អាចារ្យ​អាមេរិក​ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​ក្នុងផ្ទះ រួច​បញ្ជូន​ចេញពី​ប្រទេស​តួ​ក​គី​

1046
ចែករម្លែក

​តុលាការ​តួ​ក​គី​កាលពី​ថ្ងៃ​សុក្រ​ទី​១២​តុលា​បាន​ផ្តន្ទាទោស​អាចារ្យ​ជនជាតិ​អាមេរិក​ម្នាក់​ពីបទ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ប៉ុន្តែ​បាន​ដោះលែង​គាត់​ពី​ការឃុំខ្លួន​ក្នុងផ្ទះ​និង​អនុញ្ញាតឱ្យ​គាត់​ចាក​ចេញពី​ប្រទេស ដោយ​ដកចេញ​នូវ​រឿង​ក្តៅក្រហាយ​ដ៏​សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​ដ៏​ច្របូកច្របល់​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ណា​ទាំង​២ (​តួ​ក​គី​និង​អាមេរិក​) ដែល​នៅ​មិនទាន់​ឯកភាពគ្នា​លើ​បញ្ហា​ផ្សេងទៀត​ជាច្រើន​។​

​តុលាការ​នៅ​ជិត​ទីក្រុង​អ៊ី​ស្មៀ ភាគ​ខាងលិច​បាន​ផ្តន្ទាទោស​អ្នកស្រុក​នៅ​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា លោក អ៊ែន​ឌ្រូ ព្រូន​សុន (Andrew Brunson) ឱ្យ​ជាប់គុក​ជាង ៣ ឆ្នាំ​ពីបទ​ជួយ​ក្រុម​ភេរវជន ប៉ុន្តែ​ឱ្យ​គាត់​រួចខ្លួន ដោយសារតែ​អាចារ្យ​អាយុ ៥០ ឆ្នាំនេះ​បាន​ចំណាយពេល​ជិត ២ ឆ្នាំ​ក្នុងការ​ឃុំឃាំង​ក្នុងផ្ទះ​។ ការចោទប្រកាន់​ពីបទ​ចារកម្ម​ពីមុន​ត្រូវបាន​ទម្លាក់ចោល​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក​លោក ព្រូន​សុន ត្រូវបាន​បញ្ជូន​ទៅកាន់​អាកាសយានដ្ឋាន​ក្រុង​អ៊ី​ស្មៀ ហើយ​ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​តួ​ក​គី កន្លែង​ដែល​គាត់​បានរស់នៅ​អស់​រយៈពេល​២​ទសវត្សរ៍​។ គាត់​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​យោធា​អាមេរិក​នៅ​ទីក្រុង​លែ​ន​ស្តុល ប្រទេស​អាល្លឺម៉ង់​។​

​ការដោះលែង​លោក​ប្រូ​ន​សុន គឺជា​ជ័យជម្នះ​ការទូត​មួយ​សម្រាប់​លោក​ត្រាំ ដែលជា​អ្នកគាំទ្រ​ពួក​គ្រី​ស្ទា​ន​សម្រាប់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ មុនពេល​ការបោះឆ្នោត​សភា​នៅ​ខែវិច្ឆិកា​៕ ដោយ៖ កញ្ញាដាលីស

លោក អ៊ែន​ឌ្រូ ព្រូន​សុន (​រូប​កណ្តាល​ពាក់​វ៉ែនតា​) ត្រូវបាន​ដោះលែង​និង​បញ្ជូន​ចេញពី​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម