សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨

801
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៦ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៦​ខែតុលា​នេះ​បាន​អញ្ជើញ​នឹង​ដឹកនាំ​គណៈប្រតិភូ ជាន់ខ្ពស់​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​តប​តាម​ការអញ្ជើញ​របស់លោក​នាយក រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ​។​

​​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១០​នេះ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​៦ ដល់​១០ ខែតុលា ឆ្នាំ​២០១៨​។ អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ៕

*​ទូត​កម្ពុជា​នៅ​អាម៉េរិក​ពុំ​យក​កម្រៃ​រាល់​ការពន្យារ​សុពលភាព​លិខិតឆ្លងដែន ការផ្តល់​ទិដ្ឋាការ​ពិសេស​

​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅក្នុង​សហរដ្ឋ​អាម៉េរិក បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​ស្នាក់នៅ​អាមេរិក​ថា រាល់​ការពន្យារ​​សុពលភាព​លិខិតឆ្លងដែន ការផ្តល់​ទិដ្ឋាការ​ពិសេស និង​ចេញ​លិខិតបើកផ្លូវ​ធ្វើដំណើរ បណ្តោះ​អាសន្ន គឺ​ពុំមាន​យក​កំរៃ​សេវា​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។​

​យោងតាម​សេចក្តីជូនដំណឹង​ដដែល​ឲ្យ​ដឹង​ទៀតថា សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​សិក្សា ធ្វើការ​ស្នាក់នៅ​បណ្តោះអាសន្ន និង​អចិន្ត្រៃយ៍ នៅ​សហរដ្ឋ​អាម៉េរិក​ថា រាល់​ការពន្យារ​សុពលភាព​លិខិតឆ្លងដែន​/​ការផ្តល់​ទិដ្ឋាការ​ពិសេស (K Visa) និង​ការចេញលិខិត បើកផ្លូវ​ធ្វើដំណើរ​បណ្តោះអាសន្ន (Temporary Travel Document) គឺ​ពុំមាន​ការយក​កំរៃ​សេវា​ទេ លើកលែងតែ ការបញ្ជាក់​នីត្យានុកូល​កម្ម​លើ​ឯកសារ​នានា ដែល​ចាំបាច់​ត្រូវ​បង់ថ្លៃ​សេវា ៕

*​សំណុំរឿង​ជួញដូរ​អាវុធ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​: ប៉ូលិស​ចាប់ខ្លួន​មេក្លោង​-​បក្ខពួក​ចំនួន​១១​នាក់​

​ប៉ូលិស​បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​អាវុធ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ចំនួន​ពីរ​នាក់​បន្ថែមទៀត នៅក្នុង​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ និង​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។​បន្ទាប់ពី​សាកសួរ​រួច ចៅក្រម​បានសម្រេច​ឃុំខ្លួន​មេក្លោង​ជួញដូរ​អាវុធ​ទាំងពីរ​នាក់​នេះ ដាក់ពន្ធនាគារ​ព្រៃ​ស​។ មេក្លោង​ទាំងពីរ​នាក់​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ​អំពី​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារតែ​កំពុង​តាមរក​បក្ខពួក​មួយចំនួន​ទៀត ៕

*​អំឡុងពេល​ភ្ជុំបិណ្ឌ​រាជធានី និង​ខេត្ត​ខ្លះ អាច​ព្រ​ឈម​នឹង​ជំនន់​ទឹកភ្លៀង​

​ក្រសួង​ធនធាន​ទឹកបាន​ព្រមាន​ថា ស្រុក ក្រុង​មួយចំនួន នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ​និង​ខេត្តកំពត នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នាំទៅដល់​ឲ្យ​មាន​ជា​ជំនន់​ទឹកភ្លៀង​ត្រូវ​ប្រុងប្រយ័ត្ន​។​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៨​ថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្រាប់​តំបន់​ទំនាប​កណ្តាល​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដោយ​ភាគច្រើន​កើតមាន​នៅពេល​យប់ ដោយសារ​ម៉ាស់​ខ្យល់​ក្តៅ និង​ម៉ាស់​ខ្យល់​ត្រជាក់​ជួបគ្នា​នៅលើ​ប្រទេស​កម្ពុជា ៕

*​បង្ក្រាប​គ្រឿងញៀន​៩​ខែ​: រឹបអូស​ថ្នាំញៀន​ជាង​៥០០​គីឡូ​, ឃាត់ខ្លួន​មនុស្ស​ជាង​១​ម៉ឺន​នាក់​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ជាង ១​ម៉ឺន​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​ជាង ៥០០​គីឡូក្រាម រួមទាំង​វត្ថុតាង​ជាច្រើន​។ ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម