​សត្វ​ខ្ទីង​មេ​មួយ​ក្បាល​កើតកូន​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​

4270
ចែករម្លែក
  • 69
    Shares

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ សត្វ​ខ្ទីង​មេ​មួយ​ក្បាល​បាន​បង្កើតកូន ឈ្មោល​ចំនួន​១​ក្បាល នៅក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ នេះ​បើតាម​គេហ៍ទំព័រ​នៃ​រដ្ឋបាល​ព្រៃឈើ​ផ្សាយ​កាលពី​ទី​១​តុលា​កន្លងទៅនេះ​។​

​ជា​សញ្ញា​ជោគជ័យ​មួយទៀត របស់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ក្នុង​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​។ កូន​ខ្ទីង​ឈ្មោល ដែល​ទើបនឹង​កើត​នេះ កំពុង​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​បសុពេទ្យ​និង​អ្នកថែរក្សា​សត្វព្រៃ​។​សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​គឺ​ប្រភេទ​សត្វ​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។​

អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ​គឺ ការរស់នៅ​ក្នុង ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ពិសេស​គឺ ការរេចរឹល​នៃ តំបន់​ព្រៃភ្នំ​ដែលជា​ទីជម្រក​របស់​ពួកវា​។ មួយវិញទៀត ដោយសារ​សត្វ​នេះ​មានតម្លៃ ពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់ ដោយ​ប្រើប្រាស់​កាំភ្លើង​។​

​ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់ លាតសន្ធឹង​រហូតដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង​។ ចំណែក . ក ខ្លី​បន្តិច រាង​មាំ ដោយមាន​បូក​នៅ ផ្នែក​ខាងក្រោម​។ ជើង​ទាំង​បួន​ចាប់ពី​ជង្គង់​ចុះក្រោម ពណ៌​ប្រផេះ ។ នៅលើ​ថ្ងាស​មាន​រោម​វែង​ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស ស្រាល​។ កូន​របស់​វា​មាន​ពណ៌​ត្នោត​រហូតដល់​វា​មាន​អាយុ​ពី ៤ ទៅ ៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ​។ ខ្ទីង​ញី​មាន​មាឌធំ និង​ស្នែង តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល ទេ​។​

​ស្នែង​ខ្ទីង​មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​ពណ៌ ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ រួច​កោង​ឡើង​ទៅលើ​ដូច ទន្សោង​ដែរ​។ ខ្ទីង​មាន​ទម្ងន់ ពី ៥០០ ទៅ ១.០០០​គីឡូក្រាម​។ ខ្ទីង ឈ្មោល ពេញវ័យ​មាន​កម្ពស់ ១,៨៥​ម៉ែត្រ និង ញី ១,៦០​ម៉ែត្រ ។ ខ្ទីង​ឈ្មោល​មាន​កម្ពស់​ខ្ពស់បំផុត​រហូតដល់ ២​ម៉ែត្រ ។​

​សត្វ​ខ្ទីង អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប​រហូតដល់​រយៈកម្ពស់ ២.០០០ ម៉ែត្រ (​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​)​។ ខ្ទីង​រស់នៅ​ក្នុ​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់ជាង​ទន្សោង ។ ជាធម្មតា ខ្ទីង​ចេញ​រកស៊ី​នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ វា​ចូល ចិត្ត​រស់នៅ​ជា​ហ្វូង​។ អាហារ​របស់​វា​គឺ ល្បាស់​ខ្ចី ទំពាំង ស្មៅ និង វ​ល្លិ៍​ជាដើម​។ ខ្ទីង​ញី អាចបង្កើត​កូន​បាន ១ បន្ទាប់ពី​ពពោះ រយៈពេល ៩​ខែ​។​

​ខ្ទីង​ជាស​ត្វ​មួយ​ប្រភេទ​ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង​ហើយ​ចំនួន​របស់​វា​មានការ​ថយចុះ​គួរ​ឲ្យ ពរួយបារម្ភ ។ ខ្ទីង រស់នៅក្នុង​តំបន់​មួយចំនួន​ដូចជា ភូមិភាគ​ឦសាន​ភូមិភាគ​ខាងជើង​ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង ខេត្តកំពង់ស្ពឺ ជាដើម​។​

​បច្ចុប្បន្ន ខ្ទីង​ស្ថិតក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​។ គេ​កម្រ​ឃើញ​វា​រស់​នៅតាម​វាលទំនាប​ណាស់​ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​កម្តៅថ្ងៃ​យូរពេក​ទេ​។ សត្វ​ខ្ទីង កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់​ដោយសារ​ការបាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​។ សត្វ​ខ្ទីង ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕S/

​សត្វ​ខ្ទីង​មេ​មួយ​ក្បាល​កើតកូន​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​


ទីតាំងផ្សាយពាណិជ្ជកម្ម