៣​ថ្ងៃ​ភ្ជុំបិណ្ឌ​ភ្ញៀវទេសចរ​ជាង​១.២​លាន​នាក់ បាន​ចេញទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា ទូទាំងប្រទេស​

1699
ចែករម្លែក

ដោយ : វិបុល/​ភ្នំពេញ​ ៖ របាយការណ៍​ក្រសួងទេសចរណ៍ បាន​បង្ហាញថា រយៈពេល​៣​ថ្ងៃ​នៃ​ការ ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ (៨-១០ តុលា​) អ្នកទេសចរ​ជាង ១.២​លាន​នាក់ បានចេញ​ទៅលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​។ ចំនួន​នេះ មានការ​កើនឡើង​ជាង ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នានេះ​នៅក្នុង​ឆ្នាំ​២០១៧​។​

​របាយការណ៍​បាន​បង្ហាញថា ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១,២១៣,៦៨៧​នាក់ កើនឡើង ២០.២៩​ភាគរយ​។ ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៤៨,០០៤​នាក់ កើនឡើង ២៣.៩៣​ភាគរយ​។​

​យោងតាម​របាយការណ៍​ដដែល​បង្ហាញថា ខេត្តសៀមរាប​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទ​នៅតែ​ជា​ខេត្ត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ដដែល នៅក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​សរុប ២៥២,៤២២​នាក់ កើនឡើង ៤៧.០៥​ភាគរយ​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២៣០,០០០​នាក់ កើនឡើង ៥៣.៣៣​ភាគរយ​, ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២២,៤២២​នាក់ កើនឡើង ៣.៥៨​ភាគរយ​។​

​របាយការណ៍​ក៏បាន​បង្ហាញថា ស្ថិតិ​នៃ​ភ្ញៀវទេសចរ​ទៅកាន់​ខេត្ត​តំបន់ឆ្នេរ​មានការ​ធ្លាក់ចុះ ដោយសារតែ​ស្ថានភាព​ផ្លូវ​មិនសូវ​អំណោយផល (​រង​ការខូចខាត​ខ្លាំង​ដោយសារ ជំនន់​ទឹកភ្លៀង​) និង​មួយវិញទៀត​ក្នុង​រយៈពេល​បី​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយចំនួន​។ ប៉ុន្តែ​ភ្ញៀវ​ទៅលេង​ខេត្តកំពត​កើនឡើង​ខ្លាំង ជាពិសេស​នៅ​រមណីយដ្ឋាន​បូកគោ និង​ទឹកឈូ​ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ