សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨

918
ចែករម្លែក

ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែតុលា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​ម៉ោង​១:១០​ថ្ងៃនេះ

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​និវត្តន៍​មកដល់​មាតុភូមិ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី ១២ ខែតុលា​ឆ្នាំ ២០១៨​បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី ១០ នៅ​ប្រទេស​ជប៉ុន​រយៈ ពេល ៤ ថ្ងៃ និង​បន្តដំណើរ​ចូលរួម “​ជំនួប​កំពូល​​ថ្នាក់ដឹកនាំ​អាស៊ាន​”​ដែល​ត្រូវបាន​រៀបចំឡើង​ស្រប​ជាមួយ​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ធនាគារពិភពលោក​ក្រោម​មូលបទ​” ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង ការ កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និង​សាកល​” នៅ​ថ្ងៃទី ១១ ខែតុលា​ឆ្នាំ ២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ៕

​តាមរយៈ​កិច្ចប្រជុំ​នេះ សម្ដេច​តេ​ជោ បានសម្រេច​បាន​នូវ​លទ្ធផល​សំខាន់ៗ​ជាច្រើន​ដូចជា ៖

*​ការិយាល័យ​នាំពាក្យ​រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​សហភាព​អឺរ៉ុប​ស្តីពី​ការអនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​

​ការិយាល័យ​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​ទៅនឹង​សហភាព​អឺរ៉ុប ស្តីពី​ការអនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ ថា​មិនទាន់មាន​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​នោះទេ ខណៈដែល​ភាគី​ពាក់ព័ន្ធ​កំពុងតែធ្វើការ​ពិភាក្សា និង​ដោះស្រាយ ទៅតាម​នីតិវិធី នៃ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អឺរ៉ុប ស្ដីពី​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) នេះ ៕

*​ឆ្នាំនេះ អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត លើ​ពិភពលោក​

​ឆ្នាំនេះ ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្មី​មួយទៀត ដែល​អង្ករ​ក្រអូប​ប្រណីត​របស់​កម្ពុជា បានឈ្នះ​ពានរង្វាន់​ជា​អង្ករ​ល្អ​ជាងគេ​បំផុត ក្នុង​ពិភពលោក ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។​ការ​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​បំផុត​ក្នុង​ពិភពលោក (Worlds Best Rice 2018) នេះ នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ ពិភពលោក​លើក​ទី​១០ (10th World Rice Conference) ដែល​រៀបចំ​ដោយ The Rice Trader រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ៕

*​ផ្លូវដែក​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​ក្រោយ​ទឹក​លិច​២​កន្លែង នៅ​ជ្រាយ​តែ​ខ្សែ​រថ​អាច​ឆ្លងកាត់​បាន​

​ផ្លូវដែក​នៅ​ម្តុំ​អាង​អូរ​ខៃ​ដន​ក្រោយ​ទឹក​លិច​២​កន្លែង នៅ​ជ្រាយ​តែ​ខ្សែ​រថ​អាច​ឆ្លងកាត់​បានមក​ទល់​ថ្ងៃនេះ​។​យោង​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត ទទួល​គ្រប់គ្រង​រមណីយដ្ឋាន​អាហារ​នៅ​អាងទឹក​អូរ​ខៃ​ដន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១២​ខែតុលា​ថា គិត​មក​ត្រឹម​ថ្ងៃនេះ ស្ថានភាព​ដី​ខាងក្រោម នៃ​ផ្លូវដែក​នៅ​ម្តុំ​ខាងក្រោម​ជាប់​នឹង​ទំនប់​អាង​នេះ នៅមាន​សភាព​ជ្រាយ ហើយ​ប្រឈម​នឹងមាន​ទឹក​ហៀរ​ខ្ជាក់​ពី​អាង​មក​លិច​ជាថ្មី បើសិន​ជាមាន​ភ្លៀង​ធ្លាក់​ក្នុងភូមិ​ក្រុង​ប៉ោយប៉ែត និង​មានទឹក​បើក​បន្ធូរ​ទម្លាក់​ពី​អាងទឹក​របស់​ថៃ នៅ​ស្រុក​អារញ្ញ​ប្រ​ថេត ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កើតមាន​ជាថ្មី​នោះ ៕

*​ក្រសួងបរិស្ថាន​បង្ហាញ​ក្ដីបារម្ភ​អំពី​បញ្ហា​សំរាម​ក្នុង​ក្រុង​សៀមរាប​

​បញ្ហា​សោភ័ណភាព​ទីក្រុង​ដែល​កំពុងមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង វា​មិនមែនជា​ព្រំដែន​កំណត់​បញ្ចប់​ការគិតគូ​អំពី​បរិស្ថាន​នោះទេ ដរាបណា​បញ្ហា​សំរាម សំណល់​ផ្ទះបាយ ដែល​មនុ​ស្សមាន​តម្រូវ​ការបញ្ចេញ​ចោល​​ជាប្រចាំ​ថ្ងៃនោះ ដូច្នេះ ដើម្បី​ធានា​លើ​ការដោះស្រាយ​សំណល់​ទាំងនោះ ការប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​ក្រុង​សៀមរាប ត្រូវមាន​ការកំណត់​ឲ្យ​បានច្បាស់លាស់ ទីតាំង​ចាក់សំរាម ដែល​អាច​ធានា​អាយុកាល​យូរ​អង្វែង និង មិន​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​បរិស្ថាន​សហ​គម​ន៍​ប្រជាពលរដ្ឋ ពីព្រោះ សំរាម​វា​ជា​បញ្ហា​គ្រោះ​ថ្នាក់​បំផុត ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ចាក់សំរាម​នោះ ៕

*​រឿង​ប៉ូលិស​ចរាចរណ៍​ទារលុយ​ចិន​១០០​ដុល្លារ​: ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សុំ​គោលការណ៍​សម្រេច​ពី​ថ្នាក់ដឹកនាំ​

​មន្ត្រីនគរបាល​ចរាច​រណ៍​ចំនួន​បី​រូប ត្រូវបាន​ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហៅ​មក​សាកសួរ​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ទារលុយ​ចំនួន ១០០​ដុល្លារ ពី​ជន​ជាតិចិន​ដែល​ជិះ​រថយន្ត​នៅលើ​ដងផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ការសាកសួរ​បានបញ្ចប់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា នេះ និង​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ដើម្បី​ដាក់ពិន័យ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម