អាល្លឺម៉ង់​សន្យា​ផ្តល់​ថវិកា​បួន​លាន​អឺរ៉ូ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឆ្លងដែន​ក្នុង​តំបន់​ទន្លេមេគង្គ​

1074
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​នៅ​ទីក្រុង​វៀន​ចន្ទន៍ ប្រទេស​ឡាវ​នៅ ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៨ នេះរដ្ឋាភិបាល​​​អា​ល្លឹ​ម៉​ង់ បាន​សន្យា​ផ្តល់ប្រាក់​ចំនួន បួន​លាន​អឺរ៉ូ (​ប្រមាណ ៤,៦ លាន​ដុល្លារ​សហរដ្ឋ​អា​ម៉េ​រិក)ដល់គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​ហៅ​កាត់​ថា​អឹម​អ​ស៊ី​(MRC)​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឆ្លងដែន ក្នុង​តំបន់​ទន្លេមេគង្គ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អឹម​អ​ស៊ី នៅ​ថ្ងៃទី​២​ខែតុលា​នេះ​។

សកម្មភាព​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ដែល​ហៅ​កាត់​ថា អឹម​អ​ស៊ី​(MRC)​នៅ​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​(​រូបថត​គណៈកម្មការ​ទន្លេមេគង្គ​)

​សេចក្តី​ព័ត៌មាន​ប្រកាស​ប្រាប់ថា ការគាំទ្រ​របស់​អាល្លឺម៉ង់​នេះ មាន​គោលបំណង​បង្កើន​កិច្ចពិភាក្សា និង លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ ជុំវិញ​ការរៀបចំ​ផែនការ និង​ការគ្រប់គ្រង​ធនធានទឹក​ឆ្លងដែន រវាង​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែលជា​សមាជិក​របស់ អឹម​អ​ស៊ី​។ ថវិកា​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​រយៈពេល​បី​ឆ្នាំ គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ រហូតដល់ ខែធ្នូ ឆ្នាំ​២០២១​។ ការអនុវត្ត​ថវិកា​នេះ នឹង​ធ្វើឡើង​តាមរយៈ​អង្គការ​អភិវឌ្ឍន៍​បច្ចេក​ទេស​អាល្លឺម៉ង់ ដែល​ហៅ​កាត់​ថា GIZ ។​នេះ​បើតាម​លិខិតផ្លូវការ​ដែល​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​វៀន​ចន្ទ ផ្ញើជូន​លេខាធិការដ្ឋាន អឹម​អ​ស៊ី កាលពី​ចុង​សប្តាហ៍​មុននេះ​។

លោក ផាំ ទាន់​ផាន (Pham Tuan Phan) នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន អឹម​អ​ស៊ី

​ ​សេចក្តីប្រកាស​បាន​ស្រង់​សម្តី​លោក ផាំ ទាន់​ផាន (Pham Tuan Phan) នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន អឹម​អ​ស៊ី ថា “​ការបន្ត​រួមចំណែក​ពី​ប្រទេស​អាល្លឺម៉ង់​នេះ នឹង​ជួយ​ពង្រឹង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ អឹម​អ​ស៊ី ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការរៀបចំ​ផែនការ និង​ការគ្រប់គ្រង​តំបន់​អាង​ទន្លេ​រួមគ្នា ដែលមាន​លក្ខណៈ​ចូលរួម និង​សម្របសម្រួល​ជាង​មុន ខណៈពេលដែល​តំបន់​អាង​ទន្លេមេគង្គ​កំពុងមាន​ការអភិវឌ្ឍ និង​ការផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​”​។

​ ​ថវិកា​ភាគច្រើន នឹង​ចំណាយ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​រួមគ្នា​ចំនួន​ពីរ ដែលជា​គម្រោង​មាន​លក្ខណៈ​ឆ្លងដែន រវាង​កម្ពុជា​និង​ឡាវ និង រវាង​កម្ពុជា​និង​ថៃ​។ គម្រោង​ទាំងពីរ​នេះ មាន​គោលបំណង​ធ្វើការ​ស្វែងយល់​ពី​ធនធាន​ក្នុង​តំបន់​អាង​ទន្លេ និង​គ្រប់គ្រង​ធនធាន​ទាំងនេះ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ឆ្លើយតប​ចំពោះ​បញ្ហា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ បច្ចុប្បន្ន គម្រោង​ទាំងនេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សាកល្បង ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ ហើយ​ដែល​បានទទួល​ការគាំទ្រ​ពី​អាល្លឺម៉ង់ តាមរយៈ​យន្តការ ផ្តល់​ថវិកា​ស្រដៀង​គ្នា​នេះដែរ​។
​មួយចំណែក​នៃ​ថវិកា​នេះ ក៏​នឹង​ផ្តល់​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ថ្មី​របស់ MRC ដែលមាន​ឈ្មោះថា “​មូលនិធិ​រួម​” ឫ basket fund ដើម្បី​ដំណើរការ​សកម្មភាព​នានា ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ២០១៦-២០២០​។ ប្រព័ន្ធ​ថវិកា​ថ្មី​នេះ ផ្តល់​លទ្ធភាព​ឱ្យ MRC ប្រើប្រាស់​មូលនិធិ​ដែលមាន​ស្រាប់ សម្រាប់​សកម្ម​ភាព​ជាអាទិ​ភាព​នានា ដែលនាំឱ្យ​មានការ​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ថ្មីៗ ទាន់ពេលវេលា និង​ធ្វើឱ្យ​ការអនុវត្ត​គម្រោង​កាន់​តែមាន​ភាពល្អ​ប្រសើរ​ជាង​មុន សំដៅ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ៦៥ លាន​នាក់ ដែល​កំពុង​រស់នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។​

​គេ​រំពឹងថា កិច្ចសហប្រតិបត្តិការ​រវាង​អាល្លឺម៉ង់ និង MRC នឹង​បង្ហាញឱ្យឃើញ​ពី​របៀប ដែល​រដ្ឋ ជា​សមាជិក​របស់ MRC អាចធ្វើ​ការងារ​រួមគ្នា​នៅ​កម្រិត​ទ្វេភាគី ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​នានា ដែល​កំពុង​កើតមាន​ជាក់​ស្តែង ក្នុងប្រទេស​របស់​ពួកគេ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ទៀត​។

​លោក Bertrand Meinier នាយក​កម្មវិធី​សហប្រតិបត្តិការ MRC – GIZ មានប្រសាសន៍ថា “​ការផ្តល់​ធនធាន​ហិរញ្ញវត្ថុ​របស់​យើង​នៅថ្ងៃនេះ គឺជា​ការជួយ​គាំទ្រ​បន្ថែមទៀត ដល់​កិច្ចខិតខំ​ប្រឹងប្រែង រួមគ្នា​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​អនុវត្ត​ដោយ MRC ដើម្បី​ធានាឱ្យមាន​ការបន្ត​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​រឹងមាំ ក្នុងចំណោម​ប្រទេស​មេគង្គ និង​ផ្តល់នូវ​ការការពារ​ទាន់ពេលវេលា និង​ការគ្រប់គ្រង​ប្រកបដោយ​ចីរភាព នូវ​ធនធានទឹក​ក្នុង​ទន្លេមេគង្គ​”​។

សកម្មភាព​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ដែល​ហៅ​កាត់​ថា អឹម​អ​ស៊ី​(MRC)​នៅ​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​(​រូបថត​គណៈកម្មការ​ទន្លេមេគង្គ​)

​ប្រទេស​អាល្លឺម៉ង់​បានផ្តល់​ថវិកា​ដល់ អឹម​អ​ស៊ី ចាប់តាំងពី​ឆ្នាំ ២០០៣ មក ជាមួយនឹង​ទឹកប្រាក់​ប្រមាណ ៣១ លាន​អឺរ៉ូ ឬ ៣៦ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​។ ក្នុង​រយៈពេល ១៥ ឆ្នាំ កន្លងមកនេះ ការគាំទ្រ​របស់​អាល្លឺម៉ង់ បានធ្វើឱ្យ អឹម​អ​ស៊ី អាចមាន​លទ្ធភាព​អភិវឌ្ឍន៍​សកម្មភាព​យុទ្ធសាស្ត្រ​ជាច្រើន ដូចជា កំណែទម្រង់​ស្ថាប័ន ការអភិវឌ្ឍ​វា​រី​អគ្គិសនី​ប្រកបដោយ​ចីរភាព ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ការកាត់បន្ថយ​គ្រោះទឹកជំនន់ និង​ការប្រែប្រួល​អាកាសធាតុ​។
​ប្រភព​ដដែល​បញ្ជាក់ថា​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ សម្រាប់​មូលនិធិ​ថ្មី​នេះ នឹងត្រូវ​ចុះហត្ថលេខា​រវាង​អាល្លឺម៉ង និង MRC នា​ចុង​ឆ្នាំនេះ​។
​គណៈកម្មការ​ទន្លេមេគង្គ​ឬ​អឹម​អ​ស៊ី គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង វៀតណាម​។ ស្ថាប័ន​នេះ បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ទឹក ក៏ដូចជា ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍន៍​តំបន់​នេះ ប្រកបដោយ​ចីរភាព​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ