រដ្ឋមន្ត្រីក្រសួង​ការងារ​ជួប​សំណេះសំណាល និង​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ពលករ​ខ្មែរ​នៅ​ថៃ

1016
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈប្រតិភូ រួមជាមួយ​និង មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ និង​អាជ្ញាធរ​ដែនដី​របស់​ប្រទេស​ថៃ បានរៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ជូន​ដល់ បងប្អូន​ពលករ ពាណិជ្ជករ និស្សិត​កម្ពុជា ប្រមាណ​ជាង​៧​ពាន់​នាក់​។ ពិធី​នេះ​បានរៀបចំ​ឡើង​នា​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​វត្ត​ស៊ី​សុ​ដា​រាម សង្កាត់​បា​ឃុន​ន​ន្ទ ខណ្ឌ​បាងកក ប្រទេស​ថៃ​។​

​លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី បានរៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ជូន​ដល់ បងប្អូន​ពលករ ពាណិជ្ជករ និស្សិត​កម្ពុជា​នៅ​ថៃ (​រូបថត​ក្រសួង​ការងារ​)

​នាឱកាស​នេះ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន បញ្ជាក់​ដល់​បងប្អូន ជា​ពលករ ពាណិជ្ជករ និង​និ​សិ​ស្សិត​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ ដោយ​រាជរដ្ឋាភិបាល បាន​សម្រួល​ដល់ បងប្អូន​ប្រជាពលរដ្ឋ ទៅធ្វើ​បុណ្យ បាន​ឈប់​បី​ថ្ងៃ បើកប្រាក់​ខែ​មុន​ពិធីបុណ្យ និង​ផ្ដល់​ឡានក្រុង រថភ្លើង ជិះ​មិន​បង់ប្រាក់ ក្នុងឱកាស​ទៅលេង​ស្រុកកំណើត​ផង​។

​លោក បាន​មានប្រសាសន៍ បញ្ជាក់ជូន​ដល់ ពលករ ពាណិជ្ជករ និង​និស្សិត​ដែរ​ថា បច្ចុប្បន្ននេះ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព​ភាព តាមរយៈ ការបោះឆ្នោត ថ្ងៃ ២៩​កក្កដា កន្លងទៅ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលជោគជ័យ ១០០​ភាគរយ ប្រជាជន​ជាង​៨៣​ភាគរយ បាន​ទៅ​បោះឆ្នោត​។ ថ្ងៃទី​៦​កញ្ញា រាជរដ្ឋាភិបាល អាណត្តិ​ថ្មី​ទី​៦ បាន​បង្កើតឡើង ដោយ​ជោគជ័យ ដោយ​សម្ដេច​តេ​ជោ ហ៊ុនសែន បាន​បន្ត​ជា​នាយករដ្ឋមន្ត្រី អណ​ត្តិ​ទី​៦ បន្តទៀត ហើយ​សម្តេច​បានដាក់​ចេញ កម្មវិធី​នយោបាយ​នានា​ជាច្រើន​ដើម្បី ការពារ កសាង​ប្រទេស និង​លើក​កំពស់ ជីវភាព​របស់​ប្រជាជន​។

​នៅក្នុង​ឱកាស​ពិធី​នេះដែរ​លោក រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​បាន​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ពលករ ពាណិជ្ជករ និង​និស្សិត​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ជាប់​ជានិច្ច​។​

​ជាមួយគ្នានេះ​លោក​អ៊ិត​សំហេង​ក៏បាន​ថ្លែង​អំណរ​អរ​ព្រះ​គុណ និង​អរគុណ គណៈកម្មការ​វត្ត សមាគម​ខេមរៈ​និស្សិត សមាគម​មិត្តភាព​កម្ពុជា ថៃ អាជ្ញាធរ​ថៃ ដែល​បាន​បង្កលក្ខណៈ​ជូន​បងប្អូន​ខ្មែរ រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តាម​គន្លង​ប្រពៃណី ហើយ​ដែល​ពិធីបុណ្យ​នេះ ជា​បុណ្យប្រពៃណី​ខ្មែរ​ដែល តែងតែ​ជួបជុំ​គ្រួសារ ធ្វើ​ពិធី​ដាក់​បិណ្ឌ ឧទ្ទិស​កុសល​ជូន​ដល់ បុព្វការី​ជន​ដែល​បាន​ចែក​ឋាន ទៅកាន់​សុគតិភព​។​

លោក​បាន​បន្ត​ឱ្យដឹងថា​រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត គោលនយោបាយ ផ្ដល់ឱកាស​ជូន​បងប្អូន ប្រជាពលរដ្ឋ​រក​ការងារ​ដែល​ពេញចិត្ត​នៅក្រៅ​ប្រទេស ជាពិសេស​បងប្អូន​ពល​ករ​ខ្មែរ​នៅ​ថៃ ដែល​បាន រកបាន​ការងារ​ស្របច្បាប់ តស៊ូ​រក​ចំណូល​ផ្ដល់ជូន​ក្រុមគ្រួសារ​ក៏ដូចជា​ខ្លួនឯង​។

​លោក បានបញ្ជាក់​បន្តថា ដើម្បី​ការពារ រក្សា​ការងារ និង​ប្រាក់ចំណូល​របស់​បងប្អូន កម្ពុជា​យើង នឹង បន្ត​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ និង​ពលកម្ម​រវាង​ប្រទេស​ទាំងពីរ គឺ ៤​ឆ្នាំ​កន្លងទៅ កម្ពុជា​-​ថៃ បានសម្រេច​ជោគជ័យ ក្នុងការ​ដោះស្រាយ​បញ្ហា​ពលករ​ពិសេស ការផ្ដល់​ភាពស្របច្បាប់​ជូន​បងប្អូន ជាង​កន្លះ​លាន​នាក់ មកទល់ពេលនេះ បងប្អូន នៅ​ថៃ​មាន ១​លាន ៨​ម៉ឺន​នាក់ សុទ្ធតែ​ស្របច្បាប់​ទាំងអស់ ។​

​នាឱកាស​នេះដែរ លោក រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​រស់នៅ និង​ធ្វើការ​ដោយ​គោរព​ច្បាប់ រក្សា​សាមគ្គីភាព រវាង​ខ្មែរ និង​ខ្មែរ រវាង​ខ្មែរ និង​ថៃ រស់នៅក្នុង​ភាពសប្បាយ​រីករាយ​ក្នុង​សហគមន៍ និង​តាម​កន្លែងធ្វើការ គិតគូរ​ពី​បញ្ហា សុខភាព ជា​ចម្បង និង​ឆ្លៀតពេល​ទៅលេង​ស្រុកកំណើត​នៅក្នុង​ឱកាស​បុណ្យទាន និង​ថ្ងៃ​ឈប់​ម្រាក​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម