​មន្ត្រី​កាំកុងត្រូល​កោះកុង​ចុះ​ពិនិត្យ​គុណភាព​ចំណីអាហារ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​

1154
ចែករម្លែក

អត្ត​ប​ទៈ សុ​ផានី​តា​/​កោះកុងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម បើក​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ស្វែងរក​រាល់​ផលិតផល​ទំនិញ​គុណភាព​ឬ​ផ្ទុក​សារ​ធាតុគីមី​ទាំងឡាយណា ដែល​កំពុង​ដាក់តាំង​លក់​នៅ​ផ្សារ​ដងទង់​ក្រុង​ខេមរភូមិន្ទ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ​អំឡុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨​នេះ​។

​ជាទូទៅ​រដូវ​បុណ្យទាន​ម្តងៗ​គេ​តែង​ឃើញ​មាន​ឈ្មួញ​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​បន្លំ​ដាក់លក់​ទំនិញ​ហួស​សុពលភាព​ឬ​ផ្ទុក​សារធាតុ​គីមី​លើ​បន្លែ​ផ្លែឈើ​ត្រី​សាច់​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​យ៉ាងខ្លាំង​។​ជាក់ស្តែង​នៅ​ថ្ងៃទី​៤​តុលា​នេះ​ក្រុមមន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​តាម​ហាង​តូប​លក់ដូរ​ផលិតផល​ទំនិញ​នានា​ក្នុង និង​ក្រៅ​ផ្សារ​ដងទង់​ភ្លាមៗ​ដែរ​។​

​លោក​ជា​នី​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​តាម​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ក្រុមមន្ត្រី​របស់លោក ក្នុងចំណោម​ហាង​លក់​គ្រឿងទេស​ក្បែរ​ផ្សារ​ដងទង់ លួច​បន្លំ​ដាក់តាំង​ទឹកម្ទេស​ហួស​សុពលភាព​ចំនួន​១៦​ដប​ដោយបាន​អឹ​ប​អូស​ជា​ភស្តុតាង​។ រីឯ​បន្លែ ផ្លែឈើ ត្រី បង្គារ មឹក ពុំ​រកឃើញថា មាន​សារធាតុ​គីមី​នោះទេ​។​

​តែ​ទោះយ៉ាងណា​លោក​ជា​នី​ក៏បាន​ព្រមាន​ដល់​ម្ចាស់​អា​ជីក​រទាំង​ក្នុង​និង​ក្រៅ​ផ្សារ​ដងទង់​ចាំបាច់​បង្កើន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការតាំង​លក់​ផលិតផល​ទំនិញ​នានា​។​ត្រូវ​យកតែ​ផលិតផល​ណា​ដែលមាន​ថ្ងៃខែ​ឆ្នាំ​កាល​បរិ​ច្ឆ​ទ​ត្រឹមត្រូវ​ច្បាស់លាស់​ដើម្បី​ធាន​បាន​នូវ​សុខ​សុ​វត្តិភាព​ដល់​អ្នកប្រើប្រាស់​។​ករណី​មិន​អនុវត្តតាម​នឹង​រឹបអូស​កម្ទេចចោល​រួច​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​។​

​ដោយឡែក​អ្នកស្រី​រ៉េ​ន​ស្រីរ័ត្ន​ប្រជាពលរដ្ឋ​និង​លោក​ធន​វឿន​ម្ចាស់​អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​ដងទង់​បាន​គាំទ្រ​ពេញចិត្ត​ចំពោះ​អ្វី​ដែលជា​ចំណាត់ការ​របស់​មន្ត្រី​កាំ​កុង​នៅពេលនេះ​ខណៈ​មាន​ក្តីបារម្ភ​ខ្ពស់​ពី​គុណភាព​ចំណីអាហារ​តាម​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។​

ប្រជាពលរដ្ឋ​និង​អាជីវករ​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​បង្កើន​ការចុះពិនិត្យ​ស្វែងរក​សារធាតុ​និង​ទំនិញ​ហួស​សុពលភាព​ជាប្រចាំ​ព្រោះថា​រាល់​ផលិតផល​បើ​មើល​នឹង​ភ្នែក​មិនអាច​ដឹងថា​មានគុណ​ភាព​ឬ​អត់​ទេ​។​លុះត្រា​មាន​ឧបករណ៍​ពិនិត្យ​វាស់​ស្ទង់​ទើប​ដឹង​ពិតប្រាកដ​។​

​គួរ​ជម្រាប​ថា​ជា​យន្តការ​ទប់ស្កាត់​និង​បង្ក្រាប​ផលិតផល​ទំនិញ​ក្លែងក្លាយ​ឬ​ហួស​សុពលភាព​ប្រើប្រាស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង​តែង​ចុះ​ត្រួតពិនិត្យ​ស្វែងរក​សារធាតុ​គីមី​និង​ខូចគុណភាព​ជាប្រចាំ​ខែ​នៅតាម​ច្រកទ្វារព្រំដែន​ក៏ដូចជា​បណ្តា​ទីផ្សារ​លក់ដូរ​នានា​ក្នុង​ខេត្ត​ព្រមទាំង​បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​អា​ជីករ​និង​ប្រជាពលរដ្ឋ​អំពី​របៀប​មើល​គុណភាព​ទំនិញ​ទៀតផង​៕S/

មន្ត្រី​កាំកុងត្រូល​កោះកុង​ចុះ​ពិនិត្យ​គុណភាព​ចំណីអាហារ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​


ទីតាំងផ្សាយពាណិជ្ជកម្ម