ទិវា​សាធារណរដ្ឋ ព័រទុយហ្កាល់​

1838
ចែករម្លែក

​ភ្នំពេញ​: រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ព័រទុយហ្កាល់ ប្រារព្ធ​ទិវា​សាធារណ​ដ្ឋ​របស់​ពួកគេ នៅ​ថ្ងៃទី ខែ តុលា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ធ្វើ​ប​ដិ​វិត្ត​ន៍ និង បង្កើត​របប​សាធារណរដ្ឋ លើក​ទី ១ កាលពី​ឆ្នាំ​១៩១០ បន្ទាប់ពី​ប្រទេស​នេះ​ស្ថិតក្នុង​សភាព​ប្រជែង​គ្នា​មិនចេះចប់​មិនចេះ ហើយ​រាប់រយឆ្នាំ​មក ។
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ព័រទុយហ្កាល់ មាន​ផ្ទៃដី ៩២.២១២ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ឧបទ្វីប អ៊ី​ប្រ៊ា​ន ភាគ​នារ​តី នៃ ទ្វី​អឺរ៉ុប មាន​ព្រំដែន​ជា​ប្រទេស អេ​ស្ប៉ា​ញ និង មហាសាគរ​អា​ត្ល​ង់​ទិ​ក ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជាង ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត រដ្ឋធានី​គឺ​ទីក្រុង លី​ស​បោ​ន ភាសាផ្លូវការ​គឺ​ភាសា ព័រទុយហ្កាល់ ។ ព័រទុយហ្កាល់ ធ្លាប់ជា​មហាអំណាច​ពិភពលោក​មួយ​ក្នុងចំណោម​មហាអំណាច​ពិ​ព​ភព​លោក​កំពូលៗ ហើយ​មាន​ដែនដី​អាណានិគម​របស់ខ្លួន​ដ៏​ធំ​ល្វឹងល្វើយ​នៅឯ​នាយ​សមុទ្ទ​ទៀតផង​។​

​ប្រវត្តិសាស្ត្រ​
​ព័រទុយហ្កាល់ បាន​កសាង​ខ្លួន​ក្លាយជា​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ឆ្នាំ ១១៤៣ ហើយ​បាន​ក្លាយជា មហាអំណាច​ពិភពលោក​មួយ​នៅ​ឆ្នាំ​អំឡុង​សតវត្សរ៍​ទី ១៥ និង ទី ១៦ ។ បន្ទាប់ពី​មាន បដិវត្តន៍​ថ្ងៃទី ៩-១០ ខែ វិច្ឆិកា ឆ្នាំ ១៧៩៩ នៅ បារាំង មក បាន​នាំ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ឡើងកាន់​អំណាច​នៅ​បារាំង ខណៈដែល​ប្រទេស​នេះ​កំពុងមាន​ភាពរ​ញ៉េ​រ​ញេ​យ្យ ។ បន្ទាប់ មក​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ណាប៉ូឡេអុង បាន​កសាង​ប្រទេស បារាំង ឱ្យ​ក្លាយជា​រដ្ឋ​ដ៏​ខ្លាំងក្លា​ទាំង​ផ្នែក​ហិរញ្ញវត្ថុ រដ្ឋបាល និង កងទ័ព ។ ភាពខ្លាំង​ក្លា​នេះ ក៏បាន​ពើប​សង្គ្រាម​ជាមួយ​មហាអំណាច​ផ្សេងៗ​នៅ​សម័យ​នោះ ដូចជា សម្ព័ន្ធ​អូទ្រីស​-​រុស្ស៊ី ព្រួត​គ្នា​វាយ​នៅ​ឆ្នាំ ១៨០៥ និង ប៉ះ​សង្គ្រាម​ជាមួយ​ចក្រភព​អង់គ្លេស និង សង្គ្រាម​តទល់​មហាអំណាច និង សម្ព័ន្ធ​ផ្សេងៗ​ទៀត ។

​ក្នុង​គោលបំណង​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​អង់គ្លេស ណាប៉ូឡេអុង បាន​ចូលលុកលុយ​កាន់កាប់​តំបន់​ឧបទ្វីប អ៊ី​ប្រ៊ា​ន ( គឺ​ប្រទេស ព័រទុយហ្កាល់ និង អេ​ស្ប៉ា​ញ ) ក៏បាន​ប៉ះ​សង្គ្រាម​ជាមួយ អង់គ្លេស ដោយមាន អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់ ជា​សម្ព័ន្ធមិត្ត ដែល​គេ​អោយ​ឈ្មោះថា សង្គ្រាម​ឧបទ្វីប អ៊ី​ប្រ៊ា​ន គឺជា​ផ្នែក​មួយ នៃ សង្គ្រាម ណាប៉ូឡេអុង ។ ព័រទុយហ្កាល់ និង អេ​ស្ប៉ា​ញ នាំគ្នា​ក្រោក​ប្រឆាំងនឹង​ការត្រួតត្រា​របស់ បារាំង ទៅលើ​ទឹកដី​ទាំងនេះ​នាំឱ្យមាន​សង្គ្រាម​រយៈពេល ៦ ឆ្នាំ ហើយ​បាន​បណ្តេញ​កងទ័ព​បារាំង​ចេញពី​តំបន់ ឧបទ្វីប អ៊ី​ប្រ៊ា​ន នៅ​ឆ្នាំ ១៨១៤ ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់ អង់គ្លេស ។​

​ថ្វី​ដ្បិតថា ( អង់គ្លេស , អេ​ស្ប៉ា​ញ និង ) ព័រទុយហ្កាល់ បានឈ្នះ​សង្គ្រាម​ក៏ពិតមែន ក៏ប៉ុន្តែ​បានធ្វើឱ្យ ព័រទុយហ្កាល់ ខ្ទេចខ្ទាំ ខាតបង់ រង្គោះរង្គើ និង ចុះខ្សោយ​យ៉ាងខ្លាំង​ណាស់ដែរ ហើយ​ថែមទាំង​បាន​បាត់បង់​ទឹកដី​ក្រោម​អាណានិគម​នៅឯ​នាយ​សមុទ្ទ​យ៉ាងច្រើន​ទៀតផង ។​

​ប្រទេស ប្រេ​ស៊ី​ល បាន​ធ្លាក់​ក្រោម​អាណានិគម របស់ ព័រទុយហ្កាល់ ត្រឹម​ពីថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ១៥០០ ។ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៨២២ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ជា​បុត្រា​ច្បង នៃ ព្រះ​អ​ធិ​រាជ្យ ចនទី ៦ នៃ ចក្រភព ព័រទុយហ្កាល់ បាន​ដឹកនាំ​ប្រកាស​ឯករាជភាព ប្រេ​ស៊ី​ល ពី ព័រទុយហ្កាល់ ( លំហូរ​សេដ្ឋកិច្ច នៃ អាណាចក្រ ទាំងពីរ នៅតែ​ពឹងពាក់​គ្នា​ទៅវិញទៅមក​នៅ​ឡើ ជាពិសេស លំហូ ហិ​រ​ញ្ជ​វត្ថុ ពី ប្រេ​ស៊ី​ល ទៅ​ព័រទុយហ្កាល់ ) ដែល​ធ្វើឱ្យ ព័រទុយហ្កាល់ ក៏​នៅ​កាន់តែ​តូច និង ទន់ខ្សោយ​ទៅៗ ។​

សង្គ្រាមស៊ីវិល ព័រទុយហ្កាល់​
​ស្តេច ច​ន ទី ៦ នៃ ចក្រភព ព័រទុយហ្កាល់ បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ ១៨២៦ បាន​បង្កឱ្យមាន​ទំនាស់​អ្នក​ស្នងរាជ្យ ។ ស្តេច ដោម ផេ​ដ្រូ នៃ អាណាចក្រ ប្រេ​ស៊ី​ល គឺជា​ព្រះ​បុត្រា​ច្បង នៃ ស្តេច ច​ន ទី ៦ ក៏មាន​បំណង​ចង់​កាន់អំណាច​នៅ ព័រ​ទុ​ហ្កា​ល់ ផងដែរ ។ ចំណែក​ព្រះអង្គម្ចាស់ ម៉ា​យ​ឃឺ​ល ទី ១ គឺជា​បុត្រា ទី ៣ បាន​លើក​ហេតុផល​ថា ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​បោះបង់ ឬ អស់សិទ្ធិ​ធ្វើជា​រាជទាយាត ព័រ​ទុ​ហ្កា​ល់ ទៀតហើយ តាំងពី​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ដឹកនាំ​ប្រកាស​ឯករាជភាព ប្រេ​ស៊ី​ល កាលពី​ទី ៧ ខែ កញ្ញា ឆ្នាំ ១៨២២ មកម្ល៉េះ ។
​ ​
​ប៉ុន្តែ​បន្ទាប់ពី​ស្តេច ច​ន ទី ៦ សោយ​ទិវង្គត ទៅ ស្តេច ដោម ផេ​ដ្រូ នៃ អាណាចក្រ ប្រេ​ស៊ី​ល បានប្រកាស​ឋានៈ​ខ្លួនឯង​ថា ជា ដោម ( គឺជា​ងារ​សម្រាប់ អ​ធិ​រាជ្យ នៅ ចក្រភព ព័រទុយហ្កាល់ ) ផេ​ដ្រូ ទី ៦ នៃ ព័រទុយហ្កាល់ វិញ គឺ​ក្នុង​គោលបំណង សោយរាជ្យ​ជា​អ​ធិ​រាជ្យ នៅ ព័រទុយហ្កាល់ គឺ​ក៏​គ្រង​លើ ប្រេ​ស៊ី​ល ដែរ ( ព្រោះ ប្រេ​ស៊ី​ល ទើបតែ​បែក​ចេញពី ព័រទុយហ្កាល់ ) ដែល​អាច​និយាយ​ម្យ៉ាង​ទៀតថា ស្តេច ដោម ផេ​ដ្រូ នេះ ចង់​បង្រួបបង្រួម ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ ឡើងវិញ ក្រោម​អំណាច​របស់​ព្រះអង្គ ។​
​ ​
​ប៉ុន្តែ​ទាំង​មនុស្ស ព័រទុយហ្កាល់ ក៏ដូចជា​មនុស្ស ប្រេ​ស៊ី​ល មិន​ចង់ឱ្យ អាណាចក្រ ទាំងពីរ គឺ ប្រេ​ស៊ី​ល និង ព័រទុយហ្កាល់ នៅ​រួបរួមគ្នា​ដូច​ពីមុន​ទៀតឡើយ ។ ដោយហេតុនេះ ដើម្បី ដោះស្រាយ​ទំនាស់​រាជវង្ស​នេះ ស្តេច ផេ​ដ្រូ បាន​កែប្រែ រដ្ឋធម្មនុញ្ញ​ទី ១ របស់ ព័រទុយហ្កាល់ ដែល​បានអនុម័ត កាលពី​ឆ្នាំ ១៨២២ ហើយ​ស្តេច ដោម ផេ​ដ្រូ បានដាក់​រាជ្យ ប្រគល់​ទៅ បុត្រី​របស់​ព្រះអង្គ ព្រះ​នាង ម៉ា​រី​យ៉ា ដោយមាន​ប្អូនស្រី​របស់​ព្រះអង្គ អ៊ី​សា​បែ​ល ម៉ា​រី​យ៉ា ជា រា​ជានុ​សិទ្ធិ ។
​ ​
​តាមរយៈ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ ព្រះអង្គ ដោម ផេ​ដ្រូ មានបំណង​សម្របសម្រួល​ទំនាស់​រវាង​ពួក​អ្នក​ផ្តាច់ការនិយម និង ពួក​អ្នក​សេរីនិយម តាមរយៈ​ការផ្តល់​តួនាទី​ក្នុង​រដ្ឋាភិបាល ។
​ ​
​ប៉ុន្តែ​ពួក​ផ្តាច់ការនិយម ដែលជា​គហបតី ឬ ម្ចាស់​ដី និង ពួក​បព្វជិត មិន​ពេញ​ចិត្តនឹង​ការសម្របសម្រួល​នេះ​ទេ ។ ដូច្នេះ​ពួកគេ​បាននាំគ្នា​ទៅ​គាំទ្រ​ព្រះអង្គម្ចាស់ ម៉ា​ឃឺ​ល​ទី ១ (​ដែលជា​គូប្រជែង​របស់​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ) ថា​ជា​អ្នកមាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ស្នងរាជ្យ​នៅ ព័រទុយហ្កាល់ ហើយ​ថា ព្រះអង្គ ដោម ផេ​ដ្រូ បាន​បាត់បង់​សិទ្ធិ​ទទួល​ស្នងរាជ្យ​នៅ ព័រទុយហ្កាល់ ហើយ ។

​ដោយ​មានការ​បញ្ឆេះ និង គំនាប​ពី​ពួក​ផ្តាច់ការនិយម​ផង​នោះ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨២៨ ព្រះអង្គម្ចាស់ ម៉ា​យ​ឃឺ​ល ទី ១ បាន​ត្រឡប់​ទៅ ព័រទុយហ្កាល់ វិញ ហើយ​ត្រូវបាន​ពួក​អ្នកគាំទ្រ​របស់​ព្រះអង្គ​លើក​ឱ្យ​ឡើង​គ្រងរាជ្យ​ជា​ស្តេច ព័រទុយហ្កាល់ ។ មួយខែ​ក្រោយមក ស្តេច ម៉ា​យ​ឃឺ​ល ទី ១ បាន​រំលាយ​សភា ដែល​បង្កើតឡើង​ដោយ​ប្រព័ន្ធ ដែល​ត្រូវបាន​កែប្រែ​ដោយ​ព្រះអង្គ ដោម ផេ​ដ្រូ ទាំងអស់ ។​

​នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ដដែល​នោះ ពួកកងទ័ព នៅ​ព័រ​តូ ជាទី​បណ្តុំ នៃ ពួក​អ្នក​ជឿនលឿន​និយម បានប្រកាស​គាំទ្រ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ប្រឆាំងនឹង​ស្តេច ម៉ា​យ​ឃឺ​ល​ទី ១ ។ ចលនា​ឧទ្ទាម​ប្រឆាំងនឹង​ស្តេច ម៉ា​យ​ឃឺ​ល​ទី ១ ក៏​ចាប់ផ្តើម​កើតមាន​ពាសពេញ​នគរ ហើយ​ត្រូវបាន​ស្តេច ម៉ា​យ​ឃឺ​ល​ទី ១ បង្ក្រាប​ដោយ​គ្មាន​ប្រណី នាំឱ្យ​អ្នក​ជឿនលឿន ឬ ពួក​អ្នក​សេរីនិយម ខ្លះ​ត្រូវ​ចាប់ខ្លួន អ្នកខ្លះ​ភៀសខ្លួន​ទៅ អង់គ្លេស និង ទៅ អេ​ស្ប៉ា​ញ ។​

​នៅឯ​ប្រេ​ស៊ី​ល ឯណោះ​តាមរយៈ​កំណែទម្រង់​របស់​ព្រះអង្គ ដោម ផេ​ដ្រូ កន្លងទៅ បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​ព្រះអង្គ និង គហបតី នៅ​ប្រេ​ស៊ី​ល ប្រែជា​តានតឹង ។ នៅ​ខែ មេសា ឆ្នាំ ១៨៣១ ព្រះអង្គ ដោម ផេ​ដ្រូ បានដាក់​រាជ្យ​ពី ប្រេ​ស៊ី​ល ប្រគល់​ទៅ​បុត្រា​របស់​ព្រះអង្គ ផេ​ដ្រូ ទី ២ ហើយ​យាង​ចាក​ចេញទៅ​ចក្រភព​អង់គ្លេស ។ នៅ​ទីនោះ​ព្រះអង្គ​បាន​បង្កើត​ទ័ព និង បង្កើត​រដ្ឋាភិបាល​និរទេស​ជាមួយ​ពួក​អ្នក​សេរីនិយម ។

​បានសេចក្តីថា ការ​ប្រជែង​គ្នា​រវាង​ពួក​អ្នក​ធម្មនុញ្ញ ជឿនលឿន​និយម ដោយមាន​ព្រះអង្គ ដោម ផេ​ដ្រូ ជា​ប្រមុខ និង ពួក​ផ្តាច់ការនិយម​រាជា ដោយមាន​ព្រះអង្គ ម៉ា​យ​ឃឺ​ល​ទី ១ ជា​ប្រមុខ បាន​បញ្ឆេះ​ជា​សង្គ្រាមស៊ីវិល ឬ សង្គ្រាម ព័រ​ទុ​ហ្កា​ល់ ចាប់ពី​ឆ្នាំ ១៨២៨ ដល់​ឆ្នាំ ១៨៣៤ ទើប​បញ្ចប់​ដោយមាន​កិច្ចសម្របសម្រួល​សម្បទា​ន​ទៅវិញទៅមក ។ ប្រការនេះ​បានសេចក្តីថា ទាំង​ខាង​ពួក​អ្នក​ផ្តាច់ការ​រាជានិយម ទាំង​ខាង​ពួក​អ្នក​ជឿនលឿន​សេរីនិយម សុទ្ធតែ​នៅរស់ ដែល​តទៅ​ទំនាស់​របស់​ពួកគេ​នឹង​កើតមានឡើង​តទៅទៀត ។​

សករាជ​ថ្មី​
​ចាប់ពី​ឆ្នាំ ១៨៣៤ ព្រះ​នាង ម៉ា​រី​យ៉ា​ទី ២ គឺជា​បុត្រី​ច្បង នៃ ស្តេច ផេ​ដ្រូ ទី ៤ នៃ អាណ​ចក្រ ប្រេ​ស៊ី​ល បាន​ឡើង​សោយរាជ្យ​ជា​ព្រះ​អធិរាជិនី ចក្រភព ព័រទុយហ្កាល់ ។ ព្រះ​អធិរាជិនី បានតែងតាំង​លោក កូ​ស្តា កា​ប្រា​ល់ ជា​អភិបាលក្រុង លី​បោ​ន ។ លោក កូ​ស្តា កា​ប្រា​ល់ ដោយ​ទទួល​ការសព្វព្រះទ័យ​ពី អធិរាជិនី ក៏បាន​នាំមក​នូវ​ច្បាប់ រដ្ឋធម្មនុញ្ញ អភិរក្សនិយម អនុវត្ត​នៅក្នុង​ចក្រភព ព័រទុយហ្កាល់ ។ ជា​បន្តបន្ទាប់ អំណាច​របស់លោក កូ​ស្តា កា​ប្រា​ល់ បាន​ឡើង​ស្រឺ​តៗ ដែល​ចក្រភព ព័រទុយហ្កាល់ គឺជា​រជ្ជកាល​របស់គាត់ បើទោះជា​ផ្លូវការ​ត្រូវបាន​គេ​ហៅថា របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក៏ដោយ ។​

​ដោយសារ​គ្រោះ​ទុ​រ្ភឹ​ក្ស នាំឱ្យមាន​រដ្ឋប្រហារ​ទ​ម្លា​ក់ កូ​ស្តា កា​ប្រា​ល់ ម្តង​នៅ​ឆ្នាំ ១៨៤៦ ។ គាត់​បាន​ភៀសខ្លួន​ទៅ​ចក្រភព​អង់គ្លេស ។ ប៉ុន្តែ​បាន​វិល​មក​ក្តោប​អំណាច​ម្តងទៀត​នៅ​ឆ្នាំ ១៨៤៨ ។ ប៉ុន្តែ​ពេលនេះ លោក កូ​ស្តា កា​ប្រា​ល់ មិនសូវមាន​ឥទ្ធិពល​ទៀត​ទេ ហើយ​ទីបំផុត​ក៏មាន​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ១៨៥១ ទម្លាក់ និង បញ្ចប់​នូវ​រជ្ជកាល​របស់គាត់ ហើយ​ជំនួស​ដោយ​ឧ​ត្ត​ម​សេនីយ៍ ឌូ​គូ ដឺ សាល​ដាន់​ហា ខណៈដែល​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​កំពុង​ក្រក្សត់ ។ ចាប់ពីពេលនោះ​ទៅ ចក្រភព ព័រទុយហ្កាល់ បាន​ហៅថា សករាជ​ថ្មី ។​

​សាធារណរដ្ឋ​មានតែ​ឈ្មោះ​
​នៅ​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ១៨៨៩ របបរាជានិយម​នៅ ប្រេ​ស៊ី​ល ត្រូវបានធ្វើ​រដ្ឋប្រហារ​យោធា ហើយ​បង្កើតជា​រប​សាធារណរដ្ឋ ប្រេ​ស៊ី​ល ។ ពេលនោះ លុយកាក់​ដែល​បញ្ជូន​ពី​ប្រេ​ស៊ី​ល ទៅ​ព័រទុយហ្កាល់ បាន​ធ្លាក់ចុះ​ប្រមាណ​ជា ៨០ ភាគរយ បានធ្វើឱ្យ​កើត​វិបត្តិ ហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ​នៅ ព័រទុយហ្កាល់ ពី​ចន្លោះ​ឆ្នាំ ១៨៩០ និង ១៨៩១ ហើយ​បាន​រុញច្រាន​ស្ថានភាព​នៅ ព័រទុយហ្កាល់ ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ។​

​នៅ​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៨៩០ រដ្ឋាភិបាល​អង់គ្លេស បានដាក់​ឱ​សា​នុ​វាទ ទៅឱ្យ​រដ្ឋាភិបាល ព័រទុយហ្កាល់ ក្នុង​ទម្រង់​ជា​អនុស្សារណៈ ដោយ​ទាមទារ​ឱ្យ​កងទ័ព ព័រទុយហ្កាល់ ដក​ចេញពី​ទឹកដី​អាណានិគម​គឺ អង់​ហ្គោ​ឡា និង ម៉ូ​ហ្សាំ​ប៊ិក ( ដែល​បច្ចុប្បន្ន​គឺ​តំបន់​ប្រទេស ស៊ី​បា​វ៉េ និង ហ្សាំ​ប៊ី ) ដែល​ព័រទុយហ្កាល់ អះអាងថា​ជា​ទឹកដី​របស់ខ្លួន ។ ចំណែក​ព័រទុយហ្កាល់ ដែល​កំពុង​មានទំនាស់​ផ្ទៃក្នុង​ស្រាប់​ផង​នោះ ឱ​សា​នុ​វាទ នេះ គឺ​ដូចជា​យក​អុស​បន្ថែម​លើ​ភ្នក់ភ្លើង ។​

​នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៨៩០ រដ្ឋាភិបាល របស់​ពួក ជឿនលឿន បាន​ដួលរលំ ហើយ​មេដឹកនាំ​គណបក្ស Regenerador លោក អាន់​តូ​នី​ញ៉ូ ដឺ សឺ​ប៉ា ពី​មែន​តែ​ល ត្រូវបាន​ជ្រើសរើស​ឱ្យ​បង្កើត​រដ្ឋាភិបាល ថ្មី ។

​ពួក​អ្នក​ជឿនលឿន​និយម បានចាប់ផ្តើម​វាយប្រហារ​ទៅលើ​ព្រះរាជា ហើយ​បាន​បោះឆ្នោត​គាំទ្រ ពួក​អ្នក​សាធារណ​រដ្ឋនិយម នៅក្នុង​ការបោះឆ្នោត​នៅ​ខែ មីនា ឆ្នាំ​ដដែល​នោះ ដោយ​ចោទសួរ​អំពី​កិច្ចព្រមព្រៀង អាណានិគម បន្ទាប់មក​បាន​ចុះហត្ថលេខា​ជាមួយ ចក្រភព​អង់គ្លេស ។ ខណៈនោះ​និស្សិត​សកលវិទ្យា​ល័យ​ម្នាក់​ឈ្មោះ អាន់​តូ​នី​ញ៉ូ ចូ​សេ ដឺ អាល់​មេ​ដា បានចេញ​អត្ថបទ​មួយ​បង្ខូច​ព្រះមហាក្សត្រ ហើយក៏​ជាហេតុ​ដែល​គាត់​ត្រូវបាន​ចាប់​ដាក់គុក ។

​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ១៨៩០ សាកសព​របស់​អ្នករុករក​ម្នាក់​គឺ​លោក ស៊ី​ល​វ៉ា ព័រ​តូ ដែល​បានធ្វើ​អត្តឃាត ត្រូវបាន​រុំ​ដោយ​ទង់ជាតិ ព័រទុយហ្កាល់ នៅក្នុង​ទីក្រុង គី​តូ នៃ ប្រទេស អង់​ហ្គោ​ឡា បន្ទាប់ពី​ការចរចា​បរាជ័យ​ជាមួយ​មនុស្ស​នៅក្នុង​មូលដ្ឋាន ។ មរណភាព​របស់ បុរស​ដ៏​ល្បីល្បាញ​ម្នាក់នេះ​បាន​បង្កើតឱ្យមាន​ចលនា​ជាតិនិយម ហើយ​បុណ្យសព​របស់គាត់ មាន​ហ្វូងមនុស្ស​យ៉ាង​ច្រូ​ល​ចូលរួម​នៅក្នុង​ទីក្រុង ព័រ​ទូ ។ នៅ​ថ្ងៃទី ១១ ខែ ឆ្នាំ ដដែល​នោះ កំណាព្យ​រិះគន់​ស្តេច ត្រូវបាន​ចេញផ្សាយ​លក់​ពាសពេញ​សង្គម ។

​នៅ​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៨៩១ បដិវត្តន៍​កងទ័ព​ដែល​ភាគច្រើន​ជា​ពលបាលត្រី ប្រឆាំងនឹង​របបរាជានិយម ក៏បាន​កើតឡើង​នៅ​ទីក្រុង ព័រ​តូ ។ ពួក​ឧទ្ទាម​បាននាំគ្នា​ដើរ​ច្រៀង​បទ​ចម្រៀង​ជាតិ ។ ចំណែក​អ្នកសារព័ត៌មាន និង អ្នកនយោបាយ សាធារណរដ្ឋ លោក អា​ហ្គូ​ស្តូ មា​នូ​អែល អាល​វ៉េ​ស ដា វេ​ហ្កា បានប្រកាស បង្កើត​របប សាធារណរដ្ឋ នៅក្នុង​ប្រទេស ព័រទុយហ្កាល់ ។​

​ប៉ុន្តែ​ចលនា​នេះ​កើតឡើង​មិនទាន់បាន​ប៉ុន្មាន​ផង ក៏​ត្រូវបាន​បង្ក្រាប​ដោយ​ទាហាន​ដែលជា​អង្គរក្ស​សាលាក្រុង​ដែល​នៅមាន​ភក្តីភាព​ចំពោះ​រដ្ឋាភិបាល ហើយ​ជា​លទ្ធផល​គឺ​នាំឱ្យមាន​មនុស្ស​របួស ៤០ នាក់ និង ស្លាប់ ១២ នាក់ ។ ចំណែក​ពួក​អ្នកបះបោរ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក៏ត្រូវ​បាន​កាត់ទោស ។ មនុស្ស ២៥០ នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​និរទេស​ខ្លួន​ទៅ អាហ្វ្រិក ពី ១៨ ខែ ទៅ ១៥ ឆ្នាំ ។

​ការបោះ​បោរ បាន​បរាជ័យ​ក៏ពិតមែន ប៉ុន្តែ​ចលនា​ឧទ្ទាម ៣១ មករា ១៨៩១ គឺជា​ការគំរាមកំហែង​លើក​ទី ១ ចំពោះ​របបរាជានិយម និង ជា​និ​មិ្ម​តិ​សញ្ញា នូវ​អ្វីដែល​បានកើត​ឡើង​អស់​រយៈពេល​ជិត ២ ទសវត្សរ៍​ក្រោយមក ។​

បក្ស​សាធារណរដ្ឋ និង រាជ​ពិឃាត​
​ដោយ​ការមិន​ពេញចិត្ត​ចំពោះ​របបរាជានិយម ពួក​អ្នក​សាធារណ​រដ្ឋនិយម បាន​បង្កើត គណបក្ស​សាធារណរដ្ឋ ព័រទុយហ្កាល់ (PRP) នៅ​ឆ្នាំ ១៨៧៦ ក្នុង​គោលដៅ​ផ្តួលរំលំ​របបរាជានិយម​នៅ ព័រទុយហ្កាល់ ។ តាមពិតទៅ​ក៏មាន​ការប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម​តាមរយៈ​សំឡេង នៃ ការរួម​សាមគ្គី តាមរយៈ​ចលនា​ជាតិនិយម និង តាមរយៈ​ពួក​អ្នក​វណ្ណៈ​សង្គម​ដាច់ៗ​ដោយឡែក​ផងដែរ ។

​ចក្រភព​ព័រទុយហ្កាល់ បាន​ដើរ​លើ​វិថី​មួយ​ដែល​ហៅថា រដ្ឋាភិបាល​ផ្លាស់​វេន ដោយមាន​គណបក្ស ជឿនលឿន​និយម និង គណបក្ស អ្នក​ជំនាន់​ថ្មី ផ្លាស់ប្តូរ​គ្នា​កាន់អំណាច ។ រដ្ឋធម្មនុញ្ញ នៃ ប្រព័ន្ធ​នយោបាយ​នេះ ព្រះមហាក្សត្រ​មាន​តួនាទី​ជា​អាជ្ញាកណ្តាល ( ប៉ុន្តែ​មិន​កាន់អំណាច​ដោយផ្ទាល់​ឡើយ ប៉ុន្តែ​មាន​សិទ្ធិ​រំលាយ​រដ្ឋសភា ) ។ ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី គឺ​នាយករដ្ឋមន្ត្រី ពេលនោះ​គឺ​លោក ច​ន ហ្វ្រ​ង់​កូ មកពី​គណបក្ស អ្នក​ជំនាន់​ថ្មី ។​

​លោក ច​ន ហ្វ្រ​ង់​កូ បាន​បញ្ចុះបញ្ចូល​ព្រះមហាក្សត្រ គឺ​ព្រះបាទ កា​ឡូ​ស​ទី ១ រំលាយចោល​នូវ​រដ្ឋសភា​ដោយ​ជោគជ័យ ។ ចាប់ពីពេលនោះ អំណាច ឬ ចង្កូត នយោបាយ នៃ ប្រទេស​ព័រទុយហ្កាល់ ត្រូវបាន​ក្តោប​ក្តាប់​តាម​អំពើ​ចិត្ត​របស់លោក ច​ន ហ្វ្រ​ង់​កូ ។​

​ការសម្រេចចិត្ត​បែបនេះ ញ៉ាំងឱ្យ​ពួក​សាធារណ​រដ្ឋនិយម អាក់អន់ចិត្ត​យ៉ាងខ្លាំង សូម្បីតែ​ពួក​អ្នករាជានិយម ក៏​ឃ្នើសចិត្ត​ខ្លាំង​ណាស់ដែរ ហើយ​បាននាំគ្នា​រិះគន់​លោក ច​ន ហ្វ្រ​ង់​កូ ថា​ជា​ជន​ផ្តាច់ការ ។ ដោយ​ភាព​ទោមនស្ស​នេះ​ឡើងដល់​កម្រិត​ខ្ពស់ នៅ​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ១៩០៨ ស្តេច ខា​ឡូ​ស ទី ១ និង រាជទាយាទ គឺ​ព្រះអង្គម្ចាស់ ល្វី​ស ហ្វី​លី​ប ត្រូវបានធ្វើ​គត់​នៅពេលដែល​ព្រះអង្គ​ទាំង​ទ្វេ​កំពុង​យាង​ត្រឡប់​ពី​ការ​បរបាញ់ ។
​ ​
​បន្ទាប់ពី​រាជ​ឃាត​នោះ​ទៅ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ច​ន ហ្វ្រ​ង់​កូ ត្រូវបាន​បណ្តេញចេញ អំណាច​របស់ នាយករដ្ឋមន្ត្រី ច​ន ហ្វ្រ​ង់​កូ ក៏ត្រូវ​បានបញ្ចប់ ហើយ​ការស៊ើបអង្កេត​ដ៏​តឹងរឹង​មួយ​ត្រូវបាន​ធ្វើឡើង ( ពីរ ឆ្នាំ​ក្រោយមក ត្រូវបាន​រកឃើញថា រាជ​ឃាត​នេះ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​សមាជិក​អង្គការ​បដិវត្តន៍​សម្ងាត់ Carbonária ដោយ​ការស៊ើបអង្កេត​នោះ ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩១០ ) ។

​ដើម្បី​រូតរះ​រម្ងាប់​នូវ​ភាពចលាចល​ដោយសារ​រាជ​ឃាត​នេះ ព្រះអង្គម្ចាស់ ដោម ម៉ា​នូ​អែល ទី ២ ដែល​ទើប​តែមាន​ព្រះជន្ម ១៨ វស្សា ត្រូវបាន​លើកឡើង​សោយរាជ ក៏​ដើម្បី បញ្ចប់​នូវ​គណបក្ស​រាជានិយម​នានា​ដែល​កំពុង​វាយប្រហារ​គ្នា​ទៅវិញទៅមក​ផងដែរ ។​
​ ​
​យុវ​រាជ្យ​អង្គ​នេះ​ទទួលបាន​ការស្រឡាញ់​ពី​សាធារណរ​ជន​ច្រើន ។ ប៉ុន្តែ​ត្រូវបាន​មើលឃើញថា ព្រះអង្គ​គឺជា​ក្សត្រ​ដ៏​ក្រៀមក្រំ ដោយសារ​អំណាច ត្រូវបាន​ក្តោប​ក្តាប់​ដោយ​ឧ​ត្ត​មនា​វី​ឯក ហ្វ្រ​ង់​ស៊ី​ស្កូ ជែ​គីម ហ្វឺ​រ៉េ​រ៉ា ដូ អា​ម៉ា​រ៉ា​ល់ ។ សង្គមជាតិ​ទទួលបាន​ភាព​សាន្តត្រាណ​មួយរយៈ​ពេល​ខ្លី ហើយ ស្ថានភាព​នយោបាយ​ក៏​អាប់អួរ​ឡើងវិញ​ទៀត ហើយ​រដ្ឋាភិបាល​ត្រូវបាន​ផ្លាស់ប្តូរ​ដល់​ទៅ ៧ ក្នុង​រយៈពេល​ត្រឹមតែ ២ ឆ្នាំ​ប៉ុណ្ណោះ ។
​ ​
​ប្រឆាំង​គ្នា​ទៅវិញទៅមក នៃគណបក្ស​រាជានិយម​ទាំងឡាយ បាន​កម្រើក​ឡើង ហើយ​បែកបាក់​ជា​ក្រុម​តូចៗ ខណៈ​គណបក្ស​សាធារណរដ្ឋ រីកចម្រើន​ទទួលបាន​ប្រជាប្រិយភាព​ឥតឈប់ឈរ ។ នៅក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩០៨ ជាការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​នីតិបញ្ញត្តិ​ចុងក្រោយ នៃ របបរាជានិយម​នៅ ព័រទុយហ្កាល់ សមាជិក​របស់ គណបក្ស​នេះ ឈ្នះ​បាន ៧ អាសនៈ ។ បោះឆ្នោត ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩១០ គណបក្ស​នេះ​ឈ្នះ​បាន ១៤ សំលេង​ក្នុង​សភា និង ១០ អាសនៈ​ទៀត​នៅក្នុង​សលា​ក្រុង លី​ស​បោ​ន ។

​បើទោះបី​ជាមាន​ទំនុកចិត្ត​ថា​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ក្តី ក៏​ចលនា សាធារណ​រដ្ឋនិយម នៅក្នុង​ផ្នែក​បដិវត្តន៍​ច្រើន​បំផុត​របស់​គណបក្ស បានទាមទារ​ឱ្យ​តស៊ូ​ដោយ​ប្រដាប់អាវុធ ថា​ជា​មធ្យោបាយ​ល្អ​បំផុត ដើម្បី​ដណ្តើម​អំណាច​ឱ្យបាន​ក្នុង​រយៈពេល​ខ្លី ។ គឺ​ក្រុម​នេះឯង​ហើយ​ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​សមាជ​គណបក្ស​ពីថ្ងៃ​ទី ២៣ ដល់​ថ្ងៃទី ២៥ ខែ មេសា ឆ្នា ១៩០៩ ។​
​ ​
​ចាប់ពីពេលនោះ​មក ស្ថានភាព​អស្ថេរភាព​នយោបាយ និង ភាព​រង្គោះរង្គើ​ក្នុងសង្គម ចាប់ផ្តើម​កម្រើក​បន្តទៀត​ដែលជា​សញ្ញា ឬ ជាការ​គំរាមកំហែង​ពី​សំណាក់​កង​នា​វី ដឹកនាំ​ដោយ​លោក ម៉ា​ចា​ដូ សាន់​តូ​ស ត្រៀមខ្លួន​ធ្វើ​សកម្មភាព​គ្រប់ពេលវេលា​ក្នុង​ការធ្វើ​បដិវត្តន៍ ។

​ដបិដ​វត្ត ៥ តុលា​-​ប្រកា​សា​សាធារណរដ្ឋ​
​នៅ​ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩១០ ការ​ងើប​បះបោរ នៃ ពួក​សាធារណ​រដ្ឋនិយម បានឱ្យ​ប្រផ្នូល​តាមរយៈ​ការកើតឡើង​នូវ​ភាព​ឥត​សណ្តាប់ធ្នាប់​ផ្នែក​នយោបាយ ។ តាមពិតទៅ​មាន​ពួក​សាធារណរដ្ឋ ជាច្រើន​បាន​បដិសេធ​ការចូលរួម​ក្នុង​ការធ្វើ​បដិវត្តន៍ ដែល​បានសេចក្តីថា ប្រសិនបើ​ធ្វើ​បដិវត្តន៍​នោះ ពួកគេ​នឹងមិន​បាន​ជោគជ័យ​ឡើយ ។

នៅក្នុង​រដូវក្តៅ​នា​ឆ្នាំ ១៩១០ រដ្ឋាភិបាល​របស់លោក​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ( នាយករដ្ឋមន្ត្រី ) ថេ​សេ​រ៉ា ដឺ សួ​សា ពោរពេញ​ទៅដោយ​ការព្រមាន​អំពី​រដ្ឋប្រហារ ។ ដោយ​ការសង្ស័យ នៅ​ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩១០ រដ្ឋាភិបាល បានចេញ​បញ្ជា​ទៅ​កងទ័ព​ទាំងអស់ ឱ្យ​ការពារ​ទីក្រុង​នានា ឱ្យបាន​មាំមួន ។​
​ ​
​នៅ​ថ្ងៃទី ៣ ខែ តុលា ឆ្នាំ នោះ លោក​វេជ្ជបណ្ឌិត ម៉ា​ឃឺ​ល បុ​ម​បា​ដា ដែលជា​អ្នកនយោបាយ​ម្នាក់ ត្រូវបាន​អ្នកជំងឺ​ម្នាក់​បាញ់សម្លាប់ ។ នៅ​យប់នោះ ពួក​អ្នក​សាធារណរដ្ឋ​និយម​បាន​ជួបជុំគ្នា​ជាបន្ទាន់ ក្នុង​គោលបំណង​ធ្វើ​បដិវត្តន៍ ។ មន្ត្រី​ខ្លះ​បាន​ជំទាស់ ដោយសារ​ឃើញ​មាន​ទាហាន​ច្រើនពេក ។ ប៉ុន្តែ​លោក​ឧ​ត្ត​មនា​វី​ឯក ខាន់​ឌី​ដូ ដូ​ស រ៉េ​ស បាន​ទទូច​ឱ្យមាន​បដិវត្តន៍ ហើយ​គាត់​បាន​ស្រែក​ឡើង​ថា ” បដិវត្តន៍​មិនអាច​ពន្យារពេល​បានទេ ! អ្នកណា​ចង់ សូម​មក​តាម​ខ្ញុំ ! ប្រសិនបើ​គ្មាន​អ្នកណា​ធ្វើ​កិច្ចការ​នេះ​ទេ គឺ​ខ្ញុំ​នឹងធ្វើ​វា​តែម្នាក់ឯង ! ” ។​
​ ​
​បន្ទាប់មក គាត់​បាន​ទៅ​ជួប​កងទ័ព ប៉ុន្តែ​មេបញ្ជាការ​ម្នាក់ និង ប្រធាន​ក្រុម​ម្នាក់​បាន​បដិសេធ ក៏​ត្រូវគេ​សម្លាប់ ។ ទីបំផុត​គាត់​ប្រមូលបាន​កងទ័ព​ប្រមាណ​ជា ៤០០ ទៅ ៥០០ នាក់​ប៉ុណ្ណោះ​ក្រោម​ការដឹកនាំ​របស់លោក​កាប់​ពី​ទែន អា​ហ្វុ​ង​សូ ផល្លា និង កាប់​ពី​ទែន សា ខា​ដូ​សូ មួយអន្លើ​ដោយ​ជន​ស៊ីវិល​ប្រមាណ​ជា ២០០ នាក់​ទៀត ។​ពួកគេ​នាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅ​ទីលាន Rotunda ។
​ក្រោយមក​ក៏​ប្រមូលបាន​កងទ័ព​ស្ម័គ្រ​បក្ស​ខ្លះទៀត ដោយ​រួមទាំង​ផ្នែក​ខ្លះ នៃ កងពលធំ កាំភ្លើង​ធំ ទី ១ ទី ១៦ និង កប៉ាល់ចម្បាំង​ចំនួន ៣ ផង ដែល​មើលទៅ​អាច​និយាយបានថា មាន​អ្នកចូលរួម​ច្រើន​សមល្មម​នឹងធ្វើ​ការ ។ ទោះយ៉ាងណា ផែនការ​សម្ងាត់ នៃ បដិវត្តន៍ នៅតែ​មិនទាន់​ត្រូវបាន​សម្រេច​នៅឡើយ ហើយ​អ្នកដឹកនាំ​សំខាន់ៗ ក៏​មិនទាន់​បង្ហាញមុខ​នៅឡើយ​ដែរ ។​

​ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​អ្វីៗ​មិន​ដំណើរការ​តាម​ការគ្រោងទុក ហើយ លោក ឧ​ត្ត​មនា​វី​ឯក ខាន់​ឌី​ដូ ដូ​ស រ៉េ​ស បាន​ត្រូវគេ​ជូនដំណឹង​ថា អ្វីៗ​គ្រប់យ៉ាង​បាន​បរាជ័យ​ហើយ ទើប​គាត់​សម្រេចចិត្ត​សម្រាក​នៅផ្ទះ​ប្អូនស្រី​របស់គាត់ ។ ព្រឹកស្អែក​ឡើង សាកសព​របស់គាត់​ត្រូវបាន​គេ​ប្រទះឃើញ គឺ​គាត់​បាន​ធ្វើឃាត​ដោយ​បាញ់​ក្បាល​ខ្លួនឯង ។

​ចំណែក​នៅ​ទីលាន Rotunda ឯណោះ ភាពស្ងប់ស្ងាត់​បានកើត​ឡើង ដែល​មើលទៅ​អាចឱ្យ​ពួក​មន្ត្រី​មើលឃើញថា ពួក​ឧទ្ទាម​បាន​ពេញចិត្ត​បោះបង់​គោលបំណង​របស់​ខ្លួន ។​ប្រធាន​ក្រុម ២ នាក់ នៃ ពួក​អ្នក​ចង់​ធ្វើ​បដិវត្តន៍​បាន​សម្រាក​នៅផ្ទះ​យ៉ាង​ស្រួល ប៉ុន្តែ​លោក ម៉ា​ចា​ដូ សាន់​តូ​ស នៅតែ​បន្ត​បញ្ជា​កងទ័ព​របស់គាត់​ទៀត ដែល​អាចជា​សញ្ញា​ដែលថា ក្នុង​ផ្លូវចិត្ត គឺអាច​ជោគជ័យ​សម្រាប់​បដិវត្ត​ន៍ ។ ចំណែក​ពួក​អ្នករាជានិយម​ខ្លះ ក៏មាន​ទំនោរ​ទៅរក​ពួក​អ្នក​សារ​ធារ​ណ​រដ្ឋនិយម​ដែរ ។

​នៅ​ពេញ ១ ថ្ងៃទី ៤ ខែ តុលា ឆ្នាំ នោះ ជា​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​ពាក្យ​ច​ចាម​អារាម​ផ្សេងៗ មួយអន្លើ​ដោយ​ការប៉ះទង្គិច​គ្នា​តិចតួច​រវាង​កងទ័ព​គាំទ្រ​ពួក​អ្នក​សាធារណ​រដ្ឋនិយម និង ពួក​អ្នកគាំទ្រ​រដ្ឋាភិបាល ។

​ទីបំផុត​នៅវេលា​ម៉ោង ៩ ព្រឹក នៃ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩១១ របប​សាធារណរដ្ឋ ត្រូវបាន​ប្រកាស​បង្កើត និង ដាក់ឱ្យ​ដំណើរការ​នៅលើ​ទឹកដី​ព័រទុយហ្កាល់ ជំនួស​របប​រាជា​អិ​ប​តេ​យ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក ចូ​សេ រ៉េ​ល​វ៉ាស ដែលជា​មេដឹកនាំ​ដ៏​សំខាន់​ម្នាក់ នៃ គណបក្ស​សាធារណរដ្ឋ ។ រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ត្រូវបាន​បង្កើតឡើង ក្រោម​ការគ្រប់គ្រង​រប​ស់​សមាជិក​គណ​ប្ស​សាធារណរដ្ឋ ព័រទុយហ្កាល់ ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ព័រ​ទុ​ហ្កា​ល់ ប្រារព្ធ ទិវា សាធារណរដ្ឋ របស់​ពួកគេ ដើម្បី រំលឹក​ដល់​ថ្ងៃ​នេះឯង ។​

​អ្នកទោស​ជាច្រើន​ដែល​ត្រូវបាន​កាត់​ឱ្យ​ជាប់ទោស​ពីបទ​ប្រឆាំងនឹង​របបរាជានិយម ត្រូវបាន​ដោះលែង ហើយ​ក៏មាន​កំណែទម្រង់​មួយចំនួន​ដែល​នាំមក​នូវ​គុណប្រយោជន៍​ជាច្រើន​ដល់​សង្គម ព័រទុយហ្កាល់ ។ ប៉ុន្តែ​កំណែទម្រង់​ទាំងនោះ បានធ្វើឱ្យ​ពួក​បព្វជិត​មិនសូវ​សប្បាយចិត្ត​ទេ​ព្រោះ​ប៉ះពាល់​ដល់​អំណាច​របស់​ពួកគេ ។​
​ ​
​នៅ​ថ្ងៃទី ២៨ ឧសភា ឆ្នាំ ១៩១១ ការបោះឆ្នោត​សភា ធម្មនុញ្ញ បាន​ត្រូវធ្វើឡើង ហើយ​អំណាច​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​ត្រូវបាន​ប្រគល់​ទៅឱ្យ​សភាព​នេះ​នៅ​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ១៩១១ ដដែល​នោះ ។​

​ពី​ខែ​ក្រោយមក ស្របពេល​នឹង​ការអនុម័ត នូវ​ច្បាប់​នយោបាយ នៃ សាធារណរដ្ឋ ព័រទុយហ្កាល់ និង ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សាធារណរដ្ឋ ព័រ​ទ​យុ​ហ្កា​ល់ មក នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ដដែល​នោះ រដ្ឋាភិបាលបណ្តោះអាសន្ន​បាង​ប្រកាស​លាលែង ហើយក៏​បានបញ្ចប់​រដ្ឋា​ភិ​បាល​នេះ​បន្ទាប់ពី​បានប្រសូត​ឡើង​រយៈពេល ១០ ខែ ហើយ រដ្ឋាភិបាល​ពេញ​ច្បាប់ ជា​រដ្ឋាភិបាល​លើក​ទី ១ នៃ សាធារណរដ្ឋ​ព័រទុយហ្កាល់ ក៏បាន​ចាប់ផ្តើម​ពី​ពេល​នោះឯង​ដែរ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា

​ទីក្រុង លី​ស​បោ​ន នៃ សាធារណរដ្ឋ ព័រទុយហ្កាល់
លោក ចូ​សេ រ៉េ​ល​វ៉ាស (​កណ្តាល​) ប្រកាស​បង្កើត​របប​សាធារណរដ្ឋ នៅ​ព័រទុយហ្កាល់ កាលពី​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩១០

ទីតាំងផ្សាយពាណិជ្ជកម្ម