អតីត​ជំទាវ​ទី​១​ម៉ាឡេស៊ី ត្រូវបាន​ចោទប្រកាន់​១៧​ករណី​ពីបទ​លាង​លុយ​និង​គេចពន្ធ​

1002
ចែករម្លែក

រ៉ូសម៉ា ម៉ាន់ស័រ ភរិយារបស់នាយករដ្ឋមន្រ្តីធ្លាក់ពីតំណែងលោកណាជីប រ៉ាហ្សាក់ មិនបានឆ្លើយទទួលកំហុសទេក្នុងពេលត្រូវបាននាំឡើងតុលាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤តុលា ក្រោយពីត្រូវបានចោទប្រកាន់១៧ករណី ពីបទលាងលុយនិងគេចពន្ធសរុបជាង៧លានរីងហ្គីត។

លោកស្រីត្រូវបានចោទប្រកាន់នៅតុលាការមួយក្រុងកូឡាឡាំពួរ ចំពោះការទទួលមូលនិធិបានមកពីសកម្មភាពលាងលុយ។

លោកស្រីរ៉ូសម៉ា បានបង់ប្រាក់២៥០.០០០រីងហ្គីតដើម្បីធានាខ្លួននៅក្រៅឃុំនិងបាននាំលិខិតឆ្លងដែន២ទៅតុលាការ ព្រមទាំងធានាថានឹងធ្វើតាមសំណើរបស់រដ្ឋអាជ្ញាដែលស្នើអោយប្រគល់លិខិតឆ្លងដែន។

ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច អតីតជំទាវទី១វ័យ៦៦ឆ្នាំនេះ បានទៅដល់តុលាការនៅម៉ោង៨កន្លះព្រឹក និងមើលទៅលោកស្រីហាក់រីករាយ និងញញឹម។

ស្វាមីរបស់លោកស្រីក៏បានបង្ហាញខ្លួននៅតុលាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍។លោកប្រឈមការចោទប្រកាន់៣២​ករណី ពាក់ព័ន្ធនឹងការរំលោភសេចក្តីទុកចិត្ត ការលាងលុយនិងរំលោភអំណាច។ការចោទប្រកាន់ទាំងនេះរួមមានការផ្ទេរលុយ៤២លានរីងហ្គីតពីសាខាក្រុមហ៊ុនរដ្ឋSRC ចូលក្នុងគណនីធនាគាររបស់លោក។

ក្នុងករណីលោកស្រីរ៉ូសម៉ា ពួកអ្នកស៊ើបអង្កេតជឿថាមូលនិធិមកពីSRC អាចយកទៅទិញផលិតផលប្រឆាំងវ័យចាស់តំលៃ១លានរីងហ្គីតមកពីសហរដ្ឋអាមេរិក។

រ៉ូសម៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្រោយចូលខ្លួនអោយមន្រ្តីគណៈកម្មាធិការប្រឆាំងអំពើពុករលួយសួរចម្លើយអស់ពេលជិត៥ម៉ោង។លោកស្រីបានចំណាយពេលមួយយប់នៅកន្លែងឃុំខ្លួនរបស់គណៈកម្មាធិការនេះមុនត្រូវបាននាំឡើងតុលាការ៕ដោយ៖វាសនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ