បុណ្យ​ភ្ជុំបិណ្ឌ​បី​ថ្ងៃ​៖​ខេត្តកំពត​ទទួលភ្ញៀវ​ជិត​១២​ម៉ឺន​នាក់​,​ ខេត្ត​កែប​ជិត​ប្រាំបី​ម៉ឺន​នាក់

1649
ចែករម្លែក

​ដោយ : បូកគោ​/កំពត-​កែប ៖ សម្រាប់​រយៈពេល​បី​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខេត្តកំពត​មាន​ទេសចរ​ជិត​ឆ្ងាយ​មក​លម្ហែ​កម្សាន្ត និង​ស្នាក់នៅ​ប្រមាណ​ជិត​១២​ម៉ឺន​នាក់ ខណៈដែល​ខេត្ត​កែប​ទទួលភ្ញៀវ​បាន​ជាង​៧៨.០០០​នាក់​។ ស្ថានភាព​សន្តិសុខ​សង្គម​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ តែ​កត្តា​ប្រឈម​សម្រាប់​ខេត្ត​ទាំងពី​គឺ​បញ្ហា​អនាម័យ បរិស្ថាន​ដែល​កើតចេញពី​ការយល់ដឹង និង​ផ្នែក​ទទួលបន្ទុក​ហាក់​នៅមានកម្រិត​។

លោក​ សយ សី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់ឲ្យដឹងថា រយៈពេល​បី​ថ្ងៃ គិតពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ដែលជា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខេត្តកំពត​មាន​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​កម្សាន្ត​ចំនួន​១១៧,៦៣៣​នាក់ ដោយបាន​កើនឡើង​៥៨.៦២​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ក្នុងចំណោម​នោះទេ​សចរ​ជាតិ​មាន​១១៥,១០៣​នាក់ និង​ភ្ញៀវរ​អន្តរជាតិ​ចំនួន​២,៥៣០​នាក់​។

ជាមួយនឹង​បរិមាណ​ទាំងនោះ ភ្ញៀវ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ដោយ​រថយន្ត​តូចធំ​ចំនួន​១២,៧១៩​គ្រឿង និង​ម៉ូតូ​គ្រប់​ប្រភេទ​១៣,៨៤៩​គ្រឿង​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ ទោះបី​ក្រុមការងារ​សម្អាត​ធ្វើ​កិច្ចការ​បានល្អ តែ​បញ្ហា​អនាម​យ័ បរិស្ថាន​នៅតែ​ជា​កត្តា​ប្រឈម​ដែល​ទាមទារឲ្យ​ភ្ញៀវ​មានការ​យល់ដឹង​បន្ថែម និង​ចូលរួម​ព្រម​គ្នា​ដើម្បី​ភាពស្រស់ស្អាត​គ្រប់​បណ្តា​គោលដៅ​ទេសចរណ៍​ទាំងអស់​។

​លោក​ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​មានប្រសាសន៍ថា ​រយៈពេល​បី​ថ្ងៃ ពោលគឺ ពីថ្ងៃ​ទី​៨ រហូតដល់​ម៉ោង​៨​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ខេត្ត​កែប​ទទួលភ្ញៀវ​មកលេង​ម​កម្សាន្ត​បាន​ចំនួន​៧៨,៣០៧​នាក់ កើនឡើង​៤.៨៦​ភាគរយ ខណៈដែល​ឆ្នាំមុន​មាន​ភ្ញៀវ​តែ​៧៤,៦៧១​នាក់​ប៉ុណ្ណោះ​។ ក្នុងនោះ ភ្ញៀវ​ជាតិ​៧៦,៧៦៤​នាក់ និង​ទេសចរ​បរទេស​១,៥៤៣​នាក់​។

លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ ឆ្នាំនេះ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អប្រសើរ គ្មាន​អំពើ​លួច ឆក់​ប្លន់ គ្មាន​ចលាចល ឬ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ធ្ងន់ធ្ងរ​ឡើយ សូម្បីតែ​ការកកស្ទះ​ចរាចរ​ក៏​ពុំបាន​កើតឡើង​ដែរ​។ អ្វីដែល​ប្រឈម និង​គួរឲ្យសោកស្តាយ​សម្រាប់​ខេត្ត​កែប​នា​ឆ្នាំនេះ គឺ​ការ​បន្សល់​នូវ​សំរាម​ដែល​ភ្ញៀវ​មួយចំនួន​បានគរ​ទុក​ក្បែរ​កន្លែង​បរិភោគ​អាហារ​តាម​ចិញ្ចើមផ្លូវ ឬ​ក្រោម​ដើមឈើ​ដោយសារ​អ្នកភូមិ​មួយចំនួន​ ឆ្លៀតឱកាស​យក​កន្ទេល​មក​ជួលឲ្យភ្ញៀវ​អង្គុយ​ទាំង​ការយល់ដឹង​ពី​សោភ័ណភាព និង​អ្នកទទួលបន្ទុក​គ្រប់គ្រង​កាកសំណល់​ហាក់​នៅមានកម្រិត ស្របពេល​កំណើន​ភ្ញៀវ​មាន​សន្ទុះ​ខ្លាំង​នោះ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម