ប្រតិភូ​ជាន់ខ្ពស់​ធុរកិច្ច​អាម៉េរិក អាស៊ានៈ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង កម្ពុជា​-​អាម៉េរិក នឹង​ឈាន​ទៅមុខ​មួយកម្រិត​ទៀត​

1191
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ប្រធាន​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន បាន​លើកឡើង​ថា តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​ស៊ី​ឌី​ស៊ី​,CDC) លោក​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក នឹង​ឈាន​ទៅមុខ​មួយកម្រិត​ទៀត​ជាក់​ជាមិនខាន​។​នេះ​បើ​យោង​ប្រភព ស៊ី​ឌី​ស៊ី​បញ្ជាក់​។​

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន ដឹកនាំ​ដោយ​លោក ម៉ៃ​ឃើ​ល មី​ខា​ឡិ​ក អនុប្រធាន​ក្រុមប្រឹក្សា និង​ជានា​យក​គ្រប់គ្រង​ថ្នាក់​តំបន់ (​រូបថត ស៊ី​ឌី​ស៊ី​)​

​ប្រភព​ខាងលើ​បញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃ​ពុធ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន ដឹកនាំ​ដោយ​លោក ម៉ៃ​ឃើ​ល មី​ខា​ឡិ​ក (Michael Michalak) អនុប្រធាន​ក្រុមប្រឹក្សា និង​ជានា​យក​គ្រប់គ្រង​ថ្នាក់​តំបន់ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ឯកជន​ធំៗ​របស់​សហរដ្ឋ​អាម៉េរិក សរុប ៣០​រូប​។​ក្នុងជំនួប​នេះ​លោក សុខ​ចិន្តា​សោភា​បាន​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​នាឱកាស​នេះ ដែលមាន​គោលបំណង​ជំរុញ​ទំនាក់ទំនង​អាជីវកម្ម រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ក៏ដូចជា​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព សក្ដានុពល​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​កម្ពុជា​។​លោក​រដ្ឋមន្ត្រី​ប្រតិភូ​បាន​ជម្រាបជូន​គណៈប្រតិភូ​ពី​គោលនយោបាយ​គាំទ្រ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​យ៉ាង​ប៉ិនប្រសប់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​បានដាក់​ចេញ​ក្នុងទិសដៅ​លើកទឹកចិត្ត​និង​ពង្រឹង​នូវ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​គ្រប់រូប​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​រួមបញ្ចូល​ទាំង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥២០២៥​ដែលមាន​ចក្ខុវិស័យ​ក្នុងការ​ជំរុញ​កែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហ កម្ម​អតិពលកម្ម ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។​

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន ដឹកនាំ​ដោយ​លោក ម៉ៃ​ឃើ​ល មី​ខា​ឡិ​ក អនុប្រធាន​ក្រុមប្រឹក្សា និង​ជានា​យក​គ្រប់គ្រង​ថ្នាក់​តំបន់ (​រូបថត ស៊ី​ឌី​ស៊ី​)​

​ចំណែក​លោក ម៉ៃ​ឃើ​ល មី​ខា​ឡិ​ក បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​របស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​​កម្ពុជា ហើយ​បានទទួល​ស្គាល់​និងរ​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដឹក នាំ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​។ លោក​ក៏បាន​ជម្រាបជូន​អង្គប្រជុំ​ពី​សាវតា​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន ថា​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​របស់​សហរ​ដ្ឋ​អាម៉េរិក ដែលមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ដើរតួនាទី​ចម្បង​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ធុរកិច្ច និង​វិនិយោគ ដោយបាន​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​។​

​លោក​បញ្ជាក់ បច្ចុប្បន្ន ក្រុមប្រឹក្សា​មាន ការិយាល័យ​ចំនួន​ប្រាំមួយ នៅក្នុង​បណ្តា​ទីក្រុង​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន រួមមាន​ទីក្រុង​បាងកក​(​ថៃ​), ហាណូយ​(​វៀតណាម​), ហ្សា​ការ​តា​(​ឥណ្ឌូនេស៊ី​), គូ​ឡា​ឡាំ​ពួរ​(​ម៉ាឡេស៊ី​), ម៉ានីល​(​ហ្វីលីពីន​) និង​សិង្ហ​បុរី​។ លោក​ប្រធាន​គណៈប្រតិភូ​បាន​បន្ថែមថា តាមរយៈ​កិច្ចពិភាក្សា​នា​ថ្ងៃនេះ លោក​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក នឹង​ឈាន​ទៅមុខ​មួយ​កម្រិត​ទៀត​ជាក់​ជាមិនខាន​។​

​គួររំឭកថា យោងតាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០១៨ ការវិនិយោគ​របស់​​ក្រុមហ៊ុន​សហរដ្ឋ​អាម៉េរិក​នៅ​កម្ពុ​ជាមាន​ចំនួន ៥២​គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ១,១​ប៊ី​លាន​ដុល្លារ​(១​ប៊ី​លាន​ស្មើ​១.០០០​លាន​) ក្នុងនោះ ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​មាន​ប្រមាណ ២៧៤​លាន​ដុល្លារ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម