ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​: បេន​ហ្សេ​ម៉ា អស់​ឱកាស​ជាមួយ​ក្រុម​ជម្រើសជាតិ​

1078
ចែករម្លែក

​ក្តីសង្ឃឹម​របស់​ខ្សែប្រយុទ្ធ ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema)​ក្នុងការ​វិលត្រឡប់​ទៅកាន់ ក្រុម​ជម្រើសជាតិ​បារាំង​វិញ​ហាក់ដូច​ជារួម​តូច​ទៅៗ​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​ក្នុងស្រុក​ឈ្មោះ Quest France ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ លោក ណូអែល ឡឺ ហ្គ្រា​អេ​ត (Noel Le Graet)​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​បាន​និយាយ សម្រាល​ជុំវិញ​ឱកាស​នៃ​ការកោះហៅ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Real Madrid រូបនេះ​មកវិញ​។​
​ ​
​លោក ឡឺ ហ្គ្រា​អេ​ត បាន​និយាយថា “​ខ្ញុំ​ជឿជាក់ថា វា​ចប់សព្វគ្រប់​ហើយ​សម្រាប់ បេន​ហ្សេ​ម៉ា ជាមួយ​ក្រុម​បារាំង ជាពិសេស​តាំងពី​ពេលដែល​កីឡាករ​រូបនេះ​លេង​មិនសូវ​ល្អ​មួយរយៈ កន្លងមក​”​។​
​ ​
​បេន​ហ្សេ​ម៉ា ដែល​បាន​បង្ហាញមុខ​លើកចុងក្រោយ​ជាមួយ​ក្រុម​បារាំង​កាលពី​ខែតុលា ឆ្នាំ​២០១៥ នោះបាន​ជាប់​ក្នុង​បញ្ជី​សម្រាំង​៣០​រូប​សម្រាប់​ពាន​បាល់​មាស​ក្នុងឋានៈ​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​។ ប៉ុន្តែ​ទំនាក់ទំនង​របស់ បេន​ហ្សេ​ម៉ា ជាមួយ​គ្រូបង្វឹក​បារាំង ឌី​ឌី​យេ ដេ​សំ (Didier Deschamps) នៅតែ​ល្អក់កករ​។​
​ ​
​លោក ដេ​សំ មិនបាន​កោះហៅ បេន​ហ្សេ​ម៉ា ទេ ចាប់តាំងពី​កីឡាករ​រូបនេះ​អះអាងថា គ្រូបង្វឹក​ជម្រើសជាតិ​រូបនេះ​បាន​ឱនក្បាល​ចំពោះ​សម្ពាធ​ដែលមាន​លក្ខណៈ​រើសអើង​ពូជសាសន៍ នៅពេល​គ្រូបង្វឹក​រូបនេះ​យល់ព្រម​ដក បេន​ហ្សេ​ម៉ា ចេញពី​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត European Championship ។​
​ ​
​ការសង្ស័យ​អំពី​ការជាប់​ពាក់ព័ន្ធ​របស់ បេន​ហ្សេ​ម៉ា ក្នុង​ផែនការ​គំរាម​ទារប្រាក់​ជុំវិញ វីដេអូ​សិច​នោះ​ក៏​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កីឡាករ​រូបនេះ​បាត់បង់​ឱកាស​ផងដែរ​។​
​ ​
​បេន​ហ្សេ​ម៉ា ធ្លាប់​រកបាន​២៧​គ្រាប់​សម្រាប់​ក្រុម​បារាំង​ក្នុងការ​បង្ហាញមុខ​៨១​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema)

ទីតាំងផ្សាយពាណិជ្ជកម្ម