រឿង​ប៉ូលិស​ចរាចរណ៍​ទារលុយ​ចិន​១០០​ដុល្លារ​: ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សុំ​គោល​ការណ៍សម្រេច​ពី​ថ្នាក់ដឹកនាំ​

1209
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មន្ត្រីនគរបាល​ចរាច​រណ៍​ចំនួន​បី​រូប ត្រូវបាន​ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហៅ​មក​សាកសួរ​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ទារលុយ​ចំនួន ១០០​ដុល្លារ ពី​ជន​ជាតិចិន​ដែល​ជិះ​រថយន្ត​នៅលើ​ដងផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ការសាកសួរ​បានបញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា នេះ និង​សុំ​គោល​ការណ៍​ពី​ថ្នាក់លើ​ដើម្បី​ដាក់ពិន័យ​។​

​ការហៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទាំងបី​រូប មក​សាកសួរ​នេះ គឺ​បន្ទាប់ពី​មានការ​បង្ហោះ​វិ​ដេ​អូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​សកម្មភាព​មន្ត្រីនគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​បុរស​ជនជាតិ​ចិន ជិះ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​។ ដោយ​មន្ត្រីនគរបាល​ច​រា​ចរណ៍​បាន​និយាយ​ជា​ភាសា​ចិន​ទារលុយ ១០០​ដុល្លារ និង​និយាយ​ជជែក​តថ្លៃ​គ្នា​ធ្លាក់​នៅ​នៅត្រឹម​៥០​ដុល្លារ​។ វិ​ដេ​អូ​នេះ​ថត​ដោយ​ជនជាតិ​ចិន​មាន​រយៈពេល ១​នាទី​២១​វិនាទី​។ វិ​ដេ​អូ​នេះ ត្រូវបាន​ចែកចាយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា​នេះ​ថា មន្ត្រីនគរបាល​ចរាច​រណ៍​ចំនួន​៣​នាក់ ដែល​បាន​ទារលុយ ១០០​ដុល្លារ​ពី​ជនជាតិ​ចិន កំពុងតែ​ស្ថិតនៅក្នុង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ គឺ​នៅ​កន្លែង​ក្រុមប្រឹក្សាវិន័យ ដោយ​កំពុងតែធ្វើការ​សាកសួរ​ចប់​នីតិវិធី និង​សុំ​គោល​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​។​

​សូមជម្រាបថា មន្ត្រីនគរបាល​ចរាច​រណ៍​ទាំង​បីនាក់ ត្រូវបាន​ក្រុមប្រឹក្សាវិន័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហៅ​មក​សាកសួរ​បន្ទាប់ពី​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ទារប្រាក់ ១០០ ដុល្លារ​អាមេរិក ពី​ជន​ជាតិចិន ជា​ថ្នូរ​នឹង​ការបើកបរ​ល្មើសច្បាប់​ចរាចរណ៍​។ ការហៅ​មក​សាកសួរ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​។​

​ក្រោយពី​សាកសួរ​រួច ក្រុមប្រឹក្សាវិន័យ របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ កំពុង​ពិនិត្យមើល ទៅលើ​វិន័យ ០០៦ របស់​កងកម្លាំង ថា​តើ​ពួកគេ​ប្រព្រឹត្តល្មើស​វិន័យ​ទំហំ​ប៉ុណ្ណា​? ទទួលពិន័យ​ប៉ុណ្ណា​? នឹង​អនុវត្តន៍​វិធានការណ៍ យ៉ាង​ម៉ឺងម៉ាត់​បំផុត ទៅតាម​វិន័យ ០០៦ របស់​កងកម្លាំង ហើយ​ស្អែក​នេះ នឹង​បញ្ចប់​នី​តី​វិធី ។ ការដាក់ពិន័យ នឹងធ្វើ​យ៉ាង​ម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​បំផុត ព្រោះតែ​ពួកគេ (​នគរបាល​ទាំង បីនាក់​) បានធ្វើ​ឲ្យ​ខូច​នូវ​កិត្តិយស របស់​កងកម្លាំង​នគរបាលជាតិ ទាំងមូល​។​

​សូមជម្រាបថា មន្ដ្រីនគរបាល ដែល​ទារលុយ​ពី​ជន​ជាតិចិន នៅ​ខេត្ត​ព្រះសីហនុ​នោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់​អនុសេនីយ៍ត្រី ឋានៈ​មន្ត្រី​នៅ​ផ្នែក​អន្តរាគមន៍ នៃ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​។​

​សូមជម្រាបថា ប៉ុន្មាន​ថ្ងៃនេះ មាន​ករណី គណនី Facebook ជាច្រើន បាន​បង្ហោះ ផ្សព្វផ្សាយ ចែកចាយ​បន្ដ​គ្នា អំពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ម្នាក់ បាន​ឃាត់​រថយន្ត​មួយគ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ទារលុយ​ចំនួន ១០០ ដុល្លារ ក្រោយមក​តថ្លៃ​សល់ ៥០ ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​អនុវត្ត ច្បាប់​ចរាចរណ៍​៕ ល​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម