ធនាគារពិភពលោក​: កំណើនសេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក នៅតែ​រឹងមាំ ទោះបីជា​អសន្តិសុខ​ពិភពលោក​មានការ​កើនឡើង​ក្តី​

4007
ចែករម្លែក

•​ ​សម្រាប់​ប្រទេសកម្ពុជា​នៅតែមាន​ភាពរឹងមាំ​ក្នុង​កម្រិត​មធ្យម​ជាង៦​ភាគរយ​

(​ភ្នំពេញ​)៖​យោងតាម​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ចុងក្រោយ​របស់​ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា ទោះបីជា​បរិយាកាស​ខាងក្រៅ​មាន​អំណោយផល​តិចតួច​ក្តី​ក៏​កំណើន សេដ្ឋកិច្ច​សម្រាប់ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​ព្យាករណ៍​ថា នៅតែមាន​ភាពល្អប្រសើរ​ដដែល​។ កំណើនសេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ចំនួន ៦,៣​ភាគរយ នៅក្នុង​ឆ្នាំ ២០១៨ ទាប​ជាង​ក្នុង​ឆ្នាំ ២០១៧ ដោយសារតែ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​បន្ត​កើនឡើង​ក្នុង​កម្រិត​ធ​ម្យ​ម ស្រប​ពេលដែល​សេដ្ឋកិច្ច​របស់ខ្លួន​កំពុង​បន្ត​មាន​តុល្យភាព​ឡើងវិញ​។​

​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​និង ប៉ាស៊ីហ្វិក​របស់​ធនាគា​រ​ពិភពលោក ចេញផ្សាយ​ក្នុង​ខែ តុលា ឆ្នាំ ២០១៨ ដែលមាន​ចំណងជើង​ថា​« ភាពមិន​ប្រាកដនិយម ក្នុង​ដំណើរ​បត់បែន​» បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ការកើតឡើង​ព្រម​គ្នា នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម អត្រា​ការប្រាក់​នៅ​សហរដ្ឋអាមេរិក​កើនឡើង​កាន់តែ​ខ្ពស់ ប្រាក់​ដុល្លារ​អាមេរិក​កាន់តែ​ល្អប្រសើរ​ជាង​មុន និង​អស្ថិរភាព​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅក្នុង ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​បាន​បង្កើន​ឲ្យ​មាន​ប៉ះពាល់​ដល់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច របស់​តំបន់​នេះ​។ ស្របពេល​ជាមួយគ្នានេះដែរ អតិផរណា​បានចាប់ផ្តើម​កើនឡើង​នៅក្នុង​ង​តំបន់ ជាពិសេស នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ារ ហ្វ៊ី​លី​ពិន និង​វៀតណាម​។​

​លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា «​កំណើនសេដ្ឋកិច្ច​ដែលមាន​សភាព​រឹងមាំ​បាននិងកំពុង​បន្ត​ក្លាយ ជា​កូនសោរ​គន្លឹះ​មួយ​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​និង​ភាព​ងាយ​រងគ្រោះ​នៅក្នុង​តំបន់​នេះ​។ ​ការការពារ​និយម​និង​អស្ថេរភាព​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ អាច​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុង ការជំរុញ​កំណើនសេដ្ឋកិច្ច​រយៈពេល​មធ្យម ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ ក្រីក្រ​តោកយ៉ាក​និង​ងាយ​រងគ្រោះ​បំផុត​។ នេះ​គឺជា​ពេលវេលា​មួយ​សម្រាប់​អ្នកតាក់តែង​គោល នយោបាយ​នានា​នៅ​ទូទាំង​តំបន់​នេះ​ដើម្បី​បន្ត​យ៉ាង​ប្រុងប្រយ័ត្ន និង​បង្កើន​ការត្រៀម​បង្ការ និង​ភាព​ធន់​នៃ​ប្រទេស​របស់ខ្លួន​»​។​

​គេ​រំពឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​កើនឡើង​យឺតៗ​ក្នុង​កម្រិត​មធ្យម​ដល់ ៦,៥​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៨ បន្ទាប់ពី​មានការ​រីកលូតលាស់​លឿន​ជាង​ការរំពឹងទុក​ក្នុង​ឆ្នាំ ២០១៧​។ កំណើនសេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក មិន​រាប់បញ្ចូល​ប្រទេស​ចិន ត្រូវបាន​គេ​រំពឹងថា នៅ​រក្សាបាន​លំនឹង​ក្នុង​កម្រិត ៥,៣​ភាគរយ ចាប់ពី​ឆ្នាំ ២០១៨ រហូតដល់​ឆ្នាំ ២០២០ ដែល​កំណើន​នេះ​កើន​ឡើងជា​ចំបង​ដោយសារ មាន​តម្រូវការ​ក្នុងស្រុក​។

​កំណើន​របស់​ប្រទេស​ថៃ និង​វៀតណាម ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាពរឹងមាំ​នៅក្នុង​ឆ្នាំ ២០១៨ មុននឹង​ធ្លាក់ចុះ​យឺតៗ​នៅក្នុង​ឆ្នាំ​២០១៩​និង​២០២០​ដោយសារតែ​បរិមាណ​តម្រូវការ ក្នុងស្រុក​ដែល​រឹងមាំ​ជាងគេ​នោះ​អាច​ទប់ទល់​ទៅនឹង​កំណើន​នាំចេញ​សុទ្ធ​ដែលមាន​ល្បឿន​មធ្យម​បានតែ​មួយផ្នែក​ប៉ុណ្ណោះ​។ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​គួរតែ​នៅ​ថេរ​ដោយសារតែ​លទ្ធភាព​វិនិយោគ​និង​ការប្រើប្រាស់​ជា​លក្ខណ​បុគ្គល​មាន​ភាពល្អប្រសើរ​ជាង​មុន​។ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ហ្វ៊ី​លី​ពី​ន​ក្នុ្ង​ង​ឆ្នាំ ២០១៨ នឹង​ទំនង​ជាមាន​សភាព​កើនឡើង​យឺត ក៏ប៉ុន្តែ​ការពង្រីក​ការវិនិយោគ សាធារណៈ​ដែល​បាន​រំពឹងទុក​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក្នុង​រយៈ ពេល​មធ្យម​។ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​គេ​រំពឹងថា​នឹង​ថយចុះ ដោយសារតែ​កំណើន​នៃ​ការនាំចេញ​ធ្លាក់ចុះ និង​វិនិយោគទុន​សាធារណៈ ថយចុះ​ទាប​ទៅៗ បន្ទាប់ពី​មានការ​លុបចោល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ចំនួន​ពីរ​។​

​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ដែលមាន​ទំហំ​សេដ្ឋកិច្ច​តូចៗ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក នៅតែមាន​ភាពរឹងមាំ ក្នុង​កម្រិត​មធ្យម​ជាង ៦​ភាគរយ​ប្រចាំឆ្នាំ សម្រាប់​ប្រទេស កម្ពុជា ឡាវ ម៉ុង​ហ្គោ​លី និង​មី​យ៉ាន់​ម៉ារ ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់ ២០២០​។ គេ​រំពឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទី​ម័​រ នឹង​ចាប់ផ្តើម​ងើបឡើង​វិញ បន្ទាប់ពី​ភាពជាប់គាំង នយោបាយ​ត្រូវបាន​ដោះស្រាយ ចំណែកឯ​សេដ្ឋកិច្ច​របស់​ប្រទេស ប៉ា​ពូ​ញូ​ហ្គី​នី​ត្រូវបាន​គេ រំពឹងថា​នឹង​ងើបឡើង​វិញ​ដែរ​នៅក្នុង​ឆ្នាំ ២០១៩ ក្រោយពី​មាន​រញ្ជួយ​ដី​ដ៏​ធំ​កាលពីដើម​ឆ្នាំនេះ​។ កំណើនសេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​នៅលើ​កោះ​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​រំពឹងថា​នឹង​នៅ​ថេរ ទោះបីជា​ប្រទេស​ទាំងនេះ​ងាយ​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ​ច្រើនក្តី​។​

​លោក ស៊ុ​ឌៀ សេ​តទី​ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់ អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក បាន​មានប្រសាសន៍ថា «​ការធ្វើសមាហរណកម្ម​តំបន់ និង​ពិភពលោក​នៃ ប្រទេស​ភាគច្រើន​នៅក្នុង​តំបន់​នេះ​ជួយ​ពង្រឹង​ភាព​ងាយ​រងគ្រោះ របស់​ប្រទេស​ទាំងនេះ ទៅនឹង​ផលប៉ះពាល់​ពី​កត្តា​ខាងក្រៅ​។​ហានិភ័យ​សំខាន់ៗ​ដែល​អាច​កើតមានឡើង​ចំពោះ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ដែល​កំពុង​បន្ត​កើនឡើង​រួមមាន​ការកើនឡើង​នៃ​ការការពារ​និយម​កំណើន​នៃ​អស្ថិរភាព​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ទំនាក់ទំនង​ជាមួយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សារពើពន្ធ​និង​ហិរញ្ញវត្ថុ​ក្នុងស្រុក​»​។​

​លោក សេត​ទី បាន​មានប្រសាសន៍​បន្ថែមទៀត​ថា «​នៅក្នុង​បរិបទ​នៃ​ការកើនឡើង​ហានិភ័យ​នេះ ប្រទេស​កំពុង​អភិវឌ្ឍ​នានា​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ចាំបាច់​ត្រូវ​ប្រើប្រាស់​នូវ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ត្រៀម​បង្ការ និង​គោលការណ៍​រចនាសម្ព័ន្ធ​ដែលមាន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​កត្តា​ខាងក្រៅ និង​បង្កើន​អត្រាកំណើន​ដែលមាន​សក្តានុពល​»​។​

​របាយការណ៍​នេះ​បានបង្ហាញ​អំពី​វិធីសាស្ត្រ​មួយ​ដែលមាន​បួន​ផ្នែក​សម្រាប់​បណ្តា​ប្រទេស កំពុង​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា ដើម្បី​ដោះស្រាយ​ហានិភ័យ​ដែល​កំពុង​កើតឡើង​ទាំងនេះ​៖

•​ ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​រយៈពេល​ខ្លី​និង​កសាង​ប្រព័ន្ធ​ការពារ គោលនយោបាយ​។ គោលនយោបាយ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ហានិភ័យ ផ្នែក​ហិរញ្ញវត្ថុ អាចជួយ​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កាត់បន្ថយ អស្ថិរភាព ទីផ្សារ​មូលធន និង​គ្រប់គ្រង​ការប្រែប្រួល​នៃ​អត្រា​ប្តូរប្រាក់​។
​ភាពបត់បែន​កាន់តែ​ច្រើនជាង​មុន​នៃ​អត្រា​ប្តូរប្រាក់​អាចជួយ​ស្រូបយក​និង​សម្រប​តាម ផលប៉ះពាល់​ពី​កត្តា​ខាងក្រៅ​បាន​។ គោលនយោបាយ​សារពើពន្ធ​ដែល​តឹងតែង​ជាង​មុន អាចជួយ​រក្សា ឬ​កសាង​ប្រព័ន្ធ​ការពារ​ឡើងវិញ​ដើម្បី​ទប់ទល់​ជាមួយ​ការធ្លាក់ចុះ​នៅ​ថ្ងៃ​អនាគត ដោយ​គ្មាន​ការគំរាមកំហែង​ដល់​និរន្តរភាព​នៃ​បំណុល​។​

•​ ​បង្កើន​ការធានា​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​និង​វិនិយោគទុន​អន្តរជាតិ​ដែលមាន​លក្ខណ​បើកចំហ​និង​ផ្អែកលើ​ច្បាប់​ជា​មូលដ្ឋាន រួមទាំង​តាមរយៈ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់ តែ​ខ្លាំង​ជាង​មុន​ទ្វេដង​។​ប្រទេស​ក្នុង​តំបន់​អាច​ទទួលបាន​អត្ថប្រយោជន៍​តាមរយៈ​ការពង្រឹង​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​អនុគ្រោះ និង​កាត់បន្ថយ​រនាំង​មិនមែន​ពន្ធគយ​។ ការកើនឡើង​បន្ថែម ទៀត​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​អាច​ជៀសវាង​បាន​តាមរយៈ​ការ​ងាក​ទៅរក​ការ ចរចា​ទ្វេភាគី ឬ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

•​ ​ពង្រឹង​ការធ្វើកំណែទម្រង់​រចនា​សម្ព័ន្ធ​រួមទាំង​ការធ្វើ​សេរីភាវូបនីយកម្ម វិស័យ​សំខាន់ៗ ការកែលម្អ​បរិយាកាស​ពាណិជ្ជកម្ម និង​ការបង្កើន​ភាព​ប្រកួតប្រជែង​។ ការរៀបចំ​ប្រតិបត្តិការ​ឲ្យ​បានល្អ​រវាង​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ជាមួយនឹង​ក្រុមហ៊ុន​ធំៗ និង​រវាង​ក្រុមហ៊ុន​បរទេស​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​ក៏​អាចជួយ​កាត់បន្ថយ​ការបែងចែក ធនធាន​ខុស​គោលដៅ និង​ជួយ​បង្កើត​ការងារ​បាន​ផងដែរ​។​

•​ ​ពង្រឹង​សន្តិសុខ​សេដ្ឋកិច្ច និង​ជំរុញ​ចល័តភាព​សេដ្ឋកិច្ច តាមរយៈ​កម្មវិធី​នានា​ដូចជា ការផ្ទេរ​ប្រាក់​តាម​គោលដៅ ប្រព័ន្ធ​ធានារ៉ាប់រង​សង្គមកិច្ច​ប្រកបដោយ​និរន្តរភាព​ការទទួល បាន​សេវា​សុខភាព​ទារក​ក្នុង​ផ្ទៃ និង​កុមារ​តូច​ឲ្យ​បាន​ប្រសើរ​ជាង​មុន និង​ធនធាន​បន្ថែម ទៀត​សម្រាប់​ចូល​សិក្សា​នៅក្នុង​តំបន់​ដែល​ក្រីក្រ​ដើម្បី​កាត់បន្ថយ​គម្លាត​ក្នុងការ​ទទួលបាន និង​គុណភាព​នៃ​ការអប់រំ​។​

​សម្រាប់​ប្រទេស​នានា​នៅលើ​កោះ​ប៉ាស៊ីហ្វិក​របាយការណ៍​នេះ​បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​ចាំបាច់ ក្នុងការ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការថែរក្សា​និរន្តរភាព​សារពើពន្ធ​និង​បំណុល​ខណៈដែល កំពុង​បន្ត​ពង្រឹង​ភាព​ធន់​របស់ខ្លួន​ទៅនឹង​គ្រោះមហន្តរាយ​។ កិច្ចប្រឹងប្រែង​បន្ត​ក្នុងការ​ពង្រឹង​គោលនយោបាយ​បំណុល​និង​ការគ្រប់គ្រង​បំណុល​ការកែ លម្អ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការបង្កើន​គុណភាព​នៃ​ចំណាយ​នឹងមាន​សារៈសំខាន់ ចំពោះ​ការកែលម្អ​និរន្តរភាព​បំណុល​។ ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​នាពេល​អនាគត​នឹង​ទាមទារ​នូវ​ការកសាង ប្រព័ន្ធ​ការពារ​សារពើពន្ធ កែលម្អ​ការត្រៀម​បង្ការ គ្រប់គ្រង និង​កាត់បន្ថយ​វិបត្តិ និង​ពង្រីក​យន្តការ​ការពារ​សង្គម​ដែល​បានកំណត់​៕ ដោយ​: សុផល​

ទីតាំងផ្សាយពាណិជ្ជកម្ម