ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​-​ហ្វឿ​ក​តឹ​ន

1974
ចែករម្លែក
  • 34
    Shares

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក ផាម វ៉ាន់​តឹ​ន អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ ១១​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សហការ​រៀបចំ​ពិធី​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​-​ហ្វឿ​ក​តឹ​ន ខាង​ផ្នែក​កម្ពុជា​ស្ថិតនៅ​ភូមិ​វាល ឃុំ​បុស​មន ស្រុក​រំដួល ស្វាយរៀង និង​ខាង​ផ្នែក​វៀតណាម ស្ថិតនៅ​ភូមិ​ថា​ញ់​តៃ ឃុំ​ថា​ញ់​ឡុង ស្រុក​ចូ​វ​ថា​ញ់ ខេត្ត​តៃនិញ ដែល​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​សម្រេច​ដំឡើង​កម្រិត​ពី​ច្រកទ្វារ​តំបន់​ព្រំដែន ទៅជា​ច្រកទ្វារព្រំដែន​ទ្វេភាគី កាលពីពេល​កន្លងទៅ ។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​បណ្ឌិត គឹម ធា សមាជិក​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អ៊ឹម ហេន អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ លោក ង្វៀន យី​ចៀន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​កិច្ចការ​ព្រំដែន​វៀតណាម លោក ង្វៀន វ៉ាន់​ណា​ម មេបញ្ជាការរង​យោធភូមិភាគ​ទី​៧ កងទ័ព​ប្រជាជន​វៀតណាម លោក ង្វៀន មិញ​តឹ​ន អនុ​លេខា​ប្រចាំការ​គណៈកម្មាធិការ​ប​ក្ស​ខេត្ត​តៃនិញ ព្រមទាំង​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ តំណាង​កងកម្លាំង មន្ទីរ​-​អង្គភាព អាជ្ញាធរ​ជាប់​ព្រំដែន សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន និង​បងប្អូន​អាជីវករ ពាណិជ្ជករ នៃ​ខេត្ត​ទាំងពីរ​យ៉ាងច្រើន​កុះករ ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការអបអរសាទរ​យ៉ាង​ក្រៃលែង ចំពោះ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ច្រកទ្វា​ព្រំដែន​ទ្វេភាគី​របស់​ខេត្ត​ទាំងពីរ​នៅថ្ងៃនេះ ហើយ​លោក​អភិបាលខេត្ត ក៏ដូចជា​លោក​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ ក៏បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ដូចគ្នា​ថា ក្រោយពី​ដំណើរការ​ជា​ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វារព្រំដែន​នេះ នឹង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​រួមចំណែក​បង្កើន​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ទំនិញ​កសិផល​រវាង​ប្រជាពលរដ្ឋ និង​អាជីវករ ពាណិជ្ជការ​តាម​តំបន់​ព្រំដែន ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​លើកស្ទួយ​ដល់​ការអភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​មាន​ទំហំ​ធំ​ជាង​មុន ។​

​ជាមួយនេះ លោក​ម៉ែន វិបុល ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន អង្គភាព និង​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​ទាំងពីរ ត្រូវ​បន្ត​សហការគ្នា​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ក្នុងការ​គ្រប់គ្រង​ការចេញចូល​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ខិតខំ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​កសិផល​ផ្សេងៗ​របស់​អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងសងខាង រួមគ្នា​ដោះស្រាយ​បញ្ហា​នានា ដែល​កើតឡើង​តាម​ព្រំដែន​ឲ្យ​បាន​ទាន់ពេលវេលា និង​ដោយ​សន្តិវិធី ឈរលើ​ស្មារតី​មិត្ត​ភាពជា​ប្រពៃណី និង​ភាពជា​បងប្អូន សំដៅ​រួមគ្នា​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រឹងមាំ គង់វង្ស យូរអង្វែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម