វេជ្ជបណ្ឌិត​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មួយក្រុម​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​នាវា​មន្ទីរពេទ្យ​អាមេរិក​ដើម្បី​ជួយ​ជនរួមជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ដទៃ​ក្នុង​តំបន់​អាមេរិក​ឡាទីន​

789
ចែករម្លែក

​វេជ្ជបណ្ឌិត​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់សិប​នាក់​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​នាវា USNS Comfort ខណៈដែល​នាវា​មន្ទីរពេទ្យ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​នេះ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អាមេរិក​ខាងត្បូង​ចំនួន​៣​ដែល​កំពុង​តស៊ូ​ទប់​ទល់នឹង​ជំនន់​ជនភៀសខ្លួន​ពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ញាំញី​ដោយ​វិបត្តិ​។​

​វេជ្ជបណ្ឌិត​ទាំងអស់​សុទ្ធតែ​រស់នៅក្នុង​សហរដ្ឋអាមេរិក​ប៉ុន្តែ​ពួកគេ​ចង់​ជួយ​ជនរួមជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​រត់​ភៀសខ្លួន​ពី​ការខ្វះ​ស្បៀងអាហារ​និង​ឱសថ អំឡុង​ការដួលរលំ​សេដ្ឋកិច្ច ដែល​រុញច្រាន​មនុស្ស​រាប់លាន​នាក់​ឱ្យ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​។​

​វេជ្ជបណ្ឌិត ម៉ា​កូ​ស បូ​ឡូ​ញ៉ា ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​ដែល​បច្ចុប្បន្ន​រស់នៅ​រដ្ឋ​ផ្លរីដា កន្លែង​ដែល​គាត់​ជា​សមាជិក​នៃ​សមាគម​វេជ្ជសាស្ត្រ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយថា “​នេះ​គឺ​ប្រៀប​បីដូច​ជា​ស្កុ​តបិទ​មុខរបួស​បណ្តោះអាសន្ន​។ ប៉ុន្តែ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​ហើយ​វា​ជួយ​យើង​ឱ្យធ្វើ​អ្វីមួយ​សម្រាប់​ប្រទេស​របស់​យើង​”​។​

​នាវា USNS Comfort ត្រូវបាន​ពណ៌នា​ថា​ជាការ​គំរាមកំហែង​មួយ​ដោយ​រដ្ឋាភិបាល​សង្គមនិយម​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​វា​នឹងមិន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ទេ អំឡុង​ដំណើរ ១១ សប្តាហ៍​ទៅកាន់​ទ្វីបអាមេរិក​ឡាទីន​។ នាវា​នេះ​បានចេញ​ដំណើរ​ពី​ទីក្រុង​ន័​រ​ហ្វូ​ក រដ្ឋ​វើ​ជី​នៀ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ តុលា​។​

​វា​នឹង​ចំណាយពេល​ជាច្រើន​ថ្ងៃ​នៅ​កំពង់ផែ​កូ​ឡុំ​ប៊ី​២​កន្លែង ដែល​មួយ​ក្នុងចំណោម​នោះ​គឺ​ធ្វើដំណើរ​តែមួយ​ម៉ោង​ប៉ុណ្ណោះ​ពី​ព្រំប្រទល់​ជាមួយ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ នាវា​នេះ​ក៏​នឹង​ចូល​ចត​នៅ​កំពង់ផែ​អេក្វាទ័រ​និង​ប៉េ​រូ​ផងដែរ ដែល​ប្រទេស​ទាំង​២​ឥឡូវ​បានក្លាយ​ជាទី​លំនៅ​របស់​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់ម៉ឺន​នាក់ ដែល​កំពុង​ជួប​ការលំបាក​។ វា​នឹង​បញ្ចប់​ដំណើរ​របស់​វា​នៅក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស នៅ​តំបន់​អាមេរិក​កណ្តាល​៕ ដោយ៖ កញ្ញាដាលីស

នាវា USNS Comfort នឹង​ចូល​ចត​នៅ​ប្រទេស​ចំនួន​៣ គឺ​កូ​ឡុំ​ប៊ី អេក្វាទ័រ និង​ប៉េ​រូ

ទីតាំងផ្សាយពាណិជ្ជកម្ម