ទិដ្ឋភាព​គួរឱ្យ​ខ្លោចចិត្ត​! សុនខ​ព្យាយាម​ដាស់​មិត្តភក្តិ​វា ដែល​ឡាន​បុក​ងាប់​នៅលើ​ផ្លូវ​

1007
ចែករម្លែក

​នេះ​ជា​ពេលវេលា​ដ៏​គួរឱ្យ​ខ្លោចចិត្ត​បំផុត ដែល​ឆ្កែ​អនាថា​មួយ​ក្បាល​បាន​ព្យាយាម​ដាស់​មិត្ត​របស់​វា​ដែល​ងាប់​ដោយសារ​ឡាន​បុក ឱ្យ​ភ្ញាក់​ឡើងវិញ​ទាំងអស់​សង្ឃឹម​។​

​ឆ្កែ​សម្បុរ​ស​ខ្មៅ​បាន​យក​ក្រ​ញ៉ាំ​អេះ​ផង​កាយ​ផង​ទៅលើ​ឆ្កែ​សម្បុរ​ត្នោត ដែល​ដេក​ងាប់​នៅលើ​ផ្លូវ​នៅ​ទីក្រុង​ក្វេ​ហ្សុ​ន នៃ​ប្រទេស​ហ្វីលីពីន​។

​សុនខ​នេះ​ថែមទាំង​អង្អែល​ក្បាល​ឆ្កែ​ញី​ដែល​ងាប់​នោះ រួច​ថែមទាំង​ព្យាយាម​លើក​ក្បាល​របស់​វា ដោយ​ខំប្រឹង​ខាំ​ពាំ​ថ្នមៗ​។

​សុនខ​នេះ​បាន​ព្យាយាម​អស់​ជាច្រើន​នាទី​ដើម្បី​ដាស់​មិត្ត​វា​ឱ្យ​ភ្ញាក់ឡើង មុនពេល​ចុះចាញ់​ទាំង​ស្ទាក់ស្ទើរ រួច​រត់​ត្រុយ​តាម​ចិញ្ចើមថ្នល់​។

​លោក ចៃ វីឡា​នូ​វ៉ា បាន​កំពុង​បើកឡាន​ទៅផ្ទះ​វិញ នៅពេល​ចត​ឡាន​ដើម្បី​ថត​ទិដ្ឋភាព​នេះ ដែល​គាត់​បរិយាយ​ថា ធ្វើឱ្យ​គាត់​ខូចចិត្ត​។

​គាត់​បាន​បន្ថែមថា “​អ្នកបើកបរ​គួរតែ​ប្រុងប្រយ័ត្ន កុំ​ធ្វើឱ្យប៉ះពាល់​អ្នកដទៃ​នៅលើ​ថ្នល់ សូម្បីតែ​ឆ្កែ​។ ពួកវា​មិន​យល់​ពី​ទិសដៅ​នៅលើ​ផ្លូវ​ទេ ពួកវា​មិន​យល់​ពី​ភ្លើងស្តុប​នោះទេ​។ អ្នកខ្លះ​និយាយថា អូ នេះ​គ្រាន់តែ​ជា​ឆ្កែ​ប៉ុណ្ណោះ ប៉ុន្តែ​សូម​មើល​វីដេអូ​នេះ​សិន​ទៅ​។ ពួកវា​ប្រៀប​បី​ដូចជា​គ្រួសារ និង​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​យ៉ាង​អ៊ីចឹង​។ ជីវិត​ក៏​សំខាន់​សម្រាប់​ពួកវា​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

សុនខ​កំពុង​ដាស់​គ្នា​វា ដែល​ឡាន​បុក​ងាប់​នៅលើ​ថ្នល់​នៅ​ទីក្រុង​ក្វេ​ហ្សុ​ន ប្រទេស​ហ្វីលីពីន

ទីតាំងផ្សាយពាណិជ្ជកម្ម