងញៀន លូ ផ្លូវ ទឹក​លិច ភ្លើង​បំ​ភ្លី​សាធារណៈ និង​សំរាម​ស្អុយ សណ្តាប់​ធ្នាក់​សាធារណៈ បញ្ហា​ចរាចរណ៍ ហ្គេម​បាញ់​ត្រី ក្មេង​ទំនើង ជាដើម ។​
​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ព្រឹក​ថ្ងៃទី​២ តុលា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ ក្រោម​អធិបតីភាព លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផងដែរ​។​
​ក្នុង​វេទិកាសាធារណៈ​នេះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ធ្វើឡើង​រៀងរាល់​មួយឆ្នាំ​ម្តង តែ​នៅ​ថ្នាក់​សង្កាត់​និង​ខណ្ឌ​តែ​តែ​ធ្វើជា​ប្រចាំ ក្រោយពី​បញ្ចប់​វេទិកា​ពិគ្រោះ​យោ​លប​ល់ គឺ​យើង​បូកសរុប​បញ្ហា ដែល​ប្រជាពលរដ្ឋ​ស្នើឡើង និង​ការចង់បាន​របស់​ប្រជាពលរដ្ឋ ហើយ​ដាក់ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​បំពេញ​ការចង់ បាន​របស់​ប្រជាពលរដ្ឋ​។​លោក​ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោះស្រាយ​។ ក្នុងឱកាស​នោះ លោក​បាន​កោតសរសើរ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដែល​បាន​បង្ក្រាប​បទល្មើស​ជាប្រចាំ ពិសេស​លើ​ការបង្ក្រាប​គ្រឿងញៀន បានជា​ប្រចាំ ដែល​នេះ​បង្ហាញ​ពី​ការ​ចូក​រួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​បានល្អ​។​
​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហាសំខាន់​ជាច្រើន ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន បញ្ហា​គ្រឿង​ញៀ​ញ ទឹក ភ្លើង និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​
​ពាក់ព័ន្ធ​វេទិការ​នោះ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ វាទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី នៅ​ព្រឹក​នេះ ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៣​ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន​។​
​ជាមួយគ្នា​នោះ​នៅក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​ភាគច្រើន​ជា​មេភូមិ បាន​ឡើងមក​ស្នើសុំ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួញ​ដោះស្រាយ​ជាច្រើន​ករណី ដែល​ភាគច្រើន​ជា​ពាក់ព័ន្ធ​នឹង​ការងារ​សា​ធារ​ការ ដូចជា បញ្ហា​ដាក់​អំពូល​ភ្លើង បញ្ហា​ផ្លូវ​ស្រុត បញ្ហា​ដាក់លូ បញ្ហា​កាប់​ដើមឈើ និង​កាប់​មែកឈើ បញ្ហា​ដាក់​សញ្ញា​ចរាចរណ៍​គំនូស​ថ្មើរជើង នៅមុខ​សាលាបឋមសិក្សា​វត្ត​មហាមន្ត្រី ដើម្បី​ងាយស្រួល​ក្នុងពេលដែល​សិស្ស ចេញពី​សាលា​ធ្វើដំណើរ​បាន​ស្រួល និង​មាន​គ្រោះថ្នាក់​ចរាចរ បញ្ហា​កែ​អក្ខរាវិរុទ្ធ​លើ​សៀវភៅ​គ្រួសារ ការចុះបញ្ជីឈ្មោះ​ក្មេង​តូចៗ​ចូលក្នុង​សៀវភៅ​គ្រួសារ​នៅ​សាលាខណ្ឌ​មានការ​យឺតយ៉ាវ​។​
​ ​ជាកា​ឆ្លើយតប​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការចូលរួម មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត​បាន​នាំមក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នាពេល​កន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​
​គួរ​បញ្ជាក់ដែរថា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង សម្រាប់​មួយ​ខណ្ឌ​នីមួយៗ មានន័យថា​៖ ទាំង​១២​ខណ្ឌ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើឡើង​ចំនួន​១២​ដង​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម