យុទ្ធនា​ការប្រមូល​១៥,០០០​ដុល្លារ ជួយ​គ្រូបង្ហាត់​សត្វ​ឆ្កែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ សម្រេច​ហើយ​

1247
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: យុទ្ធនាការ​ប្រមូល​ថវិកា​ជួយ​ដល់​គ្រូ​បង្ហា​ក់​ឆ្កែ​ល្បីឈ្មោះ​របស់​កម្ពុជា​តាមរ​យៈ Sabay បានបញ្ចប់​ហើយ កាលពី​រសៀល​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ បន្ទាប់ពី​បានធ្វើ​អស់​ពេល​ប្រមាណ​ជា​បី​សប្តាហ៍ ដោយមាន​ការចូលរួម​ពី​សាធារណៈជន ក្រុមហ៊ុន Sabay និង​ធនាគារ ព្រី​នស៍​។​

​ក្រុមហ៊ុន Sabay និង​ធនាគារ ព្រី​នស៍ បានប្រគល់​ថវិកា​ចំនួន​១៥ ០០០​ដុល្លារ ដល់​ក្រុមគ្រួសារ​លោក ហ៊ិ​ន រតនា ដែល​ថវិកា​ទាំងនេះ​បានមកពី​សាធារណជន​ចំនួន​៥ ០០០ ដុល្លារ ក្រុមហ៊ុន Sabay ៥ ០០០​ដុល្លារ និង​ធនាគារ ព្រី​នស៍ ចំនួន ៥ ០០០​ដុល្លារ​។ ទោះយ៉ាងណា​សាធារណជន​នៅតែ​អាច​បន្ត​ជួយ​បរិច្ចាគ​ថវិកា​ដល់​លោក ហ៊ិ​ន រតនា តាម​យៈ​គណនេយ្យ​ផ្ទាល់​របស់លោក ដដែល​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay លោក ជី សិលា ថ្លែង​ក្រោយ​ពិធី​ប្រគល់​ថវិកា​ដល់​ក្រុមគ្រួសារ​លោក​ហ៊ិ​ន រតនា ថា​យុទ្ធនាការ​នេះ​គឺ​បង្ហាញ​ពី​ទឹកចិត្ត​របស់​សា​ធារ​ជន អ្នកគាំទ្រ​Sabay និង​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​លោក ហ៊ិ​ន រតនា​។

​លោក​បន្ថែមថា​៖«​ការជួយ​ចែករំលែក​មិនមែន​មានន័យថា ដ៏​យើង​មាន​រាប់រយ​ដុល្លារ ១​ពាន់​ដុល្លារ​ទេ សូម្បី​១​ដុល្លារ​ក៏​យើង​ជួយ​បាន អ៊ីចឹង​១​ដុល្លារៗ​ទាំងអស់​ហ្នឹង​យើង​បាន​៥០០០​ដុល្លារ​…​ខ្ញុំ​គិតថា​វា​ជា​រឿង​មួយ​ដែល​ល្អ ហើយ​វា​មិនមែន​តែ​ជាមួយ​លោក ហ៊ិ​ន រតនា មួយ​ទេ (​អ្នកផ្សេង​)​យើង​អាចជួយ​ចេញពី​ទឹកចិត្ត​ម្នាក់​មួយ​ដុល្លារ ពីរ​ដុល្លារ​»​។

​សម្រាប់​លោកស្រី តែ មុយ​នី នាយិការ​នាយកដ្ឋាន​ទំនាក់ទំនង​អាជីវកម្ម​ធនាគារ​ព្រី​នស៍ ដែល​បានរួម​ចំណែក​ក្នុងការ​ផ្តល់​ថវិកា​នេះដែរ មានប្រសាសន៍ថា ធន​គារ​មាន​គោលការណ៍​រួមចំណែក​ជួយ​ដល់​សង្គម​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​។​

​លោកស្រី​បន្តថា​៖ «​ដូចជា​ករណី​លោកគ្រូ​ហ៊ិ​ន រតនា​ដែរ បើ​មាន​តម្រូវ​ការជួយ យើង​នឹង​ជួយ​ទៅតាម​លទ្ធភាព ហើយ​ការជួយ​នេះ​យើង​សង្ឃឹមថា​នឹងធ្វើ​ឲ្យ​មាន​វប្បធម៌​ក្នុង​ការជួយ​គ្នា​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។

​ចំណែក​លោក ខ្លេ​ង សុខ​ហ៊ ត្រូវជា​បងថ្លៃ​លោក​រតនា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ជន​ដែល​បាន​ជួយផ្តល់​ជា​ថវិកា​តាម​លទ្ធភាព​ក្នុង​យុទ្ធនាការ​នេះ​។

​លោក​បន្តថា​៖ «​យើង​កោតសរសើរ​ដល់​ទឹកចិត្ត​សម្បុរ​សជន​ទូទៅ​ទាំង​ក្រុមហ៊ុន ទាំង​ស្ថាប័ន​ផ្សេងៗ​…​វា​ជា​ទម្លាប់​មួយ​ដែល​ប្រជាជន​យើង​ចេះ​ជួយ​គ្នា​»​។
​គួរបញ្ជាក់​ថា​លោក ហ៊ិ​ន រតនា បាន ទទួលរង​គ្រោះថ្នាក់​ចរាច​រណ៍​កាលពី​ថ្ងៃ​២៥ ខែសីហា ឆ្នាំ​២០១៨​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​គ្រោះថ្នាក់​នេះ ដោយ​សា្ថ​នភា​ពរ​បួស​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ​។ នៅ​ថ្ងៃទី​៨ ខែតុលា ខាងមុខ​លោក ហ៊ិ​ន រតនា ក៏​នឹងត្រូវ​ទទួល​ការវះកាត់​ឆ្អឹងខ្នង​ម្តងទៀត​។

​លោក ហ៊ិ​ន រតនា ជា​បុគ្គល​មួយ​ដែល​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​បង្ហាត់​ឆ្កែ​នៅ​សហរដ្ឋអាមេរិក និង​មិន​ត្រឹមតែ​ឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម