អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​អញ្ជើញ​ទៅ​បង្រៀន​សហរដ្ឋអាមេរិក អំពី​កិច្ចការ​ស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ​

1765
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​សកលវិទ្យា​ល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញ​ឱ្យទៅ​សហការ​បង្រៀន​ជាមួយ​សាស្ត្រាចារ្យ Kaja McGowan រយៈពេល​១​ឆមាស ចាប់ពី​ថ្ងៃទី​១ សីហា ដល់​២៤ ធ្នូ ឆ្នាំ​២០១៨ ។​

​ក្នុងការ​ទៅ​បង្រៀន​នៅ​សកលវិទ្យា​ល័យ CORNELL សហរដ្ឋអាមេរិក គឺ​លើ​មុខវិជ្ជា​ទឹក ក្នុងនោះ​អំពី​សិល្បៈ​និង​នយោបាយ​នៅ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ី​អ​គ្នេ​យ៍ ដែល​ខ្លឹម​សារសំខាន់​នៃ​មេរៀន​នោះ គឺ​បង្ហាញ​នយោបាយ​គ្រប់គ្រង​ទឹក​នៃ​អរិយធម៌​អង្គរ និង​សារៈសំខាន់​នៃ​ទឹក​ក្នុង​ជំនឿ​សាសនា ពិសេស​ទឹក​អ​ម្រិ​ត​នៅក្នុង​ទេវ​កថា​កូរ​សមុទ្រ​ទឹកដោះ បន្ទាប់ពី​រូបលោក ធ្លាប់បាន​ឆ្លងកាត់​ជីវិត​សិក្សា បទពិសោធន៍​ការងារ​ផ្នែក​បុរាណវិទ្យា និង​ការស្រាវជ្រាវ​ជាង​២០​ឆ្នាំ​ជាមួយ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ ។​

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បាន​បង្រៀន​ប្រវត្តិ សាស្ត្រ​ខ្មែរ​សង្ខេប ពី​សម័យ​ហ្វូណន​រហូតដល់​សម័យ​បច្ចុប្បន្ន កុលាលភាជន៍​ខ្មែរ ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​អង្គរ និង​ការគ្រប់គ្រង​បេតិកភណ្ឌ​អង្គរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​រួមទាំង​ការផ្សព្វផ្សាយ​អំពី​ការរៀន​ភាសា​ខ្មែរ និង​អំពាវនាវ​ឱ្យ​និស្សិត​អន្តរជាតិ​ចាប់អារម្មណ៍​ពី​ប្រទេស​ខ្មែរ ទាំង​ផ្នែក​បុរាណ​ដ្ឋា​ន​និង​ប្រវត្តិសាស្ត្រ​ផងដែរ ។​


​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ មានប្រសាសន៍ថា នេះ​ជា​មោទកភាព​ណាស់​សម្រាប់​រូបលោក ក៏ដូចជា​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចែករំលែក​បទពិសោធន៍​ការងារ​គ្រប់គ្រង​បេតិកភណ្ឌ​អង្គរ រយៈពេល​២៥ ឆ្នាំ​ដល់​និស្សិត​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក​។​

​សូមបញ្ជាក់ថា លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បុរាណវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នា​ឆ្នាំ​១៩៩៥ ថ្នាក់អនុបណ្ឌិត​នៅ​សកលវិទ្យា​ល័យ Kyoto នៅ​ឆ្នាំ​២០០០ និង​ថ្នាក់បណ្ឌិត​នៅ​សកល​វិទ្យាល័យ Osaka Ohtani នៃ​ប្រទេស​ជប៉ុន នា​ឆ្នាំ​២០១០ ។​

​លោក​បាន​បំពេញការងារ​នៅ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ពី​ឆ្នាំ​២០០០​មក ហើយ​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ មហាវិទ្យាល័យ​បុរាណវិទ្យា​លើ​មុខវិជ្ជា​ប្រវត្តិ​កុលាលភាជន៍​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​អរិយធម៌​ពិភពលោក​នៅសល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ក្នុង​ខេត្តសៀមរាប​។​

​នៅ​ឆ្នាំ​២០០៤ លោក​បានទទួល​អាហារូបករណ៍​ពី Asian Cultural Council, USA ដើម្បី​សិក្សា​អំពី​របៀប​គ្រប់គ្រង​វត្ថុ​បុរាណ​ដែល​បាន​ពី​កំណាយ​រហូតដល់​អភិរ​ក្ស​នៅ Arizona State University, Freer/Sackler Galleries (Smithsonian) និង University of Pennsylvania Museum of Archaeology and Anthropology ហើយ​លោក​ក៏​ជា​សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ Field school សហការ​ជាមួយ​សិង្ហ​បុរី​នៅ​កោះកែរ​និង​នៅ​តំបន់​អង្គរ​ជាច្រើនលើក​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម