ឆ្នាំនេះ អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត លើ​ពិភពលោក

1644
ចែករម្លែក
  • 4
    Shares

​ដោយ : វិបុល​/​ភ្នំពេញ ៖ ឆ្នាំនេះ ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្មី​មួយទៀត ដែល​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា បានឈ្នះ​ពានរង្វាន់​ជា​អង្ករ​ល្អ​ជាងគេ​បំផុត ក្នុង​ពិភពលោក ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។​

​ការ​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ ពិភពលោក​លើក​ទី​១០ (10th World Rice Conference) ដែល​រៀបចំ​ដោយ The Rice Trader រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​តាមរយៈ​សន្និសីទ​នេះ លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ដោយ​លើក​យក​​ប្រធានបទ​ស្តីពី “Cambodia’s Key Export Origin in Focus” មក​បង្ហាញជូន​ដល់​អង្គ​សន្និសីទ ដោយ​បាន​សង្កត់ធ្ងន់​លើ​ការនាំចេញ​អង្ករ​កម្ពុជា ដោយ​ផ្តោតលើ​អង្ករ​ដែលមាន​គុណភាព​ប្រណីត ការធ្វើ​ពិពិធ​កម្ម​និង​​ការពង្រីក​ទីផ្សារ ការធ្វើ​ទំនើបកម្ម​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ និង​ការ​ឈានទៅ​ការធ្វើ​ការចុះ ម៉ាក​សញ្ញា​សំគាល់​ភូមិសាស្ត្រ (GI) នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែលមាន​លក្ខណ​:​ភូមិសាស្ត្រ​ពិសេស និង​មាន​ប្រពៃណី​ដាំ​ដុះ​ស្រូវ​ដែលមាន​គុណភាព​ដ៏​យូរលង់​ណាស់​មកហើយ​។​

​ជាមួយគ្នានេះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​យក​អង្ករ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​គុណភាព​អង្ករ​កម្ពុជា​ដល់​ពាណិជ្ជករ​អន្តរជាតិ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ និង​ចូលរួម​ការប្រកួត​អង្ករ​ល្អ​ជាងគេ​នៅលើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៨​ផងដែរ​។​

​សូមជម្រាបថា កម្ពុជា​ធ្លាប់​គ្រប់គ្រង​ពានរង្វាន់​អង្ករ​ជាងគេ​បំផុត ក្នុង​ពិភពលោក រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ ហើយ​សម្រាប់​ឆ្នាំ​ក្រោយមកទៀត គឺ​ឆ្នាំ​២០១៥, ២០១៦ និង​២០១៧ កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​២ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៨​នេះ​កម្ពុជា អាច​យក​ពានរង្វាន់​នេះ ត្រឡប់​មកវិញហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម