មនុស្ស​ចាស់​របស់​រាជ​ធានី​ទាំងអស់​ទទួលបាន​ការ​យកចិត្តទុកដាក់​ពី​ការផ្តល់​, សេវា​សុខាភិបាល​សាធារណៈ​ដោយ​ឥតគិតថ្លៃ​

1185
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ សមាជិកសមាគម​មនុស្ស​ចាស់​របស់​រាជធានី​ភ្នំពេញ​ទាំងអស់​ទទួលបាន​ការ​យកចិត្តទុកដាក់​ពី​ការផ្តល់សេវា​សុខាភិបាល​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ជូន​ពួកគាត់ ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ពិធី​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​បងប្អូន​មនុស្ស​ចាស់​ជាច្រើន​រយ នាក់​។ លោក​អភិបាល​រាជធានី​បាន​បន្តថា “​មនុស្ស​ចាស់ ទោះបី​ពួកគាត់​បានក្លាយ​ជា​និវត្តន៍​ជន​ក៏ដោយ ប៉ុន្តែ​ពួកគាត់​នៅតែមាន​សមត្ថភាព និង​ជា​ប្រភព​ទុន​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ជួយ​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ ដែល​ក្មេង​ខ្លះ​មិនអាច​អនុវត្ត​ការងារ​បាន​ដូច​មនុស្ស​ចាស់​នោះទេ​”​។ កត្តា​ទាំងអស់​នេះហើយ ដែល​រដ្ឋបាល​រាជធានី ភ្នំពេញ​ត្រូវតែ​យកចិត្តទុកដាក់​ដល់​ពួកគាត់ ពិសេស​គឺ​ផ្តល់​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ និង​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
​ក្នុងនោះ​លោក អភិបាល​រាជធានី​លើកឡើង​ទៀតថា​៖ មនុស្ស​ចាស់​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ប្រមុខ​រាជរដ្ឋាភិបាល រហូត​មាន​ការជួយ​ឧបត្ថម​ជាច្រើន​រួម​ជាមួយនឹង​ការពិនិត្យ​ព្យាបាល ដោយ​មិន​យកប្រាក់​ផងដែរ​។ មនុស្ស​ចាស់​បាន​ពន្យល់​ទុក​នូវ​គុណបំណាច់​ជាច្រើន​ជូន​ជាតិ​មាតុភូមិ និង​ចូលរួម អភិវឌ្ឍន៍ ឈានដល់​ការរីកចំរើន ដែល​នេះហើយ​ជា​ស្នាដៃ​ដ៏​ធំធេង​សម្រាប់​ក្មេង​ជំនន់​ក្រោយ​។ លោក​អភិបាល​រាជធានី​ភ្នំពេញ ជាមួយគ្នា​នោះដែរ​បាន​ជ្រុ​ញ​អោយ​អាជ្ញាធរ​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី ត្រូវតែ​យកចិត្តទុកដាក់​ដល់​ម​នុស្ស​ចាស់ ពិសេស​សមាជិក​របស់​សមាគម​មនុស្ស​ចាស់ ដែល​រដ្ឋបាល​រាជធានី​បាន​បង្កើត​សមាគម​រួចមកហើយ​នៅតាម​សង្កាត់​និ​មួយៗ​។​
​ជាមួយគ្នា​នោះដែរ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និតិ​សម្បទា បាន​លើកឡើងថា “​តាម​ស្ថិតិ ឆ្នាំ​២០១៧ មនុស្ស​វ័យចាស់​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​អាយុ​៦១​ឆ្នាំ​ឡើងទៅ មាន​ចំនួន​១៣៣,៣៦៣​នាក់​”​។ លោកស្រី​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​យក​ជា​អាទិភាព​ឲ្យ​មន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី ដាក់​ប​ញ្ជូ​ល​កម្មវិធី និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់ ទៅក្នុង​កម្មវិធី​ប្រជុំ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សង្កាត់ ក្នុង​រាជធានី បន្ត​អនុវត្ត ចងក្រង​ពង្រឹង​និង​ពង្រីក​ជួយ​ដល់​សមាជិកសមាគម​មនុស្ស ដែល​បច្ចុប្បន្ន​មាន​ចំនួន​សមាជិក​សរុប​២០,១៦២​នាក់ ក្នុងនោះ​មាន​ស្ត្រី​១១,៥៧៤​នាក់​។​

​លោកស្រី មុំ ចាន់​ដា​នី បាន​បន្តទៀតថា​៖ បញ្ហា​ចម្បង​របស់​មនុស្ស​ចាស់ មាន​បញ្ហា​ប្រឈមមុខ​នោះ គឺ​សុខភាព ស្មារតី​ចងចាំ​ទន់ខ្សោយ ឱកាស​រកប្រាក់​ចំណូល​តិច​តូច ពិបាក​ក្នុងការ​ធ្វើដំណើរ ជាពិសេស ត្រូវ​ទទួលខុសត្រូវ ក្នុងការ​មើលថែ​ផ្ទះសំបែង និង​មើលថែ​កូនចៅ​។ មនុស្ស​វ័យចាស់​មួយចំនួនទៀត ដោយសារតែ​ស្ថានភាព​ទូ​ទល់​ក្រ ចេញទៅ​ស្វែងរក​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ និង​មនុស្ស​វ័យចាស់​មួយចំនួន​តូច​ត្រូវ​បានកូនៗ​បោះបង់ចោល ដោយ​កូន​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឬ​ចាក​ចេញពី​ផ្ទះសំបែង​យូរ ដោយ​ទុកអោយ​មនុស្ស​ចាស់​មើលថែ​ចៅៗ និង​ស្វែងរក​ថវិកា សម្រាប់​ជីវភាព​ប្រ​ចាម​ថ្ងៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម