កម្ពុជា​-​ចិន​គ្រោង​នាំចេញ​ចេកអំបូង​លឿង​ទៅ​ចិន​ប្រមាណ​បី​ម៉ឺន​តោន​នៅ​២០១៩​ខាងមុខ​

1858
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ក្រុមហ៊ុន​”​ឡង​មេ​ត​អេ​ហ្គ្រី​ខ​ល​ឈ័​រ​”​ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​រវាង​ក្រុម​អ្នកវិនិយោគ​គិ​ន​ខ្មែរ​និង​ក្រុម​អ្នកវិនិយោគ​មកពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន​គ្រោង​នឹងធ្វើ​ការនាំចេញ​ចេកអំបូង​លឿង​ចំនួន​ប្រមាណ​០៣​ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ចិន​។​ដែលជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ​ដំបូង​២០១៩​ខាងមុខ​នេះហើយ​។

​លោក​ឧកញ៉ា​ផែ​ហុកឈួន​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ឡង​មេ​ត​អេ​ហ្គ្រី​ខ​ល​ឈ័​របា​ន​មានប្រសាសន៍ថា ក្រុមហ៊ុន​រំពឹងថា​នឹង​ប្រមូល​ផល​ចេក​នៅ​ដំណាច់​ឆ្នាំនេះ ព្រមទាំង​ធ្វើ​កែច្នៃ វេច​ខ្ចប់​នាំចេញ​ចេកអំបូង​លឿង​នៅ​ខែមករា​ដើមឆ្នាំ​២០១៩​នៅ​ឆ្នាំ​បន្តបន្ទាប់​ក្រុមហ៊ុន​នឹង​បង្កើត​ការនាំចេញ​ទ្វេដង​។​

​លោក​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​៣២​លាន​ដុល្លារ​អាមេរិក​ដាំចេក​អំបូង​លឿង​នៅលើ​ផ្ទៃដី​សរុប​ជាង​១.០០០​ហិកតា ក្នុងដំណាក់កាល​ទី​១ ស្ថិតនៅ​ភូមិ ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​។​ទាក់ទិន​នឹង​រឿង​ខាងលើនេះ​នៅក្នុង​ពិធី​សំ​ណះ​សំ​ណា​ល​ជាមួយ​បងប្អូន​កសិករ​និង​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៅ​កសិដ្ឋាន​ចំការចេក​ក្រុមហ៊ុន​ឡង​មេ​ត​អេ​ហ្គ្រី​ខ​ល​ឈ៍រ​។​

​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​និង​សមិទ្ធិផល​នានា​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ហើយ​រដ្ឋមន្ត្រី​ក៏បាន​សាទរ​ចំពោះ​ភាព​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​ដែល​បាន​ចាប់យក​ឱកាស​ធ្វើការ​វិនិយោគ​កសិដ្ឋាន​ចំការ​ចេកអំបូង​លឿង​។​ចំ​ពេលដែល​ទីផ្សារ​ចេក​នៃ​ប្រទេស​ចិន​ត្រូវបាន​បើក​ជូន​កម្ពុជា​តាមរយៈ​ការចុះ​ពិធីសារ​ស្តីពី​លក្ខ​ខ័​ណ្ឌ​ភូតគាម​អនាម័យ សំរាប់​ការនាំ​ចេក​កម្ពុជា​ទៅកាន់​ប្រទេស​ចិន រវាង​ក្រសួងកសិកម្ម និង​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពីដើម​ខែសីហា ឆ្នាំ​២០១៨​កន្លងមកនេះ​។​

​លោក​រដ្ឋមន្ត្រី​លើកឡើង​ទៀតថា សមិទ្ធិផល​នេះ ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម​និង​ប្រែក្លាយ​វិស័យ​កសិកម្ម​ទៅជា​ក​សិ​-​ឧស្សាហកម្ម​និង​វិស័យ​ឯកជន​ទៅជា​ក​សិ​ពាណិជ្ជករ រួមជាមួយ​ការ​ជម្រុញ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ដើម្បី​បង្កើន​ការទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ និង​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុមហ៊ុន​និង​កម្មករ​ដែល​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បានធ្វើការ​ឈូសឆាយ​រៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ និង​ដាំ​ដុះ​កូន​ចេក​បាន​ប្រមាណ​ជិត​៣០០​ហិកតា ក្នុងចំណោម​៤០០​ហិច​តា នៃ​ដំណាក់កាល​ទី​១ ដែលជា​ពូជ​ចេកអំបូង​លឿង​យក​មកពី​ប្រទេស​ចិន​ដែលជា​ពូជ​មាន​ប្រភពដើម​កំណើត​នៅ​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន​កសិដ្ឋាន​ចំការចេក​នេះ​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៥០០​នាក់​និង​ត្រូវ​ស្រូបយក​បន្ថែមទៀត​ដល់​១,០០០​នាក់ នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​។​

​ទន្ទឹមនេះ​លោក​ឧកញ៉ា​ផែ​ហុកឈួន​បាន​ជឿជាក់​ជាមួយនឹង​ការវិនិយោគ​ដំណាំ​ចេក​ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា​នេះដែរ​គឺជា​ការចូលរួមចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការផ្តល់​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​ក៏ដូចជា​ជួយ​កាត់បន្ថយ​ការ​ចំណាកស្រុក​ផងដែរ​៕S/

​កម្ពុជា​-​ចិន​គ្រោង​នាំចេញ​ចេកអំបូង​លឿង​ទៅ​ចិន​ប្រមាណ​បី​ម៉ឺន​តោន​នៅ​២០១៩​ខាងមុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម