ជនជាប់ចោទ​និយាយថា លោក​ណា​ជីប​បានផ្តល់​ប្រាក់​ចំនួន ៣,៥ លាន​រីង​ហ្គី​ត​ឱ្យ​ខ្លួន​ដើម្បី​សម្លាប់​រដ្ឋអាជ្ញា​ម៉ាឡេស៊ី លោក ខេ​វិ​ន ម៉ូ​រ៉ា​អ៊ី​ស​

1083
ចែករម្លែក

​ជនជាប់ចោទ​ទី ៧ ក្នុងការ​ធ្វើឃាត​រដ្ឋអាជ្ញា​រង​សាធារណៈ​ម៉ាឡេស៊ី លោក ខេ​វិ​ន ម៉ូ​រ៉ា​អ៊ី​ស (Kevin Morais) បាន​ប្រាប់​តុលាការ​ជាន់ខ្ពស់​កាលពី​ថ្ងៃ​អង្គារ​ទី​២​តុលា​ថា គាត់​ត្រូវបាន​ផ្តល់ប្រាក់​ចំនួន ៣,៥ លាន​រីង​ហ្គី​ត (៨៤៥.០០០ ដុល្លារ​អាមេរិក​) ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ ដើម្បី​ប្រព្រឹត្ត​អំពើ​ឃាត​កម្មនេះ​។​

​ជនជាប់ចោទ​ឈ្មោះ អេស រ៉ាវី ចាន់​ដា​រ៉ា​ន់ (S Ravi Chandaran) អាយុ ៤៧ ឆ្នាំ​បាន​និយាយថា ការផ្តល់ជូន​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​មន្ត្រី​ពន្ធនាគារ​ម្នាក់​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ​។​

​សាកសព​របស់លោក​ម៉ូ​រ៉ា​អ៊ី​សត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ស្គរ​ធុងបាស់​មួយ​ដែល​ចាក់​បំពេញ​ដោយ​ស៊ីម៉ង់ត៍​ចាក់​បេតុង​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៥​។​

​យោងតាម​អ្នកនិពន្ធ​របស់​កាសែត Sarawak Report លោក ក្លែ​រ រី​វ​ខា​សល់ ប្រោ​ន (Clare Rewcastle Brown) បានឱ្យដឹងថា លោក​ម៉ូ​រ៉ា​អ៊ី​ស​គឺជា​រដ្ឋអាជ្ញា​សាធារណៈ​ដែលមាន​ភារកិច្ច​ស៊ើបអង្កេត​លោក​ណា​ជីប​អំពី​ប្រាក់​ដែល​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​មូលនិធិ​រដ្ឋ 1MDB ។​

​ទោះយ៉ាងណា ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់​ម៉ាឡេស៊ី​បាន​បដិសេធ​ចំពោះ​រឿងនេះ ដោយ​និយាយថា លោក​ម៉ូ​រ៉ា​អ៊ី​សបាន​កំពុង​ស៊ើប​ករណី​ពាក់ព័ន្ធ​នឹង​វរសេនីយ៍ឯក​កងទ័ព​ម្នាក់ ដែល​ក្លែងបន្លំ​ការចោទប្រកាន់​។​

​ក្រៅពី​លុយ​ដែល​ទទួលបាន​ពី​លោក​ណា​ជីប ជនជាប់ចោទ រ៉ាវី ចាន់​ដា​រ៉ា​ន់ បាន​និយាយថា ខ្លួន​ក៏​ទទួលបាន​ការផ្តល់ជូន​នូវ​ទឹកប្រាក់​ចំនួន ២ លាន​រីង​ហ្គី​ត​ពី​ប្អូនប្រុស​របស់លោក​ម៉ូ​រ៉ា​អ៊ី គឺ​លោក ម័​រ​ហ្គា​ន (Morgan) ផងដែរ​ដើម្បី​សារភាព​ទោសកំហុស​នេះ​។​

​រ៉ាវី ចាន់​ដា​រ៉ា​ន់​ធ្លាប់បាន​ប្រាប់​តុលាការ​កាលពីពេល​មុន​ថា គាត់​ត្រូវបាន​ផ្តល់ជូន ១,៥ លាន​រីង​ហ្គី​ត​ដោយ​គ្រូពេទ្យ​កងទ័ព លោក អា គូ​ណា​ស៊ី​ហ្គា​រ៉ា​ន់ (R Kunaseegaran) ដើម្បី​សារភាព​ចំពោះ​ករណី​ឃាតកម្ម​នេះ​។​

​នៅពេល​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​មេធាវី​របស់​គ្រូពេទ្យ​កងទ័ព​កាលពី​ថ្ងៃ​អង្គារ​នោះ លោក​រ៉ាវី​ចាន់​ដា​រ៉ា​ន់​បាន​យល់ស្រប​ចំពោះ​ការ​លើកឡើងថា ទឹកប្រាក់​ដែល​គាត់​បានទទួល​ពី​បុគ្គល​ពាក់ព័ន្ធ​គឺមាន​ចំនួន ៧ លាន​រីង​ហ្គី​ត​។​

​ចំពោះ​ការ​លើកឡើងថា​គាត់​បាន​បង្កើត​សាច់រឿង​អំពី​ប្រាក់​នេះ​ឡើង​នោះ លោក​រ៉ាវី ចាន់​ដា​រ៉ា​ន់ បាន​និយាយថា គាត់​មិន​យល់ស្រប​នោះទេ​។​

​នៅពេល​សួរថា​តើ​គ្រូពេទ្យ​កងទ័ព​បាន​បង្គាប់​ឱ្យ​គាត់​សម្លាប់​លោក​ម៉ូ​រ៉ា​អ៊ី​ស​ឬ​អត់ ជនជាប់ចោទ​បាន​និយាយថា “​អត់​ទេ​”​។​

​សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ជនជាប់ចោទ​ក្នុងករណី​សម្លាប់​រដ្ឋអាជ្ញារង​សាធារណៈ​ម៉ាឡេស៊ី លោក ខេ​វិ​ន ម៉ូ​រ៉ា​អ៊ី​ស

ទីតាំងផ្សាយពាណិជ្ជកម្ម