ប្រាប់​មន្ត្រី​សាធារណ​ការសង់​ផ្លូវ​សងខាង​ក្បាលស្ពាន​កោះ​ប៉ែន​

1110
ចែករម្លែក

(​កំពង់ចាម​): លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ខាង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម គឺ​ធ្វើការ​សាងសង់​ផ្លូវ​នៅ​គល់ស្ពាន​ទាំងសងខាង​នៃ​ស្ពាន​កោះ​ប៉ែន​ឲ្យ​ហើយ​រួចរាល់​មុន​ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ត្រៀម​រៀបចំ​ដាក់​សម្ពោធ​ស្ពាន​មួយ​នេះ ជា​ផ្លូវការ​ក្រោម​អ​ធិ​តី​យ​ភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​
​ ​
​ជាមួយ​ការចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ដល់​ក្បាលស្ពាន​កោះ​ប៉ែន ប្រព័ន្ធ​លូ​រំដោះ​ទឹក និង ប្រព័ន្ធ​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី ២ សីហា​នេះ​លោក​អភិបាលខេត្ត​ក៏បាន​ប្រាប់​ផងដែរ​ឲ្យ​ខាង​មន្ត្រី​សាធារណការ ធ្វើការ​វាស់វែង​ផ្លូវលំ​មួយ​ខ្សែ​នៅ​ភូមិ​បឹង​កុក​ពីរ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បី​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ទៅ​ផ្លូវ​កៅស៊ូ​ដទៃទៀត សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​
​ ​
​លោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ និង ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ប្រាប់​ខាង​លោក ធ្វើការ​សាងសង់​ផ្លូវ​បេតុង​ទទឹង ៩ ម៉ែត្រ និង បណ្តោយ ៣៣៦​ម៉ែត្រ​ត​ភ្ជាប់​រវាង​គល់ស្ពាន​ត្រើយ​ខាង​កោះ​ប៉ែន​ជាមួយ​ផ្លូវ​បេតុង​របស់​អេ​ឌី​ប៊ី និង ផ្លូវ​ក្រាល​កៅស៊ូ​ទទឹង ៧ ម៉ែត្រ និង​បណ្តោយ ៥០ ម៉ែត្រ​ត​ភ្ជាប់​គល់ស្ពាន​ត្រើយ​ខាង​ក្រុង​កំពង់ចាម​ជាមួយ​ផ្លូវ​កៅស៊ូ គឺ​ធ្វើយ៉ាងណា​ឲ្យ​បាន​ហើយ​មុន​ខែមេសា ឆ្នាំ​២០១៨​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ខាង​លោក​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ផ្លូវ​ខាងលើ​ក្នុង​រង្វង់​ខែតុលា ឆ្នាំ​២០១៧ គឺ​រង់ចាំ​ឲ្យ​ទឹកទន្លេ​ស្រក​ផុត​គល់ស្ពាន និង​ឲ្យ​ខាង​ការដ្ឋាន​ស្ពាន​សង់​កម្រាល​ស្ពាន និង បង្កាន់ដៃស្ពាន​ហើយ​សិន​។ ចំណែក​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ទៀត​នៅ​ភូមិ​បឹង​កុក​ទី​ពីរ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ក៏​កំពុង​ឲ្យ​មន្ត្រី​ចុះ​វាស់វែង នឹង​ចាប់​សាងសង់​ក្នុង​ឆ្នាំ​២០១៧​នេះដែរ​៕S/​ដោយ​: ភោគ សម្បត្តិ​

អភិបាលខេត្ត​ប្រាប់​មន្ត្រី​សាធារណ​ការសង់​ផ្លូវ​សងខាង​ក្បាលស្ពាន​កោះ​ប៉ែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ