បញ្ញវន្ត​សង្ឃ​បិណ្ឌ​បាត្រ​ជនានុជន​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​

1297
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​ពិភពលោក​ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​ស្រឡាញ់​បរិស្ថាន ហើយក៏​មាន​ជា​គំរូ និង ការបង្រៀន​ច្រើន​អនេកបរិយាយ អំពី​បរិស្ថាន ។ ទោះយ៉ាងណា នៅក្នុង​ពិធី​បុណ្យទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ និង ភ្ជុំបិណ្ឌ ជាដើម គេ​ឃើញ​មាន​សំរាម នៅ​ពាសពេញ​វត្ត​អារាម​មួយចំនួន ដែល​បានសេចក្តីថា អ្នក​កាន់​ព្រះពុទ្ធសាសនា​ខ្លះ មិនទាន់មាន​ស្មារតី​តាម​ការបង្រៀន នៃ សាសនា​របស់ខ្លួន​នៅឡើយ ។​

​ដូចដែល​បានដឹង និង រអ៊ូរទាំ​ស្ទើរ​គ្រប់គ្នា​ហើយ​ថា សំរាម កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ស្មុគស្មាញ​ទៅៗ​ជា​រៀងរាល់ថ្ងៃ ហើយ​បើតាម​ក្រសួងបរិស្ថាន គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ ក្នុង ១ ថ្ងៃ សំរាម ប្រមាណ​ជា ២.៧០០ តោន ត្រូវបាន​បង្កើតឡើង ។ ចំណែក​ក្នុងឱកាស​បុណ្យទាន​ធំៗ​ដូចជា​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​ជាដើម សំរាម ត្រូវបាន​បង្កើត​ច្រើនជាង​នេះ ហើយ​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា មិនមាន​ស្ថាប័ន​ណាមួយ​អាច​គ្រប់គ្រង​សំរាម តែ​ឯកឯង​បានឡើយ ពោលគឺ​គ្រប់គ្នា​ត្រូវតែ​បង្កើន​ភាពម្ចាស់ការ​ឱ្យ​កាន់តែ​ខ្ពស់​ក្នុង​ទុកដាក់ សំរាម ជាពិសេស​គឺ​សំរាម​ដែល​ពួកគេ​បង្កើត​រៀងៗ​ខ្លួន ។​

​ចំពោះ​រឿង​សំរាម​នេះ ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​ពន្យល់​ដល់​ពុទ្ធបរិស័ទ​អំ​ព សំរាម ថា  ដូចដែល​យើង​បានដឹង​មកហើយ​ថា ការ​ចោល​សំរាម​នៅក្នុង​វត្ត នាំមក​នូវ​បាបកម្ម រីឯ​ការ​បោសសម្អាត​វត្ត​អារាម នាំមក​នូវ​បុណ្យ​កុសល ។ ហេតុនេះ ពេល​ញាតិ​ញោម​អញ្ជើញ​ទៅធ្វើ​បុណ្យទាន​នៅតាម​វត្ត​អារាម មេត្តា​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី ចៀសវាង​នូវ​បាបកម្ម​ផង នាំ​ម​មក​នូវ​បុណ្យ​កុសល​ផង ។ ម្យ៉ាងទៀត ក៏​ដើម្បី ចៀសវាង​បាន​នូវ​ការ​និន្ទា​ថា​អ្នក​កាន់​ព្រះពុទ្ធសាសនា មិនមាន​វិន័យ​សណ្តាប់ធ្នាប់​ផង ព្រោះថា ព្រះសង្ឃ ដូនជី តាជី សិស្ស​និស្សិត​គ្រប់​វត្ត ខំប្រឹង​បោ​សម្អាត​ហើយ ប៉ុន្តែ​ប្រសិនបើ​ញាតិ​ញោម បោះចោល​ពាសវាល​ពាសកាល​នោះ វត្ត​អារាម​នានា ពិតជា​មិនអាច​គ្រប់គ្រង​សំរាម​បាន​ទាំងស្រុង​ឡើយ  ។​

ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង ( រូបៈ មេសា )

​អ្វីដែល​គេ​បានឃើញ និង រិះគន់​ជា​ញឹកញាប់​ដែរនោះ គឺ​អ្នកខ្លះ​ពេលធ្វើ​ដំណើរ​ត​តាម​យានជំនិះ​នានា ក្រោយពី​បរិភោគ​អាហារ ផ្លែឈើ និង ភេសជ្ជៈ ជាដើម​រួចហើយ ក៏​បោះ​កាកសំណល់​ទាំងនោះ ដូចជា​សំបក​ផ្លែឈើ ថង់ ឬ ពែង​កាហ្វេ និង សំបក​កំប៉ុង ជា​ដើ ចោល​នៅតាម​ផ្លូវ​យ៉ាង​រប៉ាត់រប៉ាយ ប្រហែលជា​ពួកគេ​គិតថា គ្មាន​អ្នកណា​ស្គាល់​ពួកគេ ដែល​តាមពិតទៅ ទោះជា​មាន​អ្នក​ស្គាល់ ឬ មិន​ស្គាល់​ក្តី ក៏​វា​ជា​សង្គម​របស់​យើងទាំងអស់គ្នា ហើយ​ជាពិសេស វា​បង្កើតបានជា​ទម្លាប់​មិនល្អ​ដល់​ពួកគេ និង ជា​គំរូ​អាក្រក់​ដល់​អ្នក​នៅ​ជុំវិញ​ពួកគេ ជាពិសេស​កុមារ ។​

​ចំពោះ​បញ្ហា​នេះ ព្រះមហា​សមណ​ខេ​មរ​បញ្ញវន្ត​សង្ឃ សឿ ហេង បិណ្ឌ​បាត្រ​ដល់​ជនានុជន​ថា ពេល​ជួបជុំ​សាច់ញាតិ​នៅតាម​គ្រួសារ​ក្តី ក៏​ត្រូវតែ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ដែរ ។ ចំពោះ​អ្នក​ដែល​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ពេល​បរិភោគ​អាហារ​ចំណី​រួចហើយ ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ហើយ​យកទៅដាក់​ក្នុង​ធុងសំរាម ចៀសវាង​ការ​ចោល​ពាសវាល​ពាសកាល ។ ធ្វើបែបនេះ​បាន ក៏​ចៀសវាង​បាន​នូវ​ការធ្វើឱ្យ​ខូច​បរិស្ថាន និង សោភណភាព​ផង នាំមក​នូវ​សុខ​ភាពល្អ​ផង ក៏​ជា​កិត្តិយស​មុខមាត់​ប្រទេសជាតិ​ទាំងមូល​ផង ក៏​ជាការ​បង្ហាញ​ទៅកាន់​ពិភពលោក​ទាំងមូល​ថា សង្គម​ខ្មែរ​មាន​សីលធម៌​ខ្ពស់​ក្នុង​ការរស់នៅ​ផង ។


​អ្នកខ្លះ​ដែលមាន​លំនៅឋាន​ជិត​វត្ត​អារាម ក៏​នាំគ្នា​យក​សំរាម ទៅ​គរ​ចោល​ក្បែរ​វត្ត​អារាម ចំណែក​អ្នក​ដែលមាន​លំនៅឋាន​ក្បែរ​ប្រឡាយ ឬ ប្រព័ន្ធ​បង្ហូរទឹក មាត់ទន្លេ មាត់បឹង​ជាដើម ក៏​នាំគ្នា​បោះ​សំរាម​គ្រប់​ប្រភេទ​ចោល​ទៅក្នុង ប្រឡាយ បឹង ឬ ទន្លេ ដែល​ប្រការ​ទាំងនោះ សុទ្ធតែជា​អ្វីដែល​ចាំបាច់​ត្រូវការ​ផ្លាស់ប្តូរ មុនពេល សំរាម ក្លាយជា វិបត្តិ ៕ Kh

ការ​ទុកដាក់​សំរាម ត្រូវការ​នូវ​ការ​ភាពម្ចាស់ការ​របស់​មនុស្ស​គ្រប់គ្នា ( រូបៈ ឯកសារ )

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម