រដ្ឋមន្ត្រី​អ៊ីស្រាអែល​៖ S-300​មិនអាច​ចាប់​សញ្ញា​យន្តហោះ​បំបាំងកាយ​របស់​យើង​បានទេ​

3351
ចែករម្លែក

កាលពីថ្ងៃអង្គារទី០២តុលា រុស្ស៊ីបានប្រកាសថា ខ្លួនបានបញ្ជូនប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះធុនS-300ទៅដល់ស៊ីរី និងបានរៀបដំឡើងរួចអស់ហើយនៅសល់តែបង្រៀនទាហានស៊ីរីអោយចេះប្រើប៉ុណ្ណោះ ខណៈដែលរដ្ឋមន្រ្តីស៊ីរីបានអួតអាងថា ការមកដល់នៃប្រព័ន្ធកាំជ្រួចការពារដែនអាកាសទំនើបនេះ នឹងធ្វើអោយអ៊ីស្រាអែលលែងហ៊ានធ្វើអ្វីផ្តេសផ្តាសនៅក្នុងទឹកដីរបស់ខ្លួន។

តែមន្រ្តីអ៊ីស្រាអែលម្នាក់បាននិយាយថា យន្តហោះបំបាំងកាយរបស់អ៊ីស្រាអែលអាចគេចផុតពីការបាញ់ប្រហារដោយកាំជ្រួចS-300ដែលរុស្ស៊ីទើបផ្តល់អោយស៊ីរី ហើយខ្លួន(អ៊ីស្រាអែល)ថែមទាំអាចបំផ្លាញវាចោលនៅលើដីទៀតផង។

ហ្សាជី ហាណេកប៊ី រដ្ឋមន្រ្តីកិច្ចសហការតំបន់របស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា” អ្នកដឹងទេ យើងមានយន្តហោះបំបាំងកាយ ជាយន្តហោះល្អបំផុតនៅក្នុងលោក។កាំជ្រួចទាំងនេះមិនអាចចាប់សញ្ញាឬរូបភាពរបស់វាបានទេ”។

លោកចង់និយាយសំដៅយន្តហោះបំបាំងកាយF-35 Joint Strike Fighters ដែលអ៊ីស្រាអែលបានមកពីអាមេរិក។

កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូបានបញ្ជូនប្រព័ន្ធកាំជ្រួចS-300ទៅដល់ស៊ីរី ដើម្បីបង្កើនសន្តិសុខបុគ្គលិកយោធារុស្ស៊ីនៅក្នុងប្រទេសនេះ ក្រោយពីកងកម្លាំងស៊ីរីបានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍រុស្ស៊ីដោយច្រឡំនិងសម្លាប់ទាហានរុស្ស៊ី១៥នាក់។ចំពោះឧបទ្ទវហេតុនេះ រុស្ស៊ីបន្ទោសអ៊ីស្រាអែលបានមានចេតនាយកយន្តហោះរុស្ស៊ីជាខែល ខណៈយន្តហោះអ៊ីស្រាអែលធ្វើការវាយប្រហារលើទីតាំងក្នុងប្រទេសស៊ីរី។

ក្នុងពេលជាមួយគ្នា អ៊ីស្រាអែលនិយាយថាខ្លួននៅតែធ្វើការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរីដើម្បីបំផ្លាញចោលកម្លាំងអ៊ីរ៉ង់និងការបញ្ជូនអាវុធរបស់អ៊ីរ៉ង់ឬពួកយុទ្ធជនហេហ្ស៍បូឡានៅលីបង់ ដែលទាំងពីរជាសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងដាម៉ាស។

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលបាននិយាយថា ការបញ្ជូនS-300ទៅអោយស៊ីរីនឹងមិនអាចរារាំងអ៊ីស្រាអែលបន្តប្រតិបត្តិការយោធានៅក្នុងប្រទេសអារ៉ាប់ដែលដាចដោយដោយសង្រ្គាមមួយនេះបានទេ៕ដោយ៖វាសនា

យន្តហោះបំបាំងកាយF-35 Joint Strike Fighters ដែលអ៊ីស្រាអែលបានមកពីអាមេរិកអាចជាជំរើសបន្ទាប់ពីស៊ីរីមានកាំជ្រួចS-300

 

ទីតាំងផ្សាយពាណិជ្ជកម្ម