បណ្តា​ប្រទេស​លោកខាងលិច​ចោទ​រុស្ស៊ី​ថា​ធ្វើ​យុទ្ធនាការ​លួច​ឆ្មក់​វាយ​តាម​អ៊ី​ន​ធឺ​ណេ​ត (Hack) ទូទាំង​សកលលោក​

1029
ចែករម្លែក

​បណ្តា​ប្រទេស​លោកខាងលិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​តុលា​បានចេញ​ការចោទប្រកាន់​រួមគ្នា​ទៅលើ​ប្រទេស​រុស្ស៊ី ថា​កំពុងដំណើរការ​អ្វីមួយ ដែល​ពួកគេ​ពណ៌នា​ថា​ជា​យុទ្ធនាការ​លួច​ឆ្មក់​វាយ​តាម​អ៊ី​ន​ធឺ​ណេ​ត (Hack) ទូទាំង​សកលលោក ដោយ​ផ្តោត​គោលដៅ​ទៅលើ​ស្ថាប័ន​នានា រាប់​ចាប់ពី​កីឡា​រហូតដល់​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​និង​អង្គការ​ឃ្លាំមើល​អាវុធ​គីមី​។​

​នៅក្នុង​ភាសា​ធ្ងន់ៗ​បំផុត​ធ្វើឡើង​ដាក់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ចាប់តាំងពី​សង្គ្រាមត្រជាក់ អង់គ្លេស​បាន​និយាយថា រុស្ស៊ី​បានក្លាយ​ជា “​រដ្ឋ​ថោកទាប​”​។​

​សហរដ្ឋអាមេរិក​បាន​និយាយថា​មូ​ស្គូ​ត្រូវតែ​រ៉ាប់រង​ចំពោះ​ផលវិបាក​សម្រាប់​សកម្ម​ភាព​របស់ខ្លួន​។ ហើយ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​បានចេញ​នូវ​ការវាយតម្លៃ​យ៉ាងច្បាស់​អំពី​អ្វីដែល​ពួកគេ​បាន​ពណ៌នា​ថា​ជា​យុទ្ធនាការ​លួច​ឆ្មក់​វាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ទីភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី ហៅថា GRU​។​

​រុស្ស៊ី​បាន​បដិសេធ​នូវ​អ្វីដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ខ្លួន​បាន​ហៅថា​ជា ការចោទប្រកាន់​ប្រៀប​បីដូច “​ស្រា​ក្រឡុក​ទឹកអប់​ក្លិនស្អុយ​” ដែល​ប្រឌិត​ឡើង​ដោយ​កំពូល​អ្នក​ពូកែ​ស្រមើស្រមៃ​។​

​ប៉ុន្តែ​ការចោទប្រកាន់​នេះ​បានធ្វើឱ្យ​រុស្ស៊ី​កាន់តែ​ឱ​កោ​ក្នុង​គ្រា​ដែល​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាមួយ​លោកខាងលិច​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន​ជុំវិញ​ការបំពុល​របស់​អតីត​ចារកម្ម​ម្នាក់ និង​ចំពេល​ដែល​រុស្ស៊ី​កំពុងស្ថិត​នៅក្រោម​ការដាក់​ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅក្នុង​អ៊ុយ​ក្រែ​ន​។​

​អង់គ្លេស​និង​ហូ​ឡង់​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​បញ្ជូន​អង់​តែ​ន​វ៉ា​យ​ហ្វា​យ​ទៅកាន់​ទីក្រុង​ឡាអេ​ដើម្បី​ព្យាយាម​ឆ្មក់​លួច​ចូលក្នុង​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) ខណៈដែល​ខ្លួន​កំពុង​ស៊ើបអង្កេត​ការវាយប្រហារ​ទៅលើ​អតីត​ចារកម្ម​ម្នាក់​នៅ​អង់គ្លេស​។​

​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី​សង្ស័យ​ចំនួន ៧​នាក់​ពីបទ​រួមគំនិត​ឆ្មក់​ចូល​កុំព្យូទ័រ​និង​លួច​យក​ទិន្នន័យ​ដើម្បី​លុបចោល​ស្ថានភាព​ស្របច្បាប់​របស់​ប​ណ្តា​អង្គការ​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​និង​ដាក់ទណ្ឌកម្ម​មន្ត្រី​ដែល​បានបង្ហាញ​ពី​កម្មវិធី​ផ្តល់​សារធាតុ​ហាមឃាត់​ដល់​អត្ត​ព​លិ​ក​ដែល​គាំទ្រ​ដោយ​រដ្ឋ​រុស្ស៊ី​។​

​ពួកគេ​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ព្យាយាម​ឆ្មក់​លួច​ទិន្នន័យ​របស់​រោងចក្រ​នុយក្លេអ៊ែរ Westinghouse Electric Co ផងដែរ ដែល​ផ្គត់ផ្គង់​ឥន្ធនៈ​អា​តូ​ម៉ិ​ក និង​គំរូ​ប្លង់​រោងចក្រ​។ ក្រសួងយុត្តិធម៌​អាមេរិក​បាន​និយាយថា​ម្នាក់​ក្នុងចំណោម​ជនជាប់ចោទ​រុស្សី​ទាំង​៧​នាក់​បានធ្វើការ​ស៊ើបការណ៍​សម្ងាត់​ទៅលើ​បុគ្គលិក​និង​បាន​លួច​លេខ​កូដ​សម្ងាត់​របស់​ក្រុមហ៊ុន​។

​បីនាក់​ក្នុងចំណោម​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋអាជ្ញា​ពិសេស ដែល​កំពុង​ស៊ើបអង្កេត​ការចោទប្រកាន់​រុស្ស៊ី​ពីបទ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ ដែល​ក្រុង​មូ​ស្គូ​បដិសេធ​៕ ដោយ៖ កញ្ញាដាលីស

អគារ​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) នៅ​ទី​ក្រុងឡាអេ

ទីតាំងផ្សាយពាណិជ្ជកម្ម