​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ឡាវ​រឿង​ទារលុយ​ប្រាំ​ដុល្លារ​ពី​ភ្ញៀវ​

1322
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: ជនបរទេស​ម្នាក់​បាន​ថត​ជា​វីដេអូ​ឃ្លី​ប ចោទ​ប៉ូលិស​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង ជាប់ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ថា បាន​ទារប្រាក់​ចំនួន​ប្រាំ​ដុល្លារ​ជា​ថ្នូរ​នឹង​ការបោះ​ត្រា​តែម​ចេញចូល​ឆ្លង​ប្រទេស ក៍​ប៉ុន្តែ​មេ​ប៉ូលិស​ដែល​រង​ការចោទប្រកាន់​បាន​បំភ្លឺថា​ជា​រឿង​ចាស់​កាល​ពីមួយ​ឆ្នាំមុន​។​
​ ​
​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ Dara khan បាន​បង្ហោះ​សារ​បែកធ្លាយ​ថា ប៉ូលិស​ការពារ​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​ឡាវ​ទារលុយ​ពី​ភ្ញៀវ​ទេស ចរ​បរទេស​ឆ្លងដែន​ពី​កម្ពុជា ទៅ​ប្រទេស​ឡាវ ក្នុង​ម្នាក់​ចាប់ពី​ពីរ​ទៅ​ប្រាំ​ដុល្លារ​ជា​ថ្នូរ​នឹង​ការបោះ​ត្រា​ចេញចូល​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​។​

​ជនបរទេស​ម្នាក់​បាន​ថត​ជា​វីដេអូ​កាមេរ៉ា​ដោយនិយាយ​ជា​ភាសា​អង់គ្លេស​តវ៉ា​ថា គាត់​មានវី​សា​ចូល​ប្រទេស​ឡាវ​ហេតុអ្វី​ត្រូវ​បង់លុយ​ទៀត​? ប៉ូលិស​ពាក់​ស័ក្តិ បី​ឈរ​ក្បែរ​នោះបាន​ស្រែក​គំហក​ទៅ​ភ្លាមៗ​ថា បើ​មិន​បង់លុយ​ទេ​នៅ​ចាំទី​នេះហើយ​(​មិន​បោះត្រា​ឱ្យ​)​។ បរទេស​រូបនោះ​សួរ​ទៀតថា លោក​ទារលុយ​ពី​មិត្ត​ខ្ញុំ​តែ​ពីរ​ដុល្លារ​។ ហេតុអ្វី​ក៍ទារ​ពី​ខ្ញុំ​ដល់​ទៅ​ប្រាំ​ដុល្លារ​? ភ្លាមៗ​នោះ​ប៉ូលិស​ក៏បាន​រុញ​ប៉ាស្ព័រ​របស់គាត់​ទៅ​កៀន​។ ដោយ​ខ្លាច​ប៉ូលិស​ខ្មែរ​ដឹងថា គាត់​លួច​ថត​វីដេអូ គាត់​ក៍​ព្រមឱ្យ​ប៉ូលិស​បួន ដុល្លារ​។ ពេលនោះ​ប៉ូលិស​បាន​ទារលុយ​ពី​មិត្ត​អ្នក​ថត​កាមេរ៉ា​ពីរ​ដុល្លារ​ទេ​។ គាត់​មិនមាន​លុយរាយ​ក៍​ហុច​ក្រដាស​ប្រាំ​ដុល្លារ​ឱ្យទៅ​ប៉ូលិស​។ ប៉ូលិស​មិនបាន​អាប់​លុយ ប្រាំ​ដុល្លារ​មកវិញ​នោះទេ គឺ​យកទៅ​ទាំងអស់​តែម្តង​។

​លោក ញ៉ែម បូ​រិ​ន ប្រធាន​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង បានបញ្ជាក់​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា វា​ជា​រឿង​ចាស់​យូរហើយ​មាន​អ្នកលេង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទើបនឹង​យកមក​បង្ហោះ​ចែកចាយ​បន្ត​គ្នា​ធ្វើឱ្យមាន​ការភាន់ច្រឡំ​។ ប៉ូ លិ​សបាន​និយាយទៀតថា វីដេអូ​ឃ្លី​ប​ខាងលើ​ត្រូវ​ជនបរទេស​ថត​តាំង​ពី ឆ្នាំ​២០១៧ មកម្ល៉េះ​។ កាលណោះ​លោក​ទើបនឹង​ផ្លាស់​តួនាទី​ទៅជា​ប្រធាន​ច្រក​អន្តោប្រវេសន៍ ត្រពាំង​ក្រៀល​បាន​ត្រឹម​មួយខែ​ប៉ុណ្ណោះ​។ ពេល​ផ្លាស់​បាន​មួយខែ​គាត់​មិនទាន់បាន​ក្តាប់​ការងារ​ជុំ​ក៍​មានរឿង​កើតឡើង​តែ​លោក​បាន​បំភ្លឺ​ជូន​ថ្នាក់លើ​និង​អង្គភាព​ប្រឆាំង អំពើពុករលួយ​រួចរាល់​ហើយ​ដែរ​។

​ទាក់ទង​នឹង​ការបោះ​ត្រា​ភ្ញៀវ​ចេញ​តាម​ច្រកព្រំដែន​អន្តរជាតិ​ទៅ​ក្រៅប្រទេស​ប្រមុខ​រាជរដ្ឋាភិបាល​មិន​កំណត់​តម្រូវឱ្យ​សមត្ថកិច្ច​យកលុយ​ឡើយ​។ រឿងនេះ លោក ញ៉ែម បូ​រិ​ន ប្រធាន​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ក្រៀល​ក៍បាន​ហាម​កូនចៅ​មិនឱ្យ​បម្រើ​ការងារ​ខុស​គោល​ការ​ដែរ​។ លោក​ថា បើសិនជា​ភ្ញៀវ​ណា​គេ​មានចិត្ត​ឱ្យ​មន្ត្រី អាច​យក​ដោះស្រាយ​ថ្លៃ​បាយ​ទឹកបាន​។ ហាម​ដាច់ខាត​មិនត្រូវ​ជម្រិត​ទារប្រាក់​ពី​ភ្ញៀវ​នោះឡើយ​។​

​ប្រភពពី​មន្ត្រី​នៅ​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឱ្យដឹងថា ទោះបីជា​រឿង​ចាស់​ឬ​ថ្មី​ក៍​ប្រធាន​អន្តោប្រវេសន៍​ទទួលខុស​ត្រូវ​ច្រក​កម្ពុជា​-​ឡាវ​ត្រូវ បាន​ឡើងទៅ​បំភ្លឺ​នៅ​ថ្នាក់លើ​មិនទាន់​វិលត្រឡប់​មកវិញ​នោះទេ​ចំពោះ​ករណី​ទារប្រាក់​ពី​ជនបរទេស​ជា​ថ្នូរ​នឹង​ការបោះ​ត្រា​តែម​ចេញទៅ​ប្រទេស​ឡាវ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម