អ្នកជំងឺ​ដំបូង​លើ​ពិភពលោក ឆ្លង​វីរុស​រលាក​ថ្លើម E ពី​សត្វ​កណ្តុរ​

1450
ចែករម្លែក

​ហុងកុង​ទើបនឹង​រកឃើញ​បុរស​ម្នាក់​អាយុ ៥៦ ឆ្នាំ បាន​ឆ្លង​វីរុស​រលាក​ថ្លើម E ពី​សត្វ​កណ្តុរ ។​

​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ករណី​ដំបូង​លើ​ពិភពលោក បង្ហាញ​ពី​ការឆ្លង​វីរុស​នេះ ពី​កណ្តុរ​មក​មនុស្ស ព្រោះ​មុននេះ​ភស្តុតាង​ជាច្រើន​បញ្ជាក់ថា នឹង​គ្មាន​ការចម្លង​ដូចនេះ​ឡើយ ។​

​អ្នកជំងឺ​រូបនេះ​ធ្លាប់​កើត​ជំងឺ​រលាក​ថ្លើម B រ៉ាំរ៉ៃ និង​បាន​វះកាត់​ប្តូរ​ថ្លើម ។ បន្ទាប់មក លោក​បែរ​ជាមាន​សញ្ញា​មុខងារ​ថ្លើម​មិន​ប្រក្រតី ។ ការធ្វើ​វិភាគ​បង្ហាញថា លោក​មាន​ឆ្លង​វីរុស​រលាក​ថ្លើម E ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ វីរុស​នេះ​ជា​អម្បូរ​វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម E នៅ​សត្វ​កណ្តុរ គឺ​ពុំមែន​អម្បូរ​វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម E នៅ​មនុស្ស​ច្រើន​ជួបប្រទះ ។​

​អ្នកជំងឺ​រស់នៅក្នុង​តំបន់​មួយ​មាន​សត្វ​កណ្តុរ​ច្រើន និង​អាច​ឆ្លង​ជំងឺ​តាមរយៈ​ចំណីអាហារ​ជាប់​លាមក​កណ្តុរ​មាន​ជំងឺ ។​

​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស ២០ លាន​នាក់ ឆ្លង​ជំងឺ​រលាក​ថ្លើម E លើ​ពិភពលោក ។ ជំងឺ​ច្រើន​ត្រូវបាន​ឆ្លងតាម​រយៈ​ប្រភពទឹក​ទទួលទាន​មាន​វីរុស ។ អ្នកជំងឺ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ​, ក្អួត និង​លឿង​ស្បែក​, មាន​ករណី​មួយចំនួន​ត្រូវ​ខ្សោយ​ថ្លើម ។​

​បាក់តេរី​រលាក​ថ្លើម E ត្រូវបាន​រកឃើញ​គ្រប់កន្លែង​លើ​ពិភពលោក តែ​ច្រើន​បំផុត គឺ​នៅ​បណ្តា​ប្រទេស​នៅ​តំបន់​ត្រូ​ពិ​ក​ជិត​ខ្សែ​អេក្វាទ័រ​, រួមមាន​ទ្វីបអាមេរិក​ឡាទីន​, អាហ្វ្រិក​, ឥណ្ឌា​ម​ជ្ឈឹ​ម​បូព៌ា​, ទ្វីបអាស៊ី ពិសេស​គឺ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។​

​ធម្មតា រោគសញ្ញា​របស់​ជំងឺ​រលាក​ថ្លើម E ស្រាល និង​អូសបន្លាយ​ពី​ប៉ុន្មាន​ថ្ងៃ​ដល់​ប៉ុន្មាន​សប្តាហ៍ ។ ជំងឺ​មិន​បង្ក​ផលវិបាក​យូរអង្វែង​ដូច​ករណី​រលាក​ថ្លើម B, D និង C ។ ប៉ុន្តែ វា​អាច​ប្រែជា​កាច និង​គ្រោះថ្នាក់ ពិសេស​ពេល​អ្នកជំងឺ​កំពុងមាន​ផ្ទៃពោះ ៕ ប្រែ​សម្រួល​: រតនៈ​