ក្រសួងបរិស្ថាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប​

1004
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: បញ្ហា​សោភ័ណភាព​ទីក្រុង​ដែល​កំពុងមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង វា​មិនមែនជា​ព្រំដែន​កំណត់​បញ្ចប់​ការគិតគូ​អំពី​បរិស្ថាន​នោះទេ ដរាបណា​បញ្ហា​សំរាម សំណល់​ផ្ទះបាយ ដែល​មនុ​ស្សមាន​តម្រូវ​ការបញ្ចេញចោល​ជាប្រចាំ​ថ្ងៃនោះ ដូច្នេះ ដើម្បី​ធានា​លើ​ការដោះស្រាយ​សំណល់​ទាំងនោះ ការប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​ក្រុង​សៀមរាប ត្រូវមាន​ការកំណត់​ឲ្យ​បានច្បាស់លាស់ ទីតាំង​ចាក់សំរាម ដែល​អាច​ធានា​អាយុកាល​យូរអង្វែង និង មិន​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​សហ​គម​ន៍​ប្រជាពលរដ្ឋ ពីព្រោះ សំរាម​វា​ជា​បញ្ហា​គ្រោះថ្នាក់​បំផុត ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ចាក់សំរាម​នោះ។

ក្រសួងបរិស្ថាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប (​រូប​: បាយ័ន​)​

​នេះ​ជា​បញ្ជាក់​របស់លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុងឱកាស​ជួប​ជា​ពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលខេត្ត​សៀមរាប កាល ពីថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​។​

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា គោលដៅ​ទាំង​៤​សង្កាត់​ក្នុង​ក្រុង​សៀមរាប លើ​ការងារ​ប្រមូល​សម្រាម​ក្នុង​រយៈពេល​កន្លងមក​នេះ មាន​ក្រុមហ៊ុន​កា​អ៊ែរ ជា​អ្នកប្រមូល​ដឹកជញ្ជូន ហើយ​ក្រុមហ៊ុន​នេះ នឹងត្រូវ​បានបញ្ចប់​កិច្ចសន្យា​របស់ខ្លួន នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ ខាងមុខ នេះ ហើយ​នឹងមាន​ក្រុមហ៊ុន​ថ្មី​ចូលមក​ជំនួស​។​

​លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សង្ឃឹមថា​ក្រុមហ៊ុន​ប្រមូល​ដឹកជញ្ជូន​សំរាម​ថ្មី​នេះ នឹងមាន​កិច្ច សហការ​ល្អជា​មួយ​អាជ្ញាធរ​ក្រុង​សៀមរាប ជាមួយនឹង​មធ្យោបាយ កម្លាំង​ប្រតិបត្តិការ និង ទីតាំង​ថ្មី​សម្រាប់​ចាក់ សំរាម ដែលមាន​ទំហំ​ធំ ធានាថា​មិន​បង្ក​ផលវិបាក​ដល់​សហគម​ន៍​ប្រជាពលរដ្ឋ​នោះទេ ខណៈពេលដែល​ក្រុមហ៊ុន កា​អ៊ែរ មិនបាន​គោរព​ទៅតាម​កិច្ចសន្យា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ទីតាំង​ចាក់សម្រាម តែង​ធ្វើការ តវ៉ា និង បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​ចូល​ចាក់​ជាច្រើនលើក​មកហើយ​នោះ​។

​អភិបាលខេត្ត​សៀមរាប សង្ឃឹមថា ក្រុមហ៊ុន​ប្រមូល​ដឹកជញ្ជូន​សំរាម​ថ្មី នឹងមាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ក្រុង​សៀមរាប​៕