រឿង​ជួញ​អាវុធ​បះបោរ​: តុលាការ​សម្រេច​ឃុំខ្លួន​មេខ្លោង​បញ្ជា​ទិញ​អាវុធ​

1867
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តុលាការ​បានសម្រេច​ឃុំខ្លួន​មេខ្លោង​ជួញដូរ​អាវុធ​ក្នុង​បំណង​បះបោរ​ប្រឆាំងនឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ដាក់ពន្ធនាគារ​ព្រៃ​ស និង​ចោទប្រកាន់​ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ការសម្រេច​នេះបានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ នេះ​។

ឈ្មោះ រស់ សាម៉ុន ហៅ ប៊ុន ប្រសើរ ហៅ ប្តិ​ន្តិ៍ ថង​ឌី (​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨)​

​ប៉ូលិស​បាន​នាំខ្លួន​មេខ្លោង​ជួញដូរ​អាវុធ​ក្នុង​បំណង​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែតុលា ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​។ ជន​ជួញដូរ​អាវុធ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ភូមិ​កំប្រា​ក់ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​២ ខែតុលា ​។
​មេខ្លោង​រូបនេះឈ្មោះ រស់ សាម៉ុន ហៅ ប៊ុន ប្រសើរ ហៅ ប្តិ​ន្តិ៍ ថង​ឌី ហៅ​ក្រូច អាយុ​៤២​ឆ្នាំ ជា​សមាជិក​ចលនារ​ណ​សិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​ ​សម សេរី ជា​មេដឹកនាំ​។​

នៅពេល​ចាប់ខ្លួន​សមត្ថកិច្ច​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បាន​រឹបអូស​វត្ថុតាង​មួយចំនួន​ដែរ រួមមានៈ អាវុធ​ចំនួន​ពីរ​ដើម (​ខ្លី​មួយ​ដើម និង​វែង​មួយ​ដើម​)​។ គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន រំសេវ​ផ្ទុះ​ចំនួន​៣២​ដើម គ្រាប់បែក​ចំនួន​បួន​គ្រាប់ ក្រាម​ពណ៌​ស​ថ្លា ទម្ងន់​មួយ​គីឡូក្រាម ម្ស៉ៅ​ពណ៌​លឿង​ទម្ងន់​មួយ​គីឡូក្រាម និង​សម្ភារៈ​មួយចំនួនទៀត​។

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ការចាប់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ ប្តិ​ន ថង​ឌី គឺ​បន្ទាប់ពី​ការចាប់ខ្លួន​មនុស្ស​៨​នាក់​ជាមួយនឹង​អាវុធ​២៨​ដើម​កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមក​ថ្មីៗ​នេះ ។

ឈ្មោះ រស់ សាម៉ុន ហៅ ប៊ុន ប្រសើរ ហៅ ប្តិ​ន្តិ៍ ថង​ឌី (​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨)​

​មន្ត្រីជាន់ខ្ពស់​តុលាការ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​៣ ខែតុលា ឲ្យ​ដឹងថា​មេខ្លោង​ឈ្មោះ ប្តិ​ន ថង​ឌី នេះ បាន​រង​ការឃុំខ្លួន​បណ្តោះអាសន្ន​ហើយ​នៅ​ពន្ធនាគារ​ព្រៃ ចោទ​ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ​និង​បទ​សន្និធិ​អាវុធ គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​បញ្ញត្តិ​មាត្រា ៤៨៦ និង​មាត្រា​៤៨៨​នៃ​ក្រម​ព្រហ្ម ទណ្ឌ​ប្រព្រឹត្ត​នៅ ចំណុច​រាជធានី​ភ្នំពេញ ខេត្តកំពត ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជួញដូរ​អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​ជា​បន្តបន្ទាប់ និង​បាន​ដកហូត​កាំភ្លើង​ចំនួន​៣០​ដើម រួមទាំង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន​។

​បើតាម​ឯកសារ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ នាពេល​កន្លងមក​បាន​បង្ហាញថា មេខ្លោង​រូបនេះ គឺជា​សមាជិក​របស់​ច​ល​នា​ក្បាល​ខ្លា ដែលមាន​ឈ្មោះ សោម ឯក ជា​មេដឹកនាំ​។ ចលនា​ក្បាល​ខ្លា បាន​កសាង​កងកម្លាំង​ប្រដាប់អាវុធ​នៅក្នុង​ព្រៃ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ឈ្មោះ សោម ឯក ដាក់ពន្ធនាគារ​។ ចលនា​ក្បាល​ខ្លា បាន​ចងសម្ព័ន្ធភាព​ជាមួយ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ របស់លោក សម សេរី​។​

​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើនេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ បានសម្រេច​ចោទប្រកាន់​មនុស្ស​៨​នាក់ ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ពីបទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​។

​ជន​ត្រូវ​ចោទ​ទាំង​៩​នាក់​រួមមាន​៖ ១. ឈ្មោះ សៀង វណ្ណ​ឌឿ​ន ២.​ឈ្មោះ វ៉ន ឡេង ៣.​ឈ្មោះ វ៉ន សាវ​ណ្ណ ៤.​ឈ្មោះ ថន សា​ម៉េ​ត ៥.​ឈ្មោះ ហេង ហៃ (​ស្រី​) ៦.​ឈ្មោះ ណុប វ៉ុ​ន ៧.​ឈ្មោះ សាន សៅ​រី ៨.​ឈ្មោះ ប៉ែន ប៊ុនធឿន និង​ទី​៩.​ឈ្មោះ រស់ សាម៉ុន ហៅ ប៊ុន ប្រសើរ ហៅ ប្តិ​ន្តិ៍ ថង​ឌី (​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨)​។​
​តាម​ចម្លើយសារភាព​បង្ហាញថា ក្រុម​របស់​ពួកគេ​ចង់​ងើប​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល និង​ស្វះ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម