លោក សៅ សុខា បញ្ជា​ឲ្យ​ធ្វើ​អធិការកិច្ច​លើ​មេ​ប៉េអឹម​ខេត្តកំពង់ឆ្នាំង​-​កំពង់ស្ពឺ​-​ព្រះវិហារ​

3550
ចែករម្លែក
  • 2.1K
    Shares

​ដោយៈ ឫ​ទ្ធុ​ស័ក្តិ / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​បញ្ជា​អោយ​គណៈកម្មការ ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​មេបញ្ជាការ​កងរាជអាវុធហត្ថ​ចំនួន​បី​ខេត្ត គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ និង​រឿងអាស្រូវ​មួយចំនួន​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស (រូបឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ថ​ចំនួន ៨០​លាន​រៀល ដែលជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ​។​

​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចុះ​ទៅដល់​ខេត្តព្រះវិហារ​ហើយ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា នឹង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ដើម្បី​ឲ្យ​ដឹង​ការពិត​។

ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ (រូបឯកសារ)

​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព “​ខ​26-2” កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​ដូចជាៈ ១.​យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។ ២.​បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា​ខ្លួន​ជា​អ្នក​កសាង​។ ៣.​គំរាម​គំហែង​មេបញ្ជាការរង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។ ៤.​ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។ ៥.​ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។ ៦.​ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​

មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បានបញ្ជាក់​អះអាង​ទៀតថា ការទទួលប្រាក់​ពីស​កម្ម​ភាពផ្ទុយ​ច្បាប់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ប្រគល់​ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់លោក​ជា​អ្នក​យកលុយ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យកលុយ​នៅ​ស្នាក់ការ​សន្តិសុខ ព្រំប្រទល់​ខេត្តព្រះវិហារ និង​សៀមរាប​។​

​បន្ទាប់មក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​អោយ​គណៈកម្មការ​ចំពោះ​កិច្ច នឹង​ចុះទៅ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ រង​ការចោទប្រកាន់​ពី​មន្ត្រី​នៅក្រោម​ឱវាទ​ពាក់ព័ន្ធ​ការ​ស៊ីដាច់​អង្ករ​ឧបត្ថម្ភ និង​ស៊ីដាច់​លុយ​ការពារ​បោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេ​ប៉េអឹម​ខេត្តកំពង់ស្ពឺ (រូបឯកសារ)

​គណៈកម្មការ​ចំពោះ​កិច្ច ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម ហុង នឹង​ចុះទៅ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​។
​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បាន​ស៊ីដាច់​អង្ក​រប​ត្ថ​ម្ភ​របស់លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ផ្តល់ជូន​អាវុធហត្ថ​។ ស៊ីដាច់​លុយ​ការពារ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​មន្ត្រី​អាវុធហត្ថ​ខ្លះ​បានទទួល និង​ខ្លះ​មិនបាន​ទទួល​ទេ​។ រួមទាំង​ស៊ីដាច់ របប​អង្ករ​ចំនួន​ពីរដង ដោយ​លើក​ទី​1 អង្ករ​៨​តោន លើក​ទី​២ អង្ករ​៥​តោន​។

​ប្រភព​ដដែល​បាន​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន បានអោយ​មនុស្ស​ជំនិត​របស់ខ្លួន​ដើរ​ប្រមូល​គាបសង្កត់​អ្នករ​ស៊ី ដោយ​ក្នុងនោះ​អោយ​លោក​វរសេនីយទោ លឹម ឧសភា ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ឈើ និង​ទំនិញ​នៅ​ផ្លូវជាតិ​លេខ​៤​។ ចំណែក​លោក​វរសេនីយទោ គង់ វាសនា ហៅ​មហាមេឃ ប្រមូល​លុយ​ផ្លូវជាតិ​លេខ​៥ ដោយ​ដេញចាប់​ឡាន នៅ​ស្នាក់ការ​អាវុធហត្ថ ៥៥១ នៅ​ស្រុក​ឧដុង្គ​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង (រូបឯកសារ)

​ចំណែក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ និង​រឿងអាស្រូវ​មួយចំនួន​ដូចជា​អោយ​កូនចៅ​ដេញ​ឡាន​ដឹក​ដឹកឈើ និង​ទំនិញ​។​ល​។ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​អោយ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ទាក់ទង​ការធ្វើ​អធិការកិច្ច​មេ​ប៉េអឹម​ទាំងបី​ខេត្ត​ខាងលើនេះ គណៈកម្មការ​ចំពោះ​កិច្ច​នៅ​មិនទាន់​បង្ហាញ​របាយការណ៍​នៅឡើយ​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម