រដ្ឋមន្ត្រី​មហាផ្ទៃ​ផ្តល់​ថវិកា​ប្រាំ​ម៉ឺន​ដុល្លារ​លើក​ទឹក​ចិត្តដល់​សមត្ថកិច្ច​ដែល​បង្ក្រាប​ក្រុម​ប្រដាប់អាវុធ​ចង់​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​

1103
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​​​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​បានផ្តល់​ថវិកា​ប្រាំ​ម៉ឺន​ដុល្លារ​អាម៉េរិក​ដល់​កងក​ម្លាំ​ង​នគរបាល​ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការបង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អាណាធិបតេយ្យ​ប្រឆាំង​រា​ដ្ឋា​ភិ​បាល នាពេល​ថ្មីៗ​នេះ ។​

សកម្មភាពបង្រ្កាប

កងកម្លាំង​នគរបាលជាតិ​បាន​ស្រាវជ្រាវ និង ធ្វើការ​ចាប់ខ្លួន សកម្មជន និង មេក្លោង ចលនា​ប្រដាប់អាវុធ​ខុសច្បាប់​នៅ​ទូទាំងប្រទេស​ចំនួន​ប្រាំបួន​នាក់​ដោយ​រឹបអូស​អាវុធ​វែង​៣០​ដើម អាវុធខ្លី​មួយ​ដើម និង ឧបករណ៍ សម្ភារៈ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួនទៀត ។ លទ្ធផល​នេះ​គឺ បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តកំពត​និង​នគរបាល​ខេត្តពោធិ៍សាត់​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​របស់​ព្រះរាជ​អា​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្ត​ទាំង​៣​។
​នេះ​គឺជា​ក្រុម​ប្រដាប់អាវុធ​អានាធិបតេយ្យ​ដែលមាន​គម្រោង​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ។​

សូម​រំលឹកថា ក្នុងនាម​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​សម្តេច​ក្រឡា​ហោម ស ខេង តែងតែ​លើកទឹកចិត្ត និង ថ្លែងអំណរគុណ ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​បាន​យ៉ាង​ល្អប្រសើរ នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព គ្មាន​អំពើហិង្សា ។ ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម ធ្លាប់បាន​បញ្ជាក់​អះអាង​ដែរ​ថា ការសម្រេចបាន​នូវ​ជោគជ័យ​ក្នុង​ភារកិច្ច​ដ៏​ថ្លៃថ្លា​នេះ ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​ចំណែក​យ៉ាង សំខាន់​ពី​ប្រជាពលរដ្ឋ​គ្រប់រូប និង​គ្រប់​គណបក្សនយោបាយ ដែល​បានបង្ហាញ​ពី​ភាពចាស់ទុំ​ខាង​នយោបាយ និង​ភាពសុខដុមរមនា​ក្នុងសង្គម ព្រមទាំង កិត្យានុភាព​ជាតិខ្មែរ​ទាំ​ង​មូល ទៅដល់​សកល​លោក បានឃើញ​ច្បាស់​នូវ​សមិទ្ធផល និង​ផ្លែផ្កា​នៃ​ការអនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិប្រជា​ធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម