មហោស្រព​តន្ត្រី​អាស៊ាន​-​ជប៉ុន​លើក​ទី​២ ដើម្បី​បួងសួង​សុំ​សន្តិភាព​ដែល​ធ្វើ​នៅ​ប្រទេស​ជប៉ុន​នោះបាន​បញ្ចប់​ហើយ​

2424
ចែករម្លែក

ដោយ​: រ៉ា​ម៉េ​ត / ភ្នំពេញ​: មហោស្រព​តន្ត្រី​អាស៊ាន​-​ជប៉ុន​លើក​ទី​២​ដើម្បី​បួងសួង​សុំ​សន្តិភាព (The 2nd ASEAN -Japan Music Festival Prayer for Peace) ដែលមាន​តារាចម្រៀង​ល្បីៗ ទៅ​ពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០​បូក​ជប៉ុន ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នោះ បានបញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃទី​៤​តុលា​២០១៨​។​ ​

​តារាចម្រៀង​ទាំង​១០​ប្រទេស​មាន​ប្រ៊ុយណេ​,​កម្ពុជា​,​ឥណ្ឌូនេស៊ី​,​ឡាវ​,​ម៉ាឡេស៊ី​,​មី​យ៉ាន​ម៉ា​,​សិង្ហ​បុរី​,​ថៃ​,​វៀតណាម​និង​ហ្វីលីពីន​បន្ទាប់ពី​បាន​ស្នាក់នៅ​ធ្វើដំណើរ​កម្សាន្ត​និង​ហាត់​សមពី​ការសម្តែង​ក្នុងប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​០១​តុលា​រួចមក​នៅ​យប់​ថ្ងៃទី​៤​តុលា​ក៍បាន​ឡើង​សម្តែង​ដោយផ្ទាល់​នៅក្នុង​សាល​មហោស្រព​ដ៍​ធំ​និង​ទំនើប​មួយ​ឈ្មោះ​NHK​នៅក្នុង​ទីក្រុង​តូ​ក្យូ​។​

​សាល​មហោស្រព​នេះ​គឺជា​សាល​មហោស្រព​ដ៍​ធំ​មួយ​របស់​ជប៉ុន​ដែល​បានដាក់​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ​១៩៧៣,​មាន​កៅអី​ទាំងអស់​ចំនួន​៣៦០១,​មាន​កន្លែង​អង្គុយ​បី​ថ្នាក់​។​ប៉ុន្តែ​សម្រាប់​ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​លើក​ទី​២​នេះ​គឺ​បានរៀបចំ​កៅអី​អង្គុយតែ​៣៤០០​ប៉ុណ្ណោះ​សម្រាប់​ភ្ញៀវកិត្តិយស​និង​លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា​ការសម្តែង​។​

ស្ថិតក្រោម​ភ្លើង​ចម្រុះ​ពណ៌​និង​ក្រសែភ្នែក​អ្នកទស្សនា​ប្រមាណ​៣.៤០០​នាក់​មាន​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុងនោះ​មាន​ព្រះរាជ​វត្តមាន​ព្រះរាជ​បុត្រា​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគី​ស៊ី​ណូ​ណូ​មី​យ៉ាក​(AKISHINONOMIYA), សមាជិកសភា នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ​អា​បេ​(Shinzo Abe)​សមាជិក​រដ្ឋាភិបាល​និង​តំណាង​អង្គទូត តារាចម្រៀង​និង​អ្នករាំ​សរុប​ចំនួន​១៥០​នាក់​នៃ​ប្រទេស​ដែល​ចូលរួមបាន​បញ្ចេញ​នូវទេ​ព្យ​កោសល្យ​សម្តែង​និង​ទឹកដម​សម្លេង​ទៅតាម​ប្រពៃណី​នៃ​ប្រទេស​រៀងៗ​ខ្លួន​។​ប្រទេស​ដែល​ចូលរួម​ទាំងនោះ​លើកលែងតែ​ប្រទេស​ជប៉ុន​គឺ​តម្រូវ​ឲ្យ​ឡើង​ច្រៀង​និង​មាន​អម​ទៅដោយ​អ្នករាំ​ត្រឹម​ចំនួន​តែ​ពីរ​បទ​ប៉ុណ្ណោះ​។​

​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​បាន​សម្រិតសម្រាំង​យក​បទ​ចម្រៀង​ដ៍​ពីរោះៗ​និង​កន្ត្រាក់​អារម្មណ៍​ចំនួន​ពីរ​បទ​។​ក្នុងនោះ​បទ​ទី​១​មាន​ឈ្មោះថា​«​ខ្ញុំ​គឺជា​ខ្មែរ​»​និង​បទ​ទី​២​គឺ​«​សូម​ស្វាគមន៍​ទីក្រុង​ភ្នំពេញ​»​។ បទ​ទាំងពីរ​នេះ​គឺមាន​អត្ថន័យ​បង្ហាញ​ពី​មោទនភាព​ជាតិខ្មែរ​ដ៍​ជ្រាលជ្រៅ​និង​បង្ហាញ​ពី​សម្រស់​ដ៍​ស្រស់ត្រកាល​និង​មាន​ភាព​ទាក់ទាញ​ពី​ទីក្រុង​ភ្នំពេញ​ដែល​ច្រៀង​ដោយ​លោក​ព្រាប​សុវត្ថិ​និង​ច្រៀង​រួមគ្នា​ជាមួយ​កូនប្រុស​របស់លោក​ទាំង​៣​នាក់​ដែល​បច្ចុប្បន្ន​ជាតា​រា​ដ៍​ពេញនិយម​របស់​ក្រុមហ៊ុន​ហង្ស​មាស​និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។​ទាំងពីរ​បទ​នេះ​បានធ្វើ​ឲ្យ​អ្នកចូលរួម​ទ​ស្សា​នា​ខ្លះ​ងើបឈរ​គ្រវី​ដៃ​ទៅតាម​ចង្វាក់​ច្រៀង​និង​ខ្លះទៀត​ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង​នៅពេល​ច្រៀង​ចប់​បទ​និ​មួយៗ​។​

លោក​ព្រាប​សុវត្ថិ​តារាចម្រៀង​ដ៍​ល្បី​របស់​ក្រុមហ៊ុន​ហង្ស​មាស​និង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ឲ្យ​បញ្ជាក់ថា​«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​មែនទែន​ដោយបាន​ដឹកនាំ​ក្រុម​អ្នកសិល្ប​:​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​នៅក្នុង​មហោស្រព​សិល្ប​:​នេះ​»​។​
​លោក​បញ្ជាក់ថា​តាមរយ​:​ព្រឹត្តិការណ៍​ដ៍​អស្ចារ្យ​នេះ​ប្រទេស​កម្ពុជា​បានបង្ហាញ​នូវ​អ្វីដែល​កើតចេញពី​ស្នាដៃ​របស់​សិល្ប​:​វប្បធម៌​ដ៍​ល្អ​ផូរផង់​និង​មាន​តាំងពី​យូរលង់​មក​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ក៍​ដូចជា​ពិភពលោក​ទាំងមូល​បាន​ស្គាល់​បាន​យល់​កាន់តែច្បាស់​តាមរយ​:​កម្មវិធី​នេះ​។​ជាមួយ​នោះ​លោក​ក៍បាន​សំណូមពរ​ឲ្យ​មហោស្រព​នេះ​រៀបចំ​ឲ្យ​បាន​ច្រើន​ហើយ​ឆាប់​កុំ​រង់ចាំ​ដល់​រយ​:​ពេល​៥​ឆ្នាំ​ម្តង​ដូច​កន្លងមក​។​

​ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​អាស៊ាន​-​ជប៉ុន​លើក​ទី​២​នេះ​គឺ​បាន​ផ្តួចផ្តើម​គំនិត​បង្កើតឡើង​ដោយ​លោក​ស៊ូ​ហ្គី រី​យ៉ូ​តា​រ៉ូ​(Sugi ryotaro) ជា​តួ​សម្តែង​ភាពយន្ត​រឿង​កាប់​ដាវ​និង​ជា​តារាចម្រៀង​បុរាណ​ជើងចាស់​ដ៍​ល្បីល្បាញ​របស់​ប្រទេស​ជប៉ុន​និង​ជា​ប្រធាន​គណ​:​កម្ម​ការរៀបចំ​កម្មវិធី​មហោស្រព​តន្ត្រី​អាស៊ាន​ជប៉ុន​លើក​ទី​២​ដែលមាន​រយ​:​ពេល​៥​ឆ្នាំ​ម្តង​។​

​លោក​ស៊ូ​ហ្គី រី​យ៉ូ​តា​រ៉ូ​(Sugi ryotaro) ដែលមាន​វ័យ​ជាង​៧០​ឆ្នាំ​ទៅហើយនោះ បាន​ឡើង​ច្រៀង​ចម្រៀង​បុរាណ​ជប៉ុន​១​បទ​ជា​កិត្តិយស និង​បាន​និយាយ​នៅក្នុង​ពិធី​បិទ​មហា​ស្រព​តន្ត្រី​នោះ​ថា តារាចម្រៀង​និង​តារា​សម្តែង​ល្បីៗ​ទាំងអស់ គឺមាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ប្រើប្រាស់​ភាពល្បីល្បាញ​សំឡេង​ច្រៀង​របស់ខ្លួន ដើម្បី​បម្រើ​ឲ្យ​ការងារ​មនុស្សធម៌​និង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ទាំង​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ក៏ដូចជា​នៅក្នុង​ពិភពលោក​យើង​ទាំងមូល​។​
​ ​លោក​ក៍​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ការរៀបចំ​មហោស្រព​តន្ត្រី​លើក​ទី​១​កាលពី​៥​ឆ្នាំមុន​នោះ​គឺ​យើង​បាន​យក​មូលនិធិ​ដែល​បាន​ពី​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ​ទៅ​ជួយ​ដល់​ជនរងគ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ជប៉ុន​។​រីឯ​ការរៀបចំ​មហោស្រព​តន្ត្រី​លើក​ទី​២​នេះ​យើង​នឹង​យក​នូវ​មូលនិធិ​មួយផ្នែក​សម្រាប់​ជួយ​ទៅដល់​ជនរងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅពេល​ថ្មីៗ​នេះ​។​
​គួរ​បញ្ជាក់ដែរថា​ការរៀបចំ​ឲ្យ​មាន​មហោស្រព​តន្ត្រី​អាស៊ាន​-​ជប៉ុន​លើក​ទី​២​ដើម្បី​បួងសួង​សុំ​សន្តិភាព​នេះ ក៍​ដើម្បី​ជាការ​ចូលរួម​អបអរសាទរ​រំលឹក​ខួប​លើក​ទី 45 នៃ​ទំនាក់ទំនង​មិត្តភាព​អាស៊ាន – ជប៉ុន​(The 45th Anniversary Project of ASEAN-JAPAN Friendship and cooperation)​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម