រ៉ូ​ណា​ល់​ដូ​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​ការចោទប្រកាន់​ពីបទ​រំលោភ​តារា​បង្ហាញ​ម៉ូត​អាមេរិក

1291
ចែករម្លែក

​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​ការចោទប្រកាន់​ពីបទ​រំលោភ​ដែល​ធ្វើឡើង​ប្រឆាំងនឹង​រូបគេ​។​

​ខ្សែប្រយុទ្ធ​ក្រុម Juventus រូបនេះ កំពុង​ត្រូវបាន​ប្តឹង​ដោយ​ស្ត្រី​ម្នា​ក់នៅ​សហរដ្ឋអាមេរិក ដែល​អះអាងថា គាត់​បាន​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ឆ្នាំ ២០០៩​។​

​សរសេរ​លើ Twitter រ៉ូ​ណា​ល់​ដូ​បាន​និយាយថា “​ខ្ញុំ​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​ការចោទប្រកាន់​ដែល​កំពុង​ប្តឹង​ប្រឆាំងនឹង​រូបខ្ញុំ​។ ការចាប់រំលោភ​គឺជា​បទឧក្រិដ្ឋ​កម្ម​គួរឱ្យ​ស្អប់ខ្ពើម​ដែល​ប្រឆាំងនឹង​អ្វីៗ​គ្រប់យ៉ាង ដែល​ខ្ញុំ​ក៏​ស្អប់​និង​ជឿជាក់​ដូច្នោះ​ដែរ​។ ដើម្បី​លាងជម្រះ​ឈ្មោះ​របស់ខ្ញុំ ខ្ញុំ​សូម​បដិសេធ​មិន​ផ្តល់នូវ​ចំណី​អារម្មណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បង្កើតឡើង​ដោយ​ក្រុមមនុស្ស​ដែល​ស្វែងរក​ការផ្សព្វផ្សាយ​ឈ្មោះ​ខ្លួនឯង​នោះទេ​។ ដោយហេតុនេះ មនសិការ​ដ៏​ច្បាស់លាស់​របស់ខ្ញុំ​នឹង​អនុញ្ញាតឱ្យ​ខ្ញុំ​រង់ចាំ​ដោយ​ស្ងប់ស្ងាត់​នូវ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទាំងឡាយ​ឱ្យ​រួចរាល់​”​។​

​តារា​បង្ហាញ​ម៉ូត​មកពី​រដ្ឋ​ណេ​វ៉ា​ដា​រូប​នោះបាន​ចោទប្រកាន់​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ​ថា​បាន​បញ្ជូន “​ពួក​អ្នកដោះស្រាយ​បញ្ហា​” មួយក្រុម​ដើម្បី​រារាំង​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ និង​ល្បួង​នាង​ឱ្យនៅ​ស្ងាត់​មាត់​ជា​ថ្នូរ​នឹង​លុយ ៣៧៥.០០០ ដុល្លារ​។​

​ពាក្យបណ្តឹង​នោះ​និយាយថា ស្ត្រី​នេះ​កាលពី​ខែ​មុន​បាន​ស្នើឱ្យ​ប៉ូលិស​បើក​ការស៊ើបអង្កេត​ករណី​ព្រហ្មទណ្ឌ​នេះឡើយ​វិញ​។

​ប៉ូលិស​ក្រុង​ឡាស​វេ​ហ្គាស​បានបញ្ជាក់​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពី​ថ្ងៃ​ចន្ទ​ទី​១​តុលា​ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ករណី​រំលោភ​ផ្លូវភេទ​មួយ​ពី​ឆ្នាំ ២០០៩ ដែល​ប្តឹង​ដោយ​ស្ត្រី​ម្នាក់​មានឈ្មោះ​នៅក្នុង​ពាក្យបណ្តឹង​ថ្មី​នេះ​។

​ពាក្យបណ្តឹង​នោះ​ក៏បាន​ចោទ​រ៉ូ​ណា​ល់​ដូ ឬ អ្នកធ្វើ​ការឱ្យ​គាត់​ពីបទ​បំពាន​លើ​ខ្លួនប្រាណ បង្ក​ឱ្យ​នាង​ភ័យព្រួយ​ដោយ​ចេតនា ក្លែងបន្លំ​និង​បង្ខិតបង្ខំ រំលោភបំពាន​លើ​ជន​ងាយ​រងគ្រោះ រំលោភបំពាន​និង​ឃុបឃិត​គ្នា បរិហារកេរ្តិ៍ រំលោភបំពាន​លើ​នីតិវិធី​ប្តឹងផ្តល់ រំលោភ​កិច្ចសន្យា និង​ធ្វេសប្រហែស​បណ្តាលឱ្យ​លេច​ធ្លាយ​ព័ត៌មាន​លម្អិត និង ការដោះស្រាយ​ដោយ​សម្ងាត់​។​

​ពាក្យបណ្តឹង​នេះ​ស្នើសុំ​ឱ្យ​សង​ការខូចខាត​ជាទូទៅ ការខូចខាត​ពិសេស ការខូចខាត​ទណ្ឌកម្ម និង​ការជួយ​សង្គ្រោះ​ពិសេស ដែលមាន​ទឹកប្រាក់​លើស​ពី ៥០.០០០ ដុល្លារ​ក្នុង​មួយ​ករណី រួម​ជាមួយនឹង​កម្រៃជើងសា​រ ថ្លៃ​ជួល​មេធាវី និង​ថ្លៃឈ្នួល​សម្រាប់​តុលាការ​៕ ដោយ៖ កញ្ញាដាលីស

ខ្សែប្រយុទ្ធ​ក្រុម Juventus គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ

ទីតាំងផ្សាយពាណិជ្ជកម្ម