ទាហាន​ឥណ្ឌូនេស៊ី​ត្រូវបាន​បញ្ជា​ឱ្យ​បាញ់​លើ​ពួក​អ្នក​លួច​ទំនិញ​នៅ​តំបន់​គ្រោះមហន្តរាយ​រញ្ជួយ​ដី​

945
ចែករម្លែក

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃពុធទី៣តុលាថា ទាហានឥណ្ឌូនេស៊ីត្រូវបានបញ្ជាឱ្យបាញ់ទៅលើពួកអ្នកដែលចូលលួចទំនិញនៅកោះSulawesiដែលបានវាយប្រហារដោយរញ្ជួយដីនិងរលកស៊ូណាមីគឺ ក្រោយពីអ្នកនៅរស់រានមានជីវិត ដែលខ្វះខាតស្បៀងអាហារ បានឆ្មក់ចូលលួចរបស់របរដូចជាអាហារនិងទឹកនៅតាមហាងនានានៅកោះនេះ។

ប៉ូលិសបានចាប់បានមនុស្សរាប់សិបនាក់ដែលបានចូលលួចអ៊ីវ៉ាន់និងគ្រឿងអាហារផេ្សងៗនៅតំបន់រងគ្រោះនេះ នៅជិតឆ្នេរសមុទ្រនៃទីក្រុងPalu ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយនេះ។

មន្រ្តីយោធាក្នុងតំបន់ បាននិយាយថា ” បើសិន មានការលួចនោះ យើងនឹងបាញ់ព្រមានហើយនឹងបាញ់ដើម្បីបញ្ឈប់ការលួច”។

ការលួចកើតឡើង បន្ទាប់ពីមានការខ្វះខាតគ្រឿងផ្គត់ផ្គង់ដល់ជនរងគ្រោះ បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងនេះ ដែលបានសម្លាប់មនុស្សជាង១.៤០០នាក់។

ការិយាល័យជំនួយមនុស្សធម៌អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជិត២០០.០០០នាក់ផេ្សងទៀត ត្រូវការជំនួយជាបន្ទាន់។ ផ្ទះប្រមាណ៦៦.០០០ខ្នង ត្រូវបានបំផ្លាញឬខូចខាតដោយគ្រោះមហន្តរាយនេះ៕ដោយ:សុខា/sn

ទាហានឥណ្ឌូនេស៊ីដើរល្បាតនៅតំបន់ទីផ្សារនៅទីក្រុងPalu បន្ទាប់ពីរញ្ជួយដីនិងរលកស៊ូណាមីនៅតំបន់នេះ កាលពីថ្ងៃទី២៨ខែកញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម