ទីរួមស្រុក​ព្រៃឈរ​ជា​កន្លែង​ប្រមូលផ្តុំ​ការផលិត​និង​លក់​នំ​ប្រពៃណី​ច្រើន​មុខ​

1885
ចែករម្លែក

ដោយ ​: គង់​ហេង​/កំពង់ចាម ៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​តា​រៀម និង​ភូមិ​ស្លែង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជាច្រើន​គ្រួសារ​បាននាំគ្នា​ចាប់យក មុខរបរ​ការផលិត និង​លក់​នំ ប្រពៃណី​ខ្មែរ ច្រើន​ឆ្នាំ​ហើយ ។ ដោយបាន​លក់​ចែកចាយ​ដល់​អតិថិជន ជា​អ្នក​និយម​បរិភោគ និង​យកទៅ​កាន់​ទីផ្សារ​ទូទាំង​ប្រទេស​។​

ទីតាំងនិង​សកម្មភាព​ផលិត​នំ​ចេកឆាប មួយកន្លែង​នៅ​អម​សងខាង​ផ្លូវជាតិ​៧ ភូមិ​ស្លែង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​

លោក សំរិទ្ធ អន មេឃុំ​ជ្រៃវៀន​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៨​ថា ក្នុងនោះ​ភូមិ​តា​រៀម មាន​ចំនួន ១៣ គ្រួសារ និង​ភូមិ​ស្លែង​មាន​ចំនួន​ជាង២០គ្រួសារ គឺជា​អ្នក​ផលិតនិង​លក់​នំ​ប្រពៃណី​ដូចជា​ នំ​ចេកឆាប នំ​ខ្លូត នំ​ថោង​នួន នំកង នំ​ដំឡូង​ឆាប នំកន្ត្រំ​… ជាដើម​។ ប៉ុន្តែ​នំ​ដែលមាន​ទីផ្សារ​លក់ដាច់​ជាងគេ​មាន នំ​ចេកឆាប និង​នំ​ខ្លូត​។​

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្តែ​ក្នុងចំណោម​នំ​ប្រពៃណី​ពី​បុរាណ ដែលមាន​ទីផ្សារ​លក់ដាច់​ជាងគេ គឺ​នំ​ចេកឆាប និង​នំ​ខ្លូត​។ ដោយ​នំ​ប្រភេទ​មាន​លក្ខណ​:​ស្រាល​ងាយ​វេច​ខ្ចប់ សម្រាប់​ការដឹក​ជ​ញ្ជួ​ន និង​មានតម្លៃ​សមរម្យ ប៉ុន្តែ​មាន​រសជាតិ​ឆ្ងុយឆ្ងាញ់​បែប​ធម្មជាតិ​។ ជាទូទៅ​សម្រាប់​ក្រុមគ្រួសារ​អ្នក​ផលិត​នំ​ប្រពៃណី ទាំងពីរ​ភូមិ​អាច​លក់​ជា​ចែកចាយ​ជា​មធ្យម​ក្នុង​គ្រួសារ ប្រហែល ៧០ គីឡូក្រាម​ក្នុង​មួយថ្ងៃ​។

អ្នកស្រី ហង់ ស្រី មាន​សមាជិកគ្រួសារ​ចំនួន ប្រាំបី នាក់​ជា​អ្នក​ផលិត​នំ​ចេកឆាប នៅ​ភូមិ​តា​រៀម ដែលមាន​ចម្ងាយ​ពី​ផ្សារ​ព្រៃទទឹង​ប្រមាណ ១.០០០ ម៉ែត្រ​បាន​ពោលថា គ្រួសារ​អ្នកស្រី​បាន​ចាប់យក​មុខរបរ​ផលិត​នំ​ចេកឆាប​នេះ ជាង​២០​ឆ្នាំ​ហើយ​។ ដោយ​ទិញ​ផ្លែ​ចេក​គិត​ជា​បេ មួយ បេ​ពី ១០.០០០​ទៅ ១៥.០០០ រៀល​ពី​ខាង​ទិស​រមណីយដ្ឋាន​ទឹកឆា និង​ពី​ខាង​បុសខ្នុរ ស្រុក​ចម្ការលើ​។​

ស្ត្រី​ដែលមាន​វ័យ ៥៦ ឆ្នាំ​រូបនេះ​បាន​លើកឡើងថា ក្នុងនោះ​គ្រួសារ​អ្នកស្រី​ផលិត​នំ​ប្រពៃណី​មួយ​នេះ​ជា​បី ប្រភេទ​មាន​ នំ​ចេកឆាប​ឆឹង​ជាមួយ​ស្ករស , នំ​ចេកឆាប​ផ្សំ​គ្រឿង និង​នំ​ចេកឆាប​សុទ្ធ ឬ​នំ​ចេកឆាប​ធម្មជាតិ​។ ដោយបាន​ផ្តើម​ផលិត​ជា​ទ្រង់ទ្រាយ​ធំ ចាប់ពី​ឆ្នាំ ២០០៨ លក់​ចែកចាយ​ដុំ​និង​រាយ​ដល់​អតិថិជន​យកទៅ លក់​បន្ត ក្នុង​ផ្សារ​ព្រៃទទឹង អ្នកលក់​អម​សងខាង​ផ្លូវជាតិ​លេខ​៧ ភូមិ​ស្លែង និង​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ទូទាំងប្រទេស​។​ដោយ​ក្នុង​មួយថ្ងៃ​ពី ១០០ ទៅ​២០០ គីឡូក្រាម និង​មួយ​គីឡូក្រាម​តម្លៃ​ពី៦.៥០០ ដល់ ៧.០០០ រៀល​។​

អ្នកស្រី ហង់ ស្រី បាន​បន្តថា តាមរយ​:​មុខរបរ​មួយ​នេះ គឺ​ពិតជា​មិនបាន​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​អ្នកស្រី​បាន​សល់​អ្វី​ជា​ដុំកំភួន​ប្រាកដ​មែន​។ ប៉ុន្តែ​អាច​សាងសង់​ផ្ទះ​ពី​ឈើ​ប្រក់​ក្បឿង និង​រៀប​បន្ទប់​ថ្ម​ពីក្រោម​រស់នៅ​មាន​សុខ​សុវត្ថិភាព​ល្អប្រសើរ​។ ពិសេស​បាន​ជួយ​ឲ្យ​គ្រួសារ រស់នៅក្នុង​ស្ថានភាព​គ្រួសារ​កម្រិត​មធ្យម​មួយ​ដែរ​។​

អ្នកស្រី អ៊ីវ ចិន្តា អាយុ ៥៥ ឆ្នាំ​ជា​អ្នកលក់​នំ​ប្រពៃណី​ម្នាក់ ក្នុងចំណោម​ច្រើន​នាក់​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្លែង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ បាន​និយាយថា អ្នកស្រី​បាន​សង់​ជា​រោង​ដាក់លក់​នំ​ចេកឆាប នំ​ខ្លូត នំ​ដំឡូង​ឆាប នំកង នំកន្ត្រំ នំ​ថោង​នួន ជាដើម​នៅខាងមុខ​ផ្ទះ​ខ្លួនឯង បាន​ចំនួនប្រាំ ទៅ ប្រាំមួយឆ្នាំ​ហើយ​។ ដោយបាន​ទទួល​នំ ពី​អ្នក​ផលិត​នៅ​ជុំវិញ​តំបន់​នេះ​។​

អ្នកស្រី ចិន្តា បាន​បន្តថា ក្នុង​មួយថ្ងៃ​អ្នកស្រី អាច​លក់បាន​ទាំង​ដើម ទាំង​ចុង​ពី ប្រាំ​ម៉ឺន ទៅ១០​ម៉ឺនរៀល​។ ដោយ​ទិញ​ភាគច្រើន​ជា​អ្នកធ្វើដំណើរ​តាមផ្លូវ បាន​និយម​ចូលចិត្ត​ទិញ​ជាងគេ​មាន​នំ ចេកឆាប និង​បន្ទាប់មក​នំ ខ្លូត​។ មុខរបរ​លក់​នំ​ប្រពៃណី​នេះ គឺអាច​ឲ្យ​អ្នកស្រី​ធានាបាន​នូវ​ការប្រាក់​បង់​ធនាគារ​មួយខែ​ចំនួន ១០០ ដុល្លារ និង​សម្រាប់​កូនស្រី​ម្នាក់​សិក្សា​នៅ​សាកលវិទ្យាល័យ នៅ​ក្រុង​កំពង់ចាម​នោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម