ម៉ូតូ​បើក​វ៉ា​ឡាន ជ្រុល​ចង្កូត​ចូល​ឡានធំ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​

1001
ចែករម្លែក

ដោយ : ​គូលែន​/​សៀមរាប ​៖ កាលពី​វេលា​ម៉ោង​០៩ និង​១០​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង រថយន្ត បុក ម៉ូតូ ក្នុង​គោលដៅ​ច្រាស់ទិស​គ្នា កើតហេតុ​នៅលើ​ផ្លូវជាតិ​លេខ​០៦ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣២៦/៣២៧ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ​3A 1188 សណ្ដោង​រ៉ឺម៉ក​ពណ៌​ខៀវ 4A 0105 បើកបរ​ដោយ​ឈ្មោះ ផុន ម៉េង​ស្រ៊ី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ជ្រួស ឃុំ​ចក ស្រុក​អូររាំងឪ ខេត្តកំពង់ចាម បើកបរ​ពី​លិចទៅ​កើត​ដឹក​ដំឡូង​មី​ចំនួន​២៧​តោន​។​

លោក​អធិការ​ស្រុក​ពួក​បាន​បន្តទៀតថា ពេលនោះ​ផងដែរ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខសៀមរាប 1Y 5509 បើកបរ​ដោយ​ឈ្មោះ ឆៃ រ៉ា​ដឿ​ង ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ ជ័យ សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប មុខរបរ​ជាងសំណង់ បើកបរ​ពី​កើ​តទៅ​លិច​បើក​វ៉ា​រថយន្ត​១​បាំង​កន្លះ​មិន​ស្គាល់​អត្តសញ្ញាណ ​កៀរ​និង​រេ​ចង្កូត​បើក​បុក​ពីមុខ​និ​ចូល​ក្រោម​រថយន្ត​ដឹក​ដំឡូង​ខាងលើ ហើយ​បាន​ស្លាប់​ភ្លាមៗ​តែម្តង​។​

លោក​អធិការ​ស្រុក​ពួក បានបញ្ជាក់​ទៀតថា ក្រោយពី​ធ្វើការ​វាស់វែង​ជា​កក់​ស្តែង​គឺមាន​ការខូចខាត​រថ​យន្ត ០១ គ្រឿង និង​ម៉ូតូ ១ គ្រឿង​។ ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ក្រោយពេល​កើតហេតុ​។​
បច្ចុប្បន្ន​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង យកមក​រក្សារ​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕B